នៅថ្ងៃអាទិត្យទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះរូប២សន្លឹក អមដោយសារ រៀបរាប់ពីរឿងប្រវត្តិសាស្ត្រមួយ ពាក់ព័ន្ធទៅនឹង ព្រះចៅអធិរាជរុស្ស៊ី Alexander ទី ១ បានចូលទិវង្គតដោយគ្រុនក្ដៅមួយរយៈពេលយ៉ាងខ្លី បន្ទាប់ពីធ្វើឃាត បិតារបស់ខ្លួននោះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ បានបង្ហោះសាររៀបរាប់ ដូច្នេះថា «ថ្ងៃអាទិត្យទំនេរបន្តិច សូមនិយាយពីរឿងអាថ៌កំបាំងក្នុងប្រវត្តិសាស្ត្រមួយ។ នៅថ្ងៃទី ១ ធ្នូ ១៨២៥ ( ប្រតិទិនរុស្ស៊ី ) ព្រះចៅអធិរាជរុស្ស៊ី Alexander ទី ១ ( រូប ១ ) ដែលបានគ្រងរាជ្យតាំងពីឆ្នាំ ១៨០១ បន្ទាប់ពីការធ្វើឃាតបិតាព្រះអង្គព្រះនាម Paul ទី ១ មក បានចូលទិវង្គតដោយគ្រុនក្តៅមួយរយៈពេលយ៉ាងខ្លី នៅក្នុងទីក្រុងដ៏តូចមួយនាម Taganrog ដែលនៅឆ្ងាយពីរាជធានី Saint-Petersburg ក្នុងព្រះជន្ម ៤៩ ឆ្នាំ និង កំពុងពេញព្រះកាយពល។
សពរបស់ព្រះអង្គត្រូវបានបិទជិតក្នុងមឈូសដោយគេសម្អាងថា អង្គកាយពិសេសព្រះភក្ត្រព្រះអង្គបានត្រូវជំងឺញាំញីអោយមានភាពមិនសមរម្យ ហើយ គេដង្ហែសពព្រះអង្គមករាជធានី Saint-Petersburg ដោយទុកព្រះអគ្គមហេសី នៅ Taganrog ដោយសម្អាងថាព្រះនាងមិនស្រួលព្រះកាយមិនអាចយាងមកជាមួយបាន។
នៅមុនពេលចូលទិវង្គត ព្រះចៅ Alexander ទី ១ តែងមានបន្ទួលពីការនឿយណាយព្រះហឬទ័យសោយរាជ្យ ខុសពីពេលដែលព្រះអង្គទើបឡើងសោយរាជ្យ បន្ទាប់ពីព្រះបីតាព្រះអង្គត្រូវគេធ្វើឃាតហើយប្រគល់រាជបល្ល័ង្កមកព្រះអង្គ ។
ជាញឹកញយព្រះអង្គតែងពោលពីរឿងចង់រស់នៅជាសាមញ្ញ ដែលអ្នកផងយល់ថាជាវិប្បដិសារីដែលព្រះអង្គបានចូលដៃនឹងពួកបះបោរធ្វើឃាតព្រះបីតាព្រះអង្គ ។ ភាពស្មុគស្មាញនៃសង្គ្រាមណាប៉ូឡេអុងនៅអឺរ៉ុប ស្ថានភាពសេដ្ឋកិច្ច នយោបាយក្នុងប្រទេស និង មរណភាពរបស់ព្រះរាជបុត្រីព្រះអង្គ ធ្វើអោយព្រះអង្គចេះតែរយាលពីការគ្រងរាជ្យរហូតដល់ការចូលទីវង្គត់ដ៏ចៃដន្យនេះ។
នៅឆ្នាំ ១៨៣៦ បុរសម្នាក់ដែលធ្វើដំណើរដោយជិះសេះតែមិនមានសំបុត្រធ្វើដំណើរ ( សម័យនោះអ្នកដំណើរត្រូវមានសំបុត្រអនុញ្ញាត ) ត្រូវបានតម្រួតនៅទីក្រុង Perm ក្នុងតំបន់សុីបេរី ឃាត់ខ្លួន ។ បុរសនេះនិយាយថាខ្លួនជាតាបសនាម Feodor Kuzmich ( រូប ២ ) មានអាយុជាង ៦០ ឆ្នាំ មានធំខ្ពស់ ភ្នែកខៀវ និង ធ្ងន់ត្រចៀកខាងឆ្វេង ( ព្រះចៅ Alexander ទី១ មានភ្នែកខៀវ និង ធ្ងន់ត្រចៀកឆ្វេងដែរ ) ។
បុរសនេះ និយាយថាមិនចាំអតីតកាលរបស់ខ្លួនទេ ។ ការគ្មានសំបុត្រធ្វើដំណើរ និង ការមិននិយាយពីប្រវត្តិអតីតកាលរបស់ខ្លួននេះ ធ្វើអោយតាបស Feodor ត្រូវទទួលទោសវាយនឹងខ្សែតី ២០ ខ្វាច់ និង បន្ទាប់មកត្រូវគេបញ្ជូនអោយទៅធ្វើការនៅរោងចក្រផលិតស្រារដ្ឋមួយក្នុងតំបន់ Tomsk នាតំបន់សុីបេរី ។
តាបស Feodor ធ្វើការនៅទីនោះ ៥ ឆ្នាំ ជាមួយកសិករ ហើយលោកជួយបង្រៀនពួកគេអោយចេះអនាម័យ ចេះថែសុខភាព បង្រៀនគម្ពីរ Bible ដល់កុមារៗ ព្រមទាំងអក្ខរាវិរុទ្ធ គណិតសាស្ត្រ ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ ។
លោកចេះទាំងភាសាបារាំងដែលជាភាសាពួកអភិជនសម័យនោះប្រើ លោកស្គាល់ទំនៀមទម្លាប់វាំង ស្គាល់យ៉ាងច្បាស់ពីមន្ត្រីថ្នាក់ខ្ពស់ក្នុងនគរ ដែលនាំអោយគេជឿថាលោកជាអភិជនម្នាក់ដែលរត់គេចពីអតីតកាលរបស់ខ្លួន ។ ដើម្បីគេចចេញពីពាក្យចចាមអារ៉ាមទាំងនេះ តាបស Feodor ក៏ចាប់ចេញដំណើរពនេចររបស់លោកទៀត ។
នៅឆ្នាំ ១៨៥៨ ឈ្មួញស្តុកស្តម្ភម្នាក់ ឈ្មោះ Semion Khromov បានទទួលយកលោកមកស្នាក់នៅឯជាយក្រុង Tomsk រហូតដល់ពេលលោកទទួលមរណភាព ។ លោក Semion Khromov ជឿជាក់ថាព្រះចៅ Alexander ទី ១ និង Feodor Kuzmich ជាមនុស្សតែមួយ ។ ពិសេស ក្រោយពេលមរណភាពរបស់តាបស Feodor គេឃើញមានសម្ភារៈមួយចំនួនដែលជារបស់ប្រើប្រាស់ក្នុងវាំង ក្នុងនោះមានរូបព្រះមាតាដែលមានឆ្លាក់អក្សរ A គ្របដោយរូបមកុដថែមទៀតផង ។
ពិតមែនតែបច្ចុប្បន្ននេះ ប្រវត្តិវិទូច្រើននាក់ចាត់ថានេះជារឿងចៃដន្យក្តី តែនៅតែមានអ្នកដែលនៅតែបន្តជឿលើការលួចចោលរាជ្យរបស់ព្រះចៅ Alexander ទី ១ ដើម្បីវិលត្រលប់ទៅរកជីវភាពសាមញ្ញមួយផុតកង្វល់ដដែល។ រហូតមកទល់ពេលនេះ ផ្នូររបស់តាបស Feodor នៅតែជាកន្លែងដែលគេតែងតែចូលទៅគោរពបូជាយ៉ាងច្រើនកុះករមិនដែលខានឡើយ»៕