លោក ព្រាប សុវត្ថិ បច្ចុប្បន្ន ជាតារាចម្រៀងប្រចាំក្នុងផលិតកម្មGalaxy Navatra ដែលបានក្លាយជាអ្នកចម្រៀងបុរសលំដាប់លេខមួយប្រចាំប្រទេសអស់រយៈពេលជិត៣ទសវត្សមកហើយ ដោយមិនទាន់មានតារាប្រុសរូបណា អាចបំបែកកំណត់ត្រានេះ បាននៅឡើយទេ។
លោក ព្រាប សុវត្ថិ បានចាប់ផ្ដើមសកម្មក្នុងការច្រៀងចម្រៀងតាមរាំងសាល និង បៀរហ្គាឌិន ក្នុងអំឡុងឆ្នាំ១៩៩៤ ក្រោយមកបានក្លាយជាអ្នកចម្រៀងដៃគូជាមួយ អ្នកនាង ទូច ស៊ុននិច ក្នុងឆ្នាំ (១៩៩៥-១៩៩៦) ក្នុងបទ (អូនមិនមែនសង្សារ) ដែលបានច្រៀងរួមគ្នា ក្នុងតន្ត្រីទេសចរណ៍ Tour Concert ដែលផ្សាយដោយទូរទស្សន៍ជាច្រើនដូចជា ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ជាដើម ហើយនេះក៏ជាការចាប់ផ្ដើមនៃការប្រឡូកទៅក្នុងវិថីសិល្បៈ របស់លោកផងដែរ។
ក្រោយមកលោក បានចូលទៅក្នុងផលិតកម្មរស្មីហង្សមាស (Reaksmey Hangmeas Production) ក្នុងឆ្នាំ១៩៩៧ ដោយបានចេញ អាលប៊ុមទោលទី១ គឺបទ«ខ្សែជីវិត» និងបទឆ្លងឆ្លើយល្បីរបស់លោក ជាមួយអ្នកស្រី ហ៊ឹម ស៊ីវន គឺបទ «ហែកបេះដូង»។
លោក សុវត្ថិ ធ្លាប់បាននិយាយប្រាប់ពីជីវិតអ្នកចម្រៀងរបស់លោកកើតឡើង ដោយសារភាពក្រីក្រ ជាមូលដ្ឋាន ជំរុញឲ្យគេបង្ខំចិត្តបោះបង់ការសិក្សានៅមហាវិរាល័យសេដ្ឋកិច្ចចោលទាំងកណ្ដាលទី រួចក៏ងាកមកចាប់អាជីពចម្រៀង ដោយផ្ដើមឡើងពីអ្នកចម្រៀងនៅក្នុងតន្ត្រីយោធាភិរម្យ។
បទចម្រៀងសដំបូង ដែលជួយស្ទួយកេរ្តិ៍ឈ្មោះរបស់លោកព្រាប សុវត្ថិ ឲ្យស្ទុះឡើង រហូតគ្រប់គ្នាស្គាល់លោកមកដល់សព្វថ្ងៃនេះ គឺបទ «អូនជាបេះដូងបង» ហើយកំពូលតារាចម្រៀងរូបនេះ ក៏ធ្លាប់បញ្ជាក់ក្នុងកម្មវិធីប្រគំតន្ត្រីមួយផងដែរថា
«បទ «អូនជាបេះដូងបង»នេះ ជាបទដំបូងរបស់ខ្ញុំបាទ សម្រាប់ជីវិតរបស់ខ្ញុំ ហើយបទនេះ មានការគាំទ្រច្រើន ពីបងប្អូន ពូមីង អ៊ំប្រុស អ៊ំស្រីទាំងអស់ដែរ ហើយដែលខ្ញុំមានថ្ងៃនេះ ក៏ដោយសារតែអ៊ំប្រុស អ៊ំស្រី បងប្រុស បងស្រី ក៏ដូចជាប្អូនៗដែរ…»។
ក្រឡេកមកមើល បច្ចុប្បន្ន បើទោះលោកព្រាប សុវត្ថិ មានវ័យជ្រេក៏ពិតមែន តែប្រជាប្រិយភាព និង រូបសម្បត្តិ មិនថមថយទៅតាមអាយុនោះឡើយ ហើយទឹកដបសំឡេងរបស់លោក ក៏នៅតែត្រូវបានអ្នកគាំទ្រលើកសរសើរមិនដាច់ពីមាត់ដដែល។
ជាក់ស្ដែង កាលពីថ្ងៃ២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ លោកព្រាប សុវត្ថិ បានបញ្ចេញបទចម្រៀង១បទមានចំណងជើងថា «ស្រឡាញ់ធម្មតាតែឈឺធ្ងន់ធ្ងរ » ហើយគ្រាន់តែស្ដាប់ចប់ភ្លាម អ្នកគាំទ្រលើកសរសើរព្រោងព្រាតតែម្ដង។
ពួកគេ បានលើកសរសើរដូច្នេះថា «ច្រៀងជិត៣០ឆ្នាំហើយនៅតែសង្ហារ Idol, នៅតែជាកំពូលសំឡេងដដែល សំឡេងដែលស្តាប់មិនចេះនឿយណាយ , អត់យល់ ម៉េចក៏លោកពូនៅច្រៀងពីរោះដដែល ស្ដាប់តាំងពីអាយុ១៣ដល់អាយុ៣០ហើយ ក៏នៅតែពីរោះ, សំឡេងបងសុវត្ថិនៅតែពិបាករកគូរប្រជែងណាស់,
សំឡេងពីរោះសាហាវខ្លាំងឡើងព្រឺសម្បុររញ្ជួយកក្រើកឋានទាំងបី, សំឡេងពូ សុវត្ថនៅតែអេម ស្តាប់តាំងពីតូច មកនៅតែពីរោះ, មិនពីរោះ មិនយកលុយទេ ពីរោះខ្លាំងណាស់, ពីរោះណាស់Idol.ខ្ញុំស្តាប់20ដងហើយកាន់តែស្តាបកាន់តែពីរោះ, ខ្ញីកាន់តែចាស់ កាន់តែហឹរ ពីរោះណាស់អេដមីន, និយាយត្រង់ បងព្រាបសុវត្ថ ទុកសក់វែងសមណាស់មើលមិនចេះចាស់, បទបែបនេះសម្រាប់ខ្ញុំស្ដាប់ប៉ុន្មានដងក៏មិនចេះធុញដែរ»៕