ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានប្រកាសលើផេកផ្ទាល់ខ្លួនលោកថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹមនឹងគ្នានោះដែរ លោកសូមផ្ដល់អាហារូបករណ៍១៥០នាក់ដល់និស្សិតក្រីក្រដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។
ជាមួយនឹងការផ្ដល់អាហារូបករណ៍១៥០កន្លែងនេះ និស្សិតក្រីក្រទាំងនោះក៏ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនឹងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី៣០០ដុល្លារទៅ ៤០០០ដុល្លារហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។
អ្នកឧកញ៉ា ដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថាលោកផ្តល់អាហារូបករណ៍នេះអ្នកឧកញ៉ានិងចុះវាយតម្លៃដោយផ្ទាល់ចំពោះបងប្អូន ដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា ៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។
ដោយឡែក នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា បានប្រកាសជាថ្មី ពាក់ព័ន្ធនឹងរឿងខាងលើនេះ នៅលើផេករបស់ខ្លួន។ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់សិស្សានុសិស្សដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេសត្រូវខិតខំប្រឹងប្រែងសិក្សាដើម្បីប្រលងយកសញ្ញាប័ត្រមុនឈានដល់ ការទទួលយកអាហារូបករណ៍នេះ៕