លោក អ្នក បានជ្រាបរួចមកហើយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពាក្យសម្ដីរបស់អាជី ដែលលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ពិតជាល្បីខ្លាំងណាស់ សូម្បីសារព័ត៌មានចិនក៏បានយកទៅចុះផ្សាយផងដែរ។
អាជី បានលើកឡើងថា ខ្លួនស្អាតពីធម្មជាតិ ស្លៀកឈុតអីក៏ស្អាតងើបពីគេង អត់ងូតទឹក ក៏មានអារម្មណ៍ថាខ្លួនឯងស្អាតដែរ, ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្លួនគិតថា ស្អាតជាងគេ៩នាក់ហើយបង ព្រោះថាខ្លួនមានពណ៌សម្បុរស្រស់ស្អាតពាក់អីក៏វាសម។
ស្របពេលរឿងនេះ កំពុងល្បីខ្លាំងនោះ, តារាស៊ិចស៊ី រតនៈ ពិសី កាលពីថ្ងៃទី១៤ ខែកញ្ញា ក៏បានចែករំលែកវីដេអូ បទសម្ភាសន៍ខាងលើ ចូលគណនី ហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ជាមួយCaptionដូច្នេះថា «គាត់ស្អាតស្រាប់ហើយ ថ្ងៃក្រោយសម្អាងការជួលគាត់ថត មិនបាច់ចំណាយពេលផាត់មុខទេ គាត់ស្អាតធម្មជាតិស្រាប់»។
ដោយឡែក ភរិយា កាលពីថ្ងៃទី១៥ ខែកញ្ញា ភរិយា លោក កែវ វាសនា បានបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់ខ្លួនជាច្រើនសន្លឹក ហាក់និយាយតាមគេដែរថា «ក្នុងចំណោម10នាក់ខ្ញុំស្អាតជាងគេ9នាក់ (ហាមសើចណាអ្នកស្អាតជាងខ្ញុំ)»។
ជុំវិញរឿងរ៉ាវខាងលើនេះ មិនដឹងគេហទំព័រមួយណាទេ យកទៅចុះផ្សាយ ធ្វើឲ្យអាជី មើលហើយទំនងជាយល់ច្រឡំថា សម្ដីទាំង២ខាងលើនេះ ជាសម្ដីរបស់ភរិយា តារាចម្រៀង កែវ វាសនា ទាំងអស់នោះ ទើបឡាយវីដេអូ ឆ្លើយតបទៅវិញឥតសំចៃ ដោយស្រែកខ្លាំងៗ។
ទោះយ៉ាងណា ក្រោយដឹងថា ជារឿងយល់ច្រឡំ នោះ អាជី ក៏បានចេញវីដេអូ សុំទោស ដោយរៀបរាប់ថា «ឲ្យខ្ញុំសុំទោសបងទាំងពីរផង ទាំងបង កែវ វាសនា និងប្រពន្ធបងផ្ទាល់ ព្រោះថា ខ្ញុំអត់បានយកបងមកធ្វើប្រធានបទអីទេ គ្រាន់តែពេលហ្នឹងសារព័ត៌មានធ្វើការចុះបំផ្លើស»។
អាជី បន្តថា «ខ្ញុំគ្រាន់តែឃើញសារព័ត៌មានហ្នឹងហើយ ខ្ញុំស្មានតែបងទាំងពីរធ្វើការផុសអ៊ីចឹងមែន អ៊ីចឹងឲ្យប្អូនសុំទោស ខ្ញុំអត់មានចេតនាក្នុងការផុសទេ អ៊ីចឹងសង្ឃឹមថាបងឃើញវីដេអូនេះហើយ នឹងអធ្យាស្រ័យឲ្យខ្ញុំ…»។
ចំពោះវីដេអូ សុំទោសនេះ ភរិយា លោក កែវ វាសនា បានបង្ហោះចូលគណនីហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ជាមួយនឹងការឆ្លើយតបថា «បើដឹងខុសហើយចេះកែចេះសុំទោសល្អហើយ ស្គាល់មនុស្សដូចបងអោយច្បាស់ណា បងមិនចូលចិត្តចេះដឹងរឿងគេទេ ហើយបង ក៏មិនចូលចិត្តយកការឈ្លោះគ្នាមកឡាយធ្វើទីផ្សារដែរ បងរកស៊ីសេចក្ដីថ្លៃថ្នូររបស់បង»៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោម ៖