ភ្នំពេញ ៖ បន្ទាប់ពីបានខកចិត្តរឿងទិញឡានស៊េរីទំនើប លក់ទៅវិញខាតដើមខ្ទង់២ម៉ឺនដុល្លារកាលប៉ុន្មានថ្ងៃមុន ពេលនេះតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហាញរថយន្ដស៊េរីទំនើបខ្មៅរលោងមួយគ្រឿងនៅលើបណ្ដាញសង្គម ។
រូបថតមួយប៉ុស្ដ៍ឈរនៅខាងមុខរថយន្ដខ្មៅក្រិប កាច់រាងក្រោមពន្លឺថ្ងៃអមដោយសំណេរខ្លីក្នុងន័យបញ្ឆិតបញ្ឆៀងថា «មេឃស្អាត»នោះ ខាត់ សុឃីម បានធ្វើឱ្យមហាជនអ្នកគាំទ្រដាក់ការសង្ស័យថា ទំនងជាតារាស្រីរូបនេះបានទិញរថយន្ដស៊េរីទំនើបម្ដងទៀត ដើម្បីលួងចិត្តខ្លួនឯង និងស្វាមី ដែលផុងខ្លួនកាលពីថ្ងៃមុន? ។
ជុំវិញមន្ទិលសង្ស័យនេះ អ្នកនាង ខាត់ សុឃីម បានថ្លែងប្រាប់តារាញូស៍ថា អ្នកនាងពិតជាបានទិញរថយន្ដទំនើបតម្លៃខ្ទង់សែនដុល្លារពិតមែន ដែលនេះអ្នកនាងចាត់ទុកថា ជាអំណោយសម្រាប់ការតបស្នងការខិតខំប្រឹងប្រែងកន្លងមក ។
អ្នកនាងបានរៀបរាប់ថា៖ «រថយន្ដនេះខ្ញុំទើបតែទិញ តម្លៃ២៣៥,០០០ដុល្លារ ថ្មីទើបនឹងបកពីកេះស៊េរីឆ្នាំ ២០២១ ។ កាលពីមុនក៏ចង់បានថ្មីដែរ ប៉ុន្តែលុយតិចក៏ចង់ទុកលុយខ្លះដើម្បីរកស៊ីសិន ហើយទិញរថយន្ដមួយទឹក តែដល់ពេលមានបញ្ហាខ្ញុំក៏ចាប់ផ្ដើមដកលុយទិញអាថ្មីយកជិះបណ្ដោយទៅ» ។
អ្នកនាង ឃាត់ សុឃីម បានអះអាងទៀតថា ខ្លួនចង់ជិះរថយន្ដស៊េរីទំនើបនេះយូរមកហើយ ឥឡូវនេះបានដូចបំណងហើយ។ ប៉ុន្តែការដែលខ្លួនបង្ហោះនៅលើបណ្ដាញសង្គម ឬមានអ្នកសារព័ត៌មានសម្ភាសន៍យ៉ាងដូច្នេះ ច្បាស់ជាមានបងប្អូនមួយចំនួនមិនពេញចិត្ត ឬពេបជ្រាយ តែនេះគឺជាអំណោយនៃការខិតខំប្រឹងប្រែងរបស់ខ្លួន ។
តារាពហុនជំនាញរូបនេះ បានរៀបរាប់បន្តថា៖«បើសិនជាឧទាហរណ៍ថា អំណោយមួយនេះ វាធ្វើឱ្យបងប្អូនខ្លះគាត់មិនសប្បាយចិត្តក៏មិនដឹងធ្វើម៉េចដែរ ។ តែមនុស្សយើងម្នាក់ៗ តែមានលុយគេទិញជិះហើយ តិចឬច្រើនចេះតែបង្កើតរសជាតិជីវិតជាបន្តៗ ។ មិនថាតែខ្ញុំទេ នរណាៗក៏ដោយឱ្យតែគេមានលុយគេទិញជិះហើយ គេធ្វើផ្ទះធំហើយ» ។
គួរបញ្ជាក់ថា តារាពហុជំនាញអ្នកនាង ខាត់ សុឃីម គឺជាតារាចាស់វស្សាមួយរូប ដែលមានប្រវត្តិជូរចត់ និងជួបរឿងគេបោកធំៗចំនួន៣លើក ជាពិសេសត្រូវបានគេបោកយកទៅលក់នៅក្រៅប្រទេសទៀតផង ។ ថ្មីៗនេះ ខាត់ សុឃីម និងស្វាមីបានសម្រេចចិត្តទិញរថយន្ត Lexus 570 មួយគ្រឿង និងបានលក់វិញបន្ទាប់ពីជិះមិនទាន់បាន១ខែ ដោយសុខចិត្តទទួលខាតជាង២ម៉ឺនដុល្លារ ។
បើទោះជាយ៉ាងណា ពេលនេះប្ដីប្រពន្ធអ្នកនាង ខាត់ សុឃីម ក៏បានចំណាយលុយជាង២សែន៣ម៉ឺន៥ពាន់ដុល្លារ ដើម្បីទិញរថយន្ដ Lexus 570 ស៊េរីឆ្នាំ២០២១ ជាថ្មីម្ដងទៀត ដោយរំពឹងថានឹងនាំលាភនាំជ័យ និងមិនជាន់លើដានចាស់ ៕ ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖