កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះវីដេអូ ចាស់របស់អ្នកស្រី សូ សាវឿន ដើម្បីបង្ហាញថា មិនមែនមានតែអ្នកនាង ទេ ដែលបានឈឺចាប់នឹងការបាត់ឈ្មោះពីស្នាដៃ។ ប៉ុន្តែ នៅក្នុងវីដេអូនោះ គេមិនដឹងថា អ្នកស្រី សូ សាវឿន ប្រតិកម្មទៅនឹងតារាចម្រៀងរូបណាឡើយ។
ទោះយ៉ាងណា, វីដេអូក្នុងកិច្ចសម្ភាសន៍អ្នកស្រី សូ សាវឿន ដដែលនេះ ត្រូវបានគេយកទៅបង្ហោះក្នុងបណ្ដាញសង្គមទីកតុក ទើបដឹងថា អ្នកស្រី សូ សារឿន បាននិយាយសំដៅលើ តារាចម្រៀង ដួង វីរៈសិទ្ធ យកបទ «ស្ទឹងសែនបារី» របស់អ្នកស្រី ទៅច្រៀង ហើយដាក់ថាជាបទថ្មីរបស់ខ្លួនឯងទៀតផង។
ជាការឆ្លើយតបនៅពេលនោះ ដួង វីរៈសិទ្ធ បានចូលទៅខំមិនក្រោមវីដេអូ ដែលអ្នកនាង ម៉េង កែវពេជ្ជតា បង្ហោះ ដោយបញ្ជាក់ដូច្នេះថា «នេះជាការយល់ច្រឡំមកលើរូបខ្ញុំ! ជា ដំបូង ខ្ញុំបាទ ដួង វីរៈសិទ្ធ សូមជម្រាបសួរលោកយាយ លោកតា អ៊ំប្រុស អ៊ំស្រី ពូ មីង
បងប្អូនជនរួមជាតិខ្មែរទាំងអស់ជាទីគោរពរាប់អាន!
ជាពិសេសសូមគោរព ជម្រាបសួរ រៀមច្បងអ្នកគ្រូ សូ សាវឿន អ្នកបង ម៉េង កែវពេជ្ជតានិងបងប្រុស សេង តារា ពីចម្ងាយផង! នេះជាវីដេអូដើមដំបូងដែលបងប្អូនខ្មែរបានទស្សនាបទ(ស្ទឹងសែនប៉ារីស) ដែលជាបទមរតកដើមរបស់អ្នកគ្រូ សូសាវឿនដែលខ្ញុំបាទបានលើកមកច្រៀង cover ឡើងវិញ ហើយច្រៀងដោយក្តីស្រឡាញ់ នៅឆ្នាំ ២០១៧ ….ដោយមានដាក់ ឈ្មោះម្ចាស់ដើមត្រឹមត្រូវ
រាល់បទចម្រៀងខ្ញុំបាទច្រៀង មិនដែលរំលងម្ចាស់ដើមទេ សូម្បីតែ កាល ខ្ញុំប្រឡងក្នុង កម្មវីធីពិភពលោក ខ្ញុំស្រឡាញ់បទ ស្រឡាញ់បងមិនស្តាយក្រោយ ក៏ខ្ញុំបាននិយាយដល់បងជាម្ចាស់បទ និងលើកសរសេីរបងអស់ពីចិត្ត ក្នុងនាមខ្ញុំ ជាអ្នកនិពន្ធបទភ្លេង សម្រួលតន្ត្រី និងជាតន្ត្រីករ ម្នាក់ក្នុង បច្ចុប្បន្ន ខ្ញុំពិតជាឲ្យតម្លៃណាស់សម្រាប់ស្នាដៃមរតកចម្រៀងដើម…ដោយក្តីគោរពពី ខ្ញុំបាទ ដួងវីរៈសិទ្ធ»។
ដោយឃើញបែបនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានតបថា «សួស្តីសិស្សប្អូនជាទីនឹករលឹក បងទើបបានឃើញខមិនរបស់ប្អូន ហើយក៏ទើដឹងថាជារឿងរបស់ប្អូនតាមដែលប្អូនប្រាប់ដែរ ព្រោះបទនេះមានគេខូវើច្រើន ទើបបងមិនចាប់អារម្មណ៍ថា អ្នកមីងនិយាយសំដៅលើនរណា។
វីដេអូនេះគេផ្ញើអោយបងទេ ដោយសារតែប៉ុន្មានថ្ងៃនៃការចេញមុខតស៊ូមតិរបស់បង ពួកគាត់បានមើលឃើញក្រុមឆ្លៀតឱកាសព្រួតគ្នាបំភ្លៃការពិត បង្កាច់បង្ខូច និងលាបពណ៌យ៉ាងសាហាវមកលើបង ថាបងចិត្តចង្អៀត អាក្រក់ មិនព្រមមើលគំរូតារារៀមច្បង ដែលគាត់មិនដែលតវ៉ារឿងអ្វី ..ពួកគេធ្វើនេះក្នុងបំណងបំផ្លាញប្រជាប្រិយភាពបង បំផ្លាញទឹកចិត្តអ្នកសិល្បៈដែលខំធ្វើដើម្បីសិល្បៈ និងបង្អាក់ការតស៊ូមតិនេះកុំអោយបានដល់គោលដៅ។
ព្រោះតែមើឃើញគំនិតខ្មៅងងឹតនោះហើយទើបពួកគាត់ផ្ញើវីដេអូនេះអោយបងដើម្បីអោយបងប្រាប់ទៅបងប្អូនមហាជន ពិសេសក្រុមពាល ដែលលាបពណ៌បងនោះអោយបានដឹងថា មិនមែនមានតែបងទេ ដែលបានឈឺចាប់នឹងការបាត់ឈ្មោះពីស្នាដៃ គឺមានតារារៀមច្បងជាច្រើននាក់ណាស់ ជាក់ស្តែងអ្នកមីង សូ សាវឿនជាដើម។
ប្អូនសម្លាញ់ បងដឹងថាប្អូនជាមនុស្សទទួលខុសត្រូវណាស់ សូម្បីតែច្រៀងបទចម្រៀងរបស់បងក្នុងការផ្សាយផ្ទាល់ ក៏ប្អូនបានជម្រាបទស្សនិកជនថា នេះជាបទបងដែរ ប្អូនមានក្រមសីលធម៌ល្អ។ សូមប្អូនកុំបារម្ភ បងមិនបានគិតអាក្រក់លើប្អូនទេ ។ ដោយក្តីស្រលាញ់រាប់អានដោយស្មោះ ពីបង ពេជ្ជតា»។
ចំពោះតារាចម្រៀង ដួង វីរៈសិទ្ធ មិនត្រឹមតែបកស្រាយនៅក្រោមការបង្ហោះរបស់អ្នកនាងម៉ែង កែវពេជ្ជតាទេ ដោយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ក៏បានបកស្រាយរួចហើយដែរ។
បង្ហោះភ្ជាប់ជាមួយវីដេអូដើមរបស់ខ្លួន ដួង វីរៈសិទ្ធ បានបកស្រាយថា «(រឿងយល់ច្រឡំ)ខ្ញុំជឿជាក់ថា បងប្អូនអ៊ុំពូមីងលោកតាលោកយាយនៅចាំវីដេអូចម្រៀងនេះ ជាវីដេអូដើមដំបូង ដែលខ្ញុំច្រៀងកម្សាន្តនៅក្នុង studio តូចមួយ នៅផ្ទះ ឆ្នាំ២០១៧ ហើយច្រៀងដោយក្តីស្រឡាញ់និងច្រៀងតាមសំណូមពររបស់ពុកម៉ែបងប្អូន
តែក៏មានការគាំទ្រច្រើនពីពុកម៉ែបងប្អូនដោយមិនបានរំពឹងទុក ហើយខ្ញុំបានដាក់ ឈ្មោះម្ចាស់សំនៀង ដើម ច្បាស់លាស់ណាស់ តែដោយមានគេយកទៅផុសបន្តបំភ្លៃថាខ្ញុំ ជាអ្នក និពន្ធ និងជាម្ចាស់បទទៅវិញ នាំអោយបងប្អូនមួយចំនួនតូចមានការយល់ច្រឡំ ហើយរហូតដល់ ម្ចាស់បទដើម អ្នកគ្រូ សូ សាវឿន ក៏មានការយល់ច្រឡំដែរ… នេះជាវីដេអូដើមសូមបងប្អូនទស្សនា …..ដោយក្តីគោរពពីខ្ញុំបាទ ដួង វីរៈសិទ្ធ ….សូមអរគុណ»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖