ពិធីការិនីសម្ដីផ្អែម និងប៉ិនប្រសព្វក្នុងការប្រើប្រាស់ពាក្យពេចន៍យ៉ាងស្រទន់ អ្នកនាង ខៀវ សានសាណា ត្រូវបានគេស្គាល់ថា ជាកូនស្រីបង្កើតរបស់អ្នកសារព័ត៌មានចាស់វស្សា គឺលោក ខៀវ កូឡា។
ជីវិតរបស់តារាស្រីរូបនេះ ត្រូវបានគេមើលឃើញថា ស្រស់បំព្រង ហ៊ឺហារឡូយឆាយ និងមានសុភមង្គលខ្លាំងមិនធម្មតា បន្ទាប់ពីសម្រេចរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួមស្វាមីទីពីរ ដែលជាជនជាតិអូស្ត្រាលី និងទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាចំណងដៃស្នេហ៍នោះ។
ដោយសារតែការថ្នាក់ថ្នម ក្ដីស្រឡាញ់យកចិត្តទុកដាក់ និងយល់ទុក្ខធុរៈពីសំណាក់ស្វាមីទី២លោក Seraj Sutton បានធ្វើឲ្យពិធីការិនីឆ្នើមប្រចាំស្ថានីយទូរទស្សន៍ CTN រូបនេះ ហាក់មានស្នាមញញឹមស្រស់ស្រាយជាប្រចាំ។
ចំណែកសុភមង្គល សេចក្ដីសុខទាំងផ្លូវកាយ និងចិត្តដែលទទួលបានពីគ្រួសារតូចនេះ បានញ៉ាំងឲ្យសម្រស់ ខៀវ សានសាណា កាន់តែស្រស់ស្អាតវ័យក្មេងពីមួយថ្ងៃទៅមួយថ្ងៃ។
បើទោះបីជាបច្ចុប្បន្ន នាងមានវ័យក្បែរ ៤០ឆ្នាំក៏ពិតមែន ប៉ុន្តែសម្រស់នាងហាក់ក្មេងជាងវ័យរហូតដល់ជាង១០ឆ្នាំឯណោះ ដែលចំណុចនេះ ធ្វើឲ្យនាងទទួលបានការសរសើរជាញឹកញាប់នៅលើបណ្ដាញសង្គម ថា អាយុច្រើន មានកូនដល់ទៅ៣នាក់ ប៉ុន្តែសម្រស់ស្អាតខ្លាំង ក្រមុំៗសុំខ្មាស។
គួរបញ្ជាក់ថា អ្នកនាងខៀវ សានសាណា និងលោក Seraj Satton បានចូលរោងការជាផ្លូវការកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ មុននឹងរៀបការជាមួយគ្នានោះ ពួកគេបានស្គាល់គ្នា ស្វែងយល់ចិត្តគ្នា មិនក្រោមក្រោម៣ឆ្នាំជាងនោះទេ៕