គេសង្កេតឃើញថា បើទោះគ្រួសារមានបញ្ហាបែបណាក៏ដោយ ក៏រហូតមកដល់ពេលនេះ អ្នកស្រីទ្រី ដាណា បន្តធ្វើការងារមនុស្សធម៌ជារៀងរាល់ថ្ងៃ ជាមួយនឹងការធ្វើជំនួញស្ទើរគ្មានពេលសម្រាក។ ការមមាញឹកនេះហើយ ធ្វើឲ្យអ្នកស្រី ភ្លេចកើតទុក្ខ បាត់ទៅហើយ។
ជាក់ស្ដែង អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថត១សន្លឹករបស់ខ្លួនស្ថិតក្នុងស្នាមញញឹម កាលពីព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ អមដោយសារយ៉ាងខ្លីថា «រវល់ពេក ភ្លេចសេដ»។ កាលពីពេលថ្មីៗនេះដែរ នៅក្នុងវីដេអូមួយ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ដែរថា «…បងប្អូនកុំគិតថា ខ្ញុំលែងប្ដី សង្ស័យខ្ញុំពិបាកចិត្ត វេទនាចិត្ត ជួនកាលអាចនៅម្នាក់ឯង សប្បាយចិត្តជាងមានគ្នាក៏ថាបានដែរ…»។
ដោយឡែក ព្រះតេជព្រះគុណ ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ ក្រោយបួសបាន១ថ្ងៃ ក៏បាននិមន្តបិណ្ឌបាត្រ តាមភូមិ ជាមួយនឹងលោកគ្រូ ព្រះចៅ វត្តពោធិអណ្តែត។ ក្រោយមក នៅព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកបង ម៉ៅ បានបង្ហោះសារបង្ហាញភាពស្រស់ស្រាយថា «ស្រស់ស្រាយជាមួយភាពស្ងប់ស្ងាត់»។
ជុំវិញការសម្រេចចិត្តបួសរបស់លោកបងម៉ៅ ក៏មានមតិមួយចំនួនធ្វើការរិះគន់ផងដែរ ហើយទំនងជាការឆ្លើយតបចំពោះរឿងនេះ គណនីហ្វេសប៊ុកមួយឈ្មោះ«Sothea Seng» បានបញ្ជាក់ពីកិច្ចរបស់អ្នកបួសថា «ជនជាបណ្ឌិត រមែងគិតរឿងជាកុសល
អង្គលីមារ៍ ទម្លាក់កាំបិត ចាប់យកព្រះធម៌ គង់បានសម្រេចជាព្រះអរហន្ត មាននិស្ស័យសាងភ្នួស ទោះបួសយូរ ឬឆាប់តាមនិស្ស័យ។ កិច្ចនៃអ្នកបួសមាន ៖ ១ បួសលាបំណន់ ២ បួសមុខភ្លើង ៣ បួសសងគុណឪពុកម្តាយ ៤ បួសដើម្បីរៀនសូត្រធម៌វិន័យ ៥បួសនឿយណាយនឹងផ្លូវលោក ។ល។
ការជ្រះថ្លាក្នុងការបួសនៃកិច្ចណាមួយជាកុសលដ៏ប្រពៃ ការគិតអវិជ្ជាមានដល់អ្នកដទៃណាមួយដោយខ្វះការពិចារណា គិតដោយភាពច្រណែន ឬ ស្អប់ វាគឺជាអកុសលកម្ម ។ ថ្ងៃនេះយើងគិតអាក្រក់ពីគេ ថ្ងៃក្រោយអ្នកដទៃក៏គិតអាក្រក់ពីយើង ព្រោះនេះជាអំពើកម្ម ការគិតល្អ ធ្វើល្អ ទើបយើងមានសេចក្តីសុខ»។
គួរបញ្ជាក់ថា មុននឹងសម្រេចចិត្តបួស ពូម៉ៅ បានព្យាយាមម្ដងហើយម្ដងទៀត ក្នុងការផ្សះផ្សាជាមួយភរិយា តែហាក់មិនទទួលបានផលសោះ។ ដោយហេតុនេះ មុនបួស លោកបងម៉ៅ បានចេញវីដេអូ សុំទោសជាសាធារណៈ១ ដោយរៀបរាប់ថា «ដោយសារតែខ្លួនអស់ជម្រើស សូម្បីតែហ្វេសប៊ុក, តេឡេក្រាម, ប្រព័ន្ធទាក់ទងទាំងអស់ ភរិយារបស់លោក បានប្លុកចោលអស់ហើយ។ ដូច្នេះលោកគ្មានជម្រើសអ្វី ក្រៅពីធ្វើវីដេអូនេះឡើយ ដើម្បីបង្ហាញជូនភរិយាបានឃើញ។
ពូម៉ៅ បានបញ្ជាក់ថា កន្លងមក ខ្លួន និងភរិយា បានឈ្លោះគ្នាពិតប្រាមែន រហូតឈានដល់ការដាក់ពាក្យបណ្ដឹងមិនឲ្យលោកចូលផ្ទះ។ លោកថា នេះមិនមែនជាការសម្ដែងដើម្បីប្រយោជន៍ ដូចការលើកឡើងមួយចំនួននោះឡើយ គ្មានអ្នកណាយកកិត្តិយសគ្រួសារមកសម្ដែងនោះទេ។ នេះដោយសារការខឹងមួយឆាវ ឈានទៅដល់ចំណុចនោះ។
ពូម៉ៅ បញ្ជាក់ទៀតថា នេះក៏ជាវីដេអូមួយ ដែលលោកធ្វើការសុំទោសជាសាធារណៈ ក៏ដូចជាការសុំទោសដល់ភរិយារបស់លោក ព្រោះរយៈពេលកន្លងមកនេះ លោករស់នៅផ្ទះម្ដាយរបស់លោក។ ដូច្នេះរយៈពេលរស់នៅបែកគ្នានេះ លោក បានគិតឃើញពីចំណុចខ្វះខាត និងកំហុសរបស់ខ្លួន។លោកនឹងធ្វើការកែប្រែដើម្បីគ្រួសារ ភរិយា និងកូន។
ពូម៉ៅ បានបន្ថែមទៀតថា លោកសុំធ្វើវីដេអូនេះ ដើម្បីសុំអភ័យទោសដល់ភរិយា ដើម្បីឲ្យគាត់បានឃើញ ហើយដកពាក្យបណ្ដឹងពីតុលាការ ឲ្យលោកបានចូលផ្ទះ មើលថែប្រពន្ធ និងកូន ដូចដើមវិញ។
ពូម៉ៅ បញ្ជាក់នៅចុងវីដេអូថា ខ្លួនទៅបួសមួយរយៈពេល ដើម្បីយកធម៌ មកដាក់ក្នុងខ្លួន រកអ្វីដែលស្ងប់។ បន្ទាប់មកលោក នឹងធ្វើអ្វីៗដើម្បីគ្រួសាររបស់លោក»៕