បន្ទាប់ពីបានខកចិត្តរឿងទិញឡានស៊េរីទំនើប លក់ទៅវិញខាតដើមខ្ទង់២ម៉ឺនដុល្លារកាលប៉ុន្មានថ្ងៃមុននោះ, ពេលនេះតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហាញរថយន្ដស៊េរីទំនើបខ្មៅរលោងមួយគ្រឿងនៅលើបណ្ដាញសង្គម។
រូបថតមួយប៉ុស្ដិ៍ឈរនៅខាងមុខរថយន្ដខ្មៅក្រឹប កាច់រាងក្រោមពន្លឺថ្ងៃអមដោយសំណេរខ្លីក្នុងន័យបញ្ឆិតបញ្ឆៀងថា «មេឃស្អាត»នោះ ខាត់ សុឃីម បានធ្វើឱ្យមហាជនអ្នកគាំទ្រដាក់ការសង្ស័យថា ទំនងជាតារាស្រីរូបនេះ បានទិញរថយន្ដស៊េរីទំនើបម្ដងទៀត ដើម្បីលួងចិត្តខ្លួនឯង និងស្វាមី ដែលផុងខ្លួនកាលពីថ្ងៃមុន។
ជុំវិញមន្ទិលសង្ស័យនេះ អ្នកនាង ខាត់ សុឃីម បានថ្លែងប្រាប់តារាញូស៍ថា អ្នកនាងពិតជាបានទិញរថយន្ដទំនើបតម្លៃខ្ទង់សែនដុល្លារពិតមែន ដែលនេះអ្នកនាងចាត់ទុកថា ជាអំណោយសម្រាប់ការតបស្នងការខិតខំប្រឹងប្រែងកន្លងមក។
អ្នកនាងបានរៀបរាប់ថា ៖ «រថយន្ដនេះខ្ញុំទើបតែទិញ តម្លៃ២៣៥,០០០ដុល្លារ ថ្មីទើបនឹងបកពីកេសស៊េរីឆ្នាំ ២០២១។ កាលពីមុនក៏ចង់បានថ្មីដែរ ប៉ុន្តែលុយតិចក៏ចង់ទុកលុយខ្លះដើម្បីរកស៊ីសិន ហើយទិញរថយន្ដមួយទឹក តែដល់ពេលមានបញ្ហាខ្ញុំក៏ចាប់ផ្ដើមដកលុយទិញអាថ្មីយកជិះបណ្ដោយទៅ» ។
អ្នកនាង ឃាត់ សុឃីម បានអះអាងទៀតថា ខ្លួនចង់ជិះរថយន្ដស៊េរីទំនើបនេះយូរមកហើយ ឥឡូវនេះ បានដូចបំណងហើយ។ ប៉ុន្តែការដែលខ្លួនបង្ហោះនៅលើបណ្ដាញសង្គម ឬមានអ្នកសារព័ត៌មានសម្ភាសន៍យ៉ាងដូច្នេះ ច្បាស់ជាមានបងប្អូនមួយចំនួនមិនពេញចិត្ត ឬពេបជ្រាយ តែនេះគឺជាអំណោយនៃការខិតខំប្រឹងប្រែងរបស់ខ្លួន។
តារាពហុនជំនាញរូបនេះ បានរៀបរាប់បន្តថា ៖«បើសិនជាឧទាហរណ៍ថា អំណោយមួយនេះ វាធ្វើឱ្យបងប្អូនខ្លះគាត់មិនសប្បាយចិត្តក៏មិនដឹងធ្វើម៉េចដែរ។ តែមនុស្សយើងម្នាក់ៗ តែមានលុយគេទិញជិះហើយ តិចឬច្រើនចេះតែបង្កើតរសជាតិជីវិតជាបន្តៗ។ មិនថាតែខ្ញុំទេ នរណាៗក៏ដោយឱ្យតែគេមានលុយគេទិញជិះហើយ គេធ្វើផ្ទះធំហើយ»។
ក្រោយផ្ដល់កិច្ចសម្ភាសន៍ខាងលើនេះរួចមក អ្នកនាង ខាត់ សុឃីម បានសម្ដែងការអរគុណ អមដោយសារលើកទឹកចិត្តខ្លួនឯងថា «អរគុណ ច្រើន ឆ្នាំនេះខ្ញុំជួបបញ្ហាច្រើន ខ្ញុំចាញ់ ខ្ញុំឈ្នះ ខ្ញុំសើច ខ្ញុំយំ ខ្ញុំត្រូវគេមើលងាយ ខ្ញុំត្រូវខាតទ្រព្យសម្បត្តិ ខ្ញុំត្រូវគេបង់ចោល ប៉ុន្តែខ្ញុំនឹងតស៊ូជម្នះគ្រប់ឧបសគ្គ គឺដើម្បីគ្រួសារ នៅស្រែនៅផ្សារឬនៅក្រុងមិនសំខាន់សំខាន់នៅកន្លែងណាដែលយើងគិតថា បានសុខ»។
គួរបញ្ជាក់ថា តារាពហុជំនាញអ្នកនាង ខាត់ សុឃីម គឺជាតារាចាស់វស្សាមួយរូប ដែលមានប្រវត្តិជូរចត់ និងជួបរឿងគេបោកធំៗចំនួន៣លើក ជាពិសេសត្រូវបានគេបោកយកទៅលក់នៅក្រៅប្រទេសទៀតផង។ ថ្មីៗនេះ ខាត់ សុឃីម និងស្វាមីបានសម្រេចចិត្តទិញរថយន្ត Lexus 570 មួយគ្រឿង និងបានលក់វិញ បន្ទាប់ពីជិះមិនទាន់បាន១ខែ ដោយសុខចិត្តទទួលខាតជាង២ម៉ឺនដុល្លារ។
បើទោះជាយ៉ាងណា ពេលនេះប្ដីប្រពន្ធអ្នកនាង ខាត់ សុឃីម ក៏បានចំណាយលុយជាង២សែន៣ម៉ឺន៥ពាន់ដុល្លារ ដើម្បីទិញរថយន្ត Lexus 570 ស៊េរីឆ្នាំ២០២១ ជាថ្មីម្ដងទៀត ដោយរំពឹងថា នឹងនាំលាភនាំជ័យ និងមិនជាន់លើដានចាស់៕ ប្រភព ៖ តារាញូស៍