ភ្នំពេញ ៖ ស្របពេលដែលកូនស្រីកំពុងខិតខំប្រឹងប្រែង និងហាត់ពត់លត់ដំពង្រឹងសមត្ថភាព ដើម្បីបន្តវេនម្ដាយ តារាសម្ដែងជើងចាស់អ្នកនាង កែវ កល្យាណ បានប្រកាសជាសាធារណៈឈប់ឱ្យកញ្ញា កែវ ឡាវីញ ជាកូនស្រី សម្ដែងភាពយន្ដណា ដែលប្រភេទភាពយន្ដស្នេហាភេទដូចគ្នាទៀតហើយ ។
ការប្រកាសបញ្ជាក់ពីជំហរមិនចង់ឱ្យកូនស្រីបន្តសម្ដែងភាពយន្ដ ដែលជាប្រភេទភាពយន្ដស្នេហាភេទដូចគ្នារបស់តារាជើងចាស់អ្នកនាង កែវ កល្យាណ ទំនងធ្វើឡើងបន្ទាប់ពីកូនស្រីរបស់ខ្លួន គឺកញ្ញា កែវ ឡាវីញ បានសម្ដែងរឿង «សង្សារខ្ញុំ» ដែលជាប្រភេទរឿងស្នេហាភេទដូចគ្នា ហើយមានការមិនពេញចិត្តពីសំណាក់មហាជនមួយចំនួន។
តាមរយៈសំណេរឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួន និងកូនស្រីកញ្ញា កែវ ឡាវីញ អ្នកនាង កែវ កល្យាណ បានសរសេររៀបរាប់ថា មានអ្នកគាំទ្រមួយចំនួនធំ បានឆាតទៅលើកទឹកចិត្តអ្នកនាង និងកូនស្រី ដោយមិនឲ្យខ្វល់ជាមួយមនុស្សមួយចំនួនតូចនោះទេ ហើយនៅតែបន្តឲ្យកូនស្រីថតភាពយន្តបែបនោះ។
អ្នកនាង កែវ កល្យាន រៀបរាប់បព្ជាក់ថា ឈប់ឲ្យកូនស្រីបណ្ដូលចិត្តរបស់ខ្លួនថតរឿងស្រឡាញ់ភេទដូចគ្នាហើយ ព្រោះឆ្អែត។ ការណ៍ឲ្យកូនស្រីថតរឿង ព្រោះចង់ឲ្យកូនស្រីបន្តដំណែង និងនាំគ្នាលើកស្ទួយវប្បធម៌ខ្មែរឲ្យរីកចម្រើន បើមិនបានស្មើអ្នកជិតខាងក៏បានកិតៗកុនប្រទេសគេដែរ ព្រោះអ្នកនាងមានការឈឺចាប់បើពេលកុនខ្មែរចាញ់កុនថៃ ឬប្រទេសជិតខាង។
អ្នកនាង កែវ កល្យាណ បញ្ជាក់ថា៖“នរណាដឹងថាសម័យនេះ កាន់តែជាន់ពន្លិចខ្មែរគ្នាឯង។ មីងមានសមត្ថភាពចិញ្ចឹមកូនបានល្អណាស់ មកពីស្រលាញ់សិល្បៈទើបឲ្យថត ។ តែមិនអីទេបើកូនទំនេរ ឆ្លៀតបានក៏បន្តក់យូរៗមួយរឿង តែប្រភេទរឿងស្នេហាភេទដូចគ្នា ឈប់ឲ្យថតហើយ (ថតតែដៃគូរជាមួយបុរសវិញ)”។
ទោះបីជាយ៉ាងណា អតីតតារាសម្ដែងរូបនេះអះអាងាថា ខ្លូនមិនដែលរើសអើងភេទដូចគ្នាទេ ទើបឲ្យកូនថតរឿងនោះ។ ហើយក៏មានអ្នកស្រឡាញ់ភេទដូចគ្នាគាំទ្រជាច្រើនផងដែរ លើកលែងតែអ្នករិះគន់មួយចំនួនតូចប៉ុណ្ណោះ។
ទាក់ទងនឹងលើកឡើងរបស់អ្នកនាង កែវ កល្យាណ ខាងលើ ដែលកំពុងក្លាយជាប្រធានបទយ៉ាងក្ដៅគគុកលើបណ្ដាញសង្គមនេះ សារព័ត៌មានតារាញូស៍យើង មិនអាចសុំការបញ្ជាក់ពីអ្នកនាង កែវ កល្យាណ ក៏ដូចជាកូនស្រី កញ្ញា កែវ ឡាវីញ ដើម្បីបញ្ជាក់បន្ថែមបានឡើយ ដោយទូរស័ព្ទមិនមានអ្នកទទួល ។
គួរបញ្ជាក់ថា បន្ទាប់ពីបានលាឈប់ពីអាជីពជាអ្នកសម្ដែង តារាជើងចាស់អ្នកនាង កែវ កល្យាណ បានព្យាយាមបង្ហាត់បង្រៀនជម្រុញកូនស្រី កែវ ឡាវីញ ឲ្យដើរតាមគន្លងរបស់ខ្លួន។ មកទល់បច្ចុប្បន្ន កែវ ឡាវីញ កំពុងតែទទួលបានប្រជាប្រិយភាព តាមរយៈរូបសម្រស់ និងទេពកោសល្យរបស់នាង ដោយអាចធ្វើជាពិធីការិនីលើកញ្ចក់ទូរទស្សន៍ និងជាតារាសម្ដែងផង ។ ដោយឡែក ស្របពេលដែល កែវ ឡាវីញ កំពុងទទួលបានការគាំទ្រនោះ ថ្មីៗនេះស្រាប់តែកើតរឿងរ៉ាវរិះគន់រឿងដែលនាងបានចូលរួមសម្ដែង ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖