ជាការកត់សម្គាល់ ក្នុងសង្គមបច្ចុប្បន្ននេះ រឿងរ៉ាវឈ្លោះគ្នា ពិសេសរឿងគ្រួសារ បានក្លាយជាប្រធានបទដ៏រសើបរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ធ្វើការជជែកវែកញែក រកខុសត្រូវ តាមការយល់ឃើញរៀងៗខ្លួន។
ជាក់ស្ដែង មួយរយៈចុងក្រោយនេះ ឲ្យតែមានគ្រួសារបុគ្គលល្បីៗឈ្លោះគ្នាប្ដីប្រពន្ធ ហើយឡាយវីដេអូ លើបណ្ដាញសង្គមនោះ តែងតែមានអ្នកទស្សនាច្រើនខុសពីធម្មតា។ ស្របពេល ដែលមានអ្នកចូលចិត្តតាមដានរឿងបែបនេះនោះ ក៏មានអ្នកខ្លះមិនពេញចិត្តផងដែរ ដោយយល់ថា ជារឿងឥតប្រយោជន៍, បំពុលសង្គម ជាដើម។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក ដួង សុខា លើកយករឿងរ៉ាវនេះ លៃលកចេញជាកំណាព្យ អប់រំ និងលើកជាចម្ងល់ថា «~ផ្អើលៗមើលគេឈ្លោះ គេធ្វើសោះឯងវែកញែក ខ្លះខ្ជឹបខ្លះប្រឹងហែក បុកបំបែកវ៉ល់ទាំងហ្វូង។
~ដាំជីមិនជួយថែ មើលឯខ្ញែរច្រើនជាងដូង ស៊ីត្រាវជាងដំឡូង បះជើងច្រូងព្រោះចេះជ្រុល។~ខ្លឹមៗមិនសូវថ្លៃ មានតម្លៃរឿងពុលៗ គ្រូណាអាចពន្យល់ រកឫសគល់បានទៅណ៎? ពូមោក»។
តាមរយៈនេះ មានការគាំទ្រលោកជាច្រើន ក្នុងនោះពួកគេ បានបញ្ចេញយោបល់ថា «ចាក់ដោតសង្គមខ្មែរបច្ចុប្បន្នណាស់លោកគ្រូខ្ញុំគាំទ្រ, ពិតណាស់លោកគ្រូ, កំណាព្យអប់រំល្អមែន ពូមោក, ត្រូវម៉ាច់លោកបង,ចំណោមនោះគ្មានខ្ញុំទេលោកពូ, ឫសគល់មានប្រភពរបស់វា ជីកវែករាវរកឃើញហើយ»៕