គេនៅចាំបានថា ឧកញ៉ា ហ៊ីង បុញ្ញារិទ្ធិ ហៅ ពូម៉ៅ បានសម្រេចចិត្តបួសជាព្រះសង្ឃ នៅវត្តពោធិ៍អណ្តែត ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ហើយនៅថ្ងៃទី២២ ខែកញ្ញា ពូម៉ៅ បានលាចាកសិក្ខាបទវិញហើយ។
មុនពេលសម្រេចចិត្តបួសនោះ ពូម៉ៅ ក៏បានបញ្ជាក់ពីគោលជំហរក្នុងការទៅរួមរស់ជាមួយភរិយា និងកូនវិញផងដែរ។ ចំណែក មុននឹងលាកចាកសិក្ខាបទប៉ុន្មានម៉ោង ពូម៉ៅ ក៏បានចែករំលែកព័ត៌មានមួយ ដែលចុះផ្សាយពីលោក ដោយដាក់ចំណងជើងថា «បន្ទាប់ពីបានបួសជាបុព្វជិតមួយរយ:មក ពូម៉ៅ មានបំណងចង់លាចាកសិក្ខាបទទៅរួមរស់ជាមួយប្រពន្ធវិញ»។
តាមរយៈនេះ មានមតិមួយលើកឡើងថា «មកឆាប់ៗមកមេ មេស្រីនៅតែឯងគាត់ហត់ណាស់»។ ជាការឆ្លើយតប ពូម៉ៅ បានបញ្ជាក់ថា «អាត្មាមិនអីទេ សម្រេចលើគាត់ទេ»។ ទោះយ៉ាងណា គេមិនដឹងថា អ្នកស្រី ទ្រី ដាណា ព្រមអភ័យទោស ឲ្យពូម៉ៅ ដោយដកពាក្យបណ្ដឹងវិញ ដើម្បីឲ្យលោកបានមកជួបជុំជាមួយអ្នកស្រី វិញ ឬយ៉ាងណានោះទេ តែតាមរយៈសារបង្ហោះកាលពីម្សិលមិញនេះ ទំនងជាមិនអាចទេមើលទៅ។
គួរបញ្ជាក់ថា មុននឹងសម្រេចចិត្តបួស ពូម៉ៅ បានព្យាយាមម្ដងហើយម្ដងទៀត ក្នុងការផ្សះផ្សាជាមួយភរិយា តែហាក់មិនទទួលបានផលសោះ។ ដោយហេតុនេះ មុនបួស លោកបងម៉ៅ បានចេញវីដេអូ សុំទោសជាសាធារណៈ១ ដោយរៀបរាប់ថា «ដោយសារតែខ្លួនអស់ជម្រើស សូម្បីតែហ្វេសប៊ុក, តេឡេក្រាម, ប្រព័ន្ធទាក់ទងទាំងអស់ ភរិយារបស់លោក បានប្លុកចោលអស់ហើយ។ ដូច្នេះលោកគ្មានជម្រើសអ្វី ក្រៅពីធ្វើវីដេអូនេះឡើយ ដើម្បីបង្ហាញជូនភរិយាបានឃើញ។
ពូម៉ៅ បានបញ្ជាក់ថា កន្លងមក ខ្លួន និងភរិយា បានឈ្លោះគ្នាពិតប្រាមែន រហូតឈានដល់ការដាក់ពាក្យបណ្ដឹងមិនឲ្យលោកចូលផ្ទះ។ លោកថា នេះមិនមែនជាការសម្ដែងដើម្បីប្រយោជន៍ ដូចការលើកឡើងមួយចំនួននោះឡើយ គ្មានអ្នកណាយកកិត្តិយសគ្រួសារមកសម្ដែងនោះទេ។ នេះដោយសារការខឹងមួយឆាវ ឈានទៅដល់ចំណុចនោះ។
ពូម៉ៅ បញ្ជាក់ទៀតថា នេះក៏ជាវីដេអូមួយ ដែលលោកធ្វើការសុំទោសជាសាធារណៈ ក៏ដូចជាការសុំទោសដល់ភរិយារបស់លោក ព្រោះរយៈពេលកន្លងមកនេះ លោករស់នៅផ្ទះម្ដាយរបស់លោក។ ដូច្នេះរយៈពេលរស់នៅបែកគ្នានេះ លោក បានគិតឃើញពីចំណុចខ្វះខាត និងកំហុសរបស់ខ្លួន។លោកនឹងធ្វើការកែប្រែដើម្បីគ្រួសារ ភរិយា និងកូន។
ពូម៉ៅ បានបន្ថែមទៀតថា លោកសុំធ្វើវីដេអូនេះ ដើម្បីសុំអភ័យទោសដល់ភរិយា ដើម្បីឲ្យគាត់បានឃើញ ហើយដកពាក្យបណ្ដឹងពីតុលាការ ឲ្យលោកបានចូលផ្ទះ មើលថែប្រពន្ធ និងកូន ដូចដើមវិញ។
ពូម៉ៅ បញ្ជាក់នៅចុងវីដេអូថា ខ្លួនទៅបួសមួយរយៈពេល ដើម្បីយកធម៌ មកដាក់ក្នុងខ្លួន រកអ្វីដែលស្ងប់។ បន្ទាប់មកលោក នឹងធ្វើអ្វីៗដើម្បីគ្រួសាររបស់លោក»។ ដោយឡែក នៅរសៀលថ្ងៃទី២២ ខែកញ្ញានេះ ទំព័រហ្វេសប៊ុកឈ្មោះ «ពូមៅសិកវិញហើយបងប្អូន» បានបង្ហោះវីដេអូពូម៉ៅ ដោយបញ្ជាក់ថា «ពូមៅសិកវិញហើយបងប្អូន»៕ ដើម្បីជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖