រាជធានីភ្នំពេញ ៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់មហាជនទូទៅ ដែលកាលពីពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម តារាពហុជំនាញដ៏ល្បីក្នុងប្រទេសកម្ពុជា បានទម្លាយនូវរឿងរ៉ាវ ដែលខ្លួនបានចាញ់បោកគេក្នុងជីវិតដល់ទៅ ៣ដង អស់ទឹកប្រាក់សរុបជិត ១លានដុល្លារ ដែលធ្វើឱ្យរូបនាង រួមជាមួយក្រុមគ្រួសារទាំងមូលអស់សង្ឃឹមជាខ្លាំង។
តាមរយៈ កិច្ចសម្ភាស៍អ្នកនាង ខាត់ សុឃីម បានប្រាប់មកកាន់ សារព័ត៌មាន “តារាញូស៍” ថា ក្នុងជីវិតប្រឡូកក្នុងវិស័យសិល្បៈរបស់អ្នកនាងរហូតមកដល់ពេលនេះ បានជួបរឿងបោកប្រាស់ធំៗចំនួន៣ដងហើយ រហូតត្រូវគេយកទៅលក់នៅក្រៅប្រទេសទៀតផង។
ជាក់ស្ដែងនៅឆ្នាំ១៩៩៧ ខណៈចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីជាលើកដំបូង អ្នកនាងត្រូវអ្នកធានាទៅមិនឲ្យលុយ ហើយបានយកអ្នកនាងទៅលក់ឲ្យភ្ញៀវទៀតផង។ ប៉ុន្តែដោយអ្នកនាងបានដឹងខ្លួនទាន់ និងមានការជួយជ្រោមជ្រែងពីបងប្អូនខ្មែរនៅទីនោះ ទើបអ្នកនាងបានរួចផុតពីគ្រោះថ្នាក់។
អ្នកនាងរំឮកថា ៖ “ក្រោយពីរត់រួចចេញមក ខ្ញុំត្រូវបានបងប្អូនខ្មែរជួយឲ្យទៅធ្វើកម្មករចំការគេ ដើម្បីសន្សំលុយទម្រាំគ្រប់បានត្រឡប់មកស្រុកវិញ ត្រូវលើវីហ្សារហូត៤ខែ។ បទពិសោធន៍នោះហើយ បានរាល់ពេលទៅក្រៅប្រទេសក្រោយៗនេះ ខ្ញុំមិនឲ្យគេដកវីហ្សា និងសំបុត្រយន្តហោះដាច់ខាត ហើយត្រូវបង់លុយមុនបានទៅ”។
ចំណែកបទពិសោធន៍ធំទី២របស់អ្នកនាង ខាត់ សុឃីម គឺកាលពីឆ្នាំ២០២០អ្នកនាងត្រូវចាញ់បោកគេអស់លុយ ៧៩ម៉ឺនដុល្លារអាមេរិក តាមរយៈការដាក់ប្រាក់ជាមួយក្រុមហ៊ុន អ៊ីណារីតា។ ចុងក្រោយលោក ឌឹម សួនណាត ជាប្រធានក្រុមហ៊ុនមិនព្រមចេញពីពន្ធធនាគារ ដើម្បីដោះស្រាយសំណងជាមួយអ្នកនាង និងជនគ្រោះដទៃទៀតឡើយ។
ផ្តើមចេញពីការស្គាល់ រាប់អានទុកចិត្តដូចគ្នា កាលពីពេលថ្មីៗនេះ ខាត់ សុឃីម និងស្វាមីបានសម្រេចចិត្តទិញរថយន្តLexus 570 មួយគ្រឿង និងបានលក់វិញបន្ទាប់ពីជិះមិនទាន់បាន១ខែផង។
ការខកបំណងកើតឡើងជាថ្មី ខណៈម្ចាស់ការ៉ាសលក់ឡានដែលអ្នកនាងបានទិញនោះ ឲ្យខាតរហូតដល់២ម៉ឺនដុល្លារឯណោះ។ ទោះបីជាយ៉ាង រៀមច្បងត្រកូល ខាត់ រូបនេះមិនចង់រំឮកពីរឿងរ៉ាវនេះឡើយ ព្រោះបានកន្លងហួស។
ទោះបីជាយ៉ាងនេះក្ដី ចំពោះរឿងរ៉ាវដែលបានកើតឡើង តារាពហុជំនាញរូបនេះ ចាក់ទុកថាជាមេរៀនដ៏មានតម្លៃ សម្រាប់ជីវិត។ ជាមួយគ្នានេះដែរ អ្នកនាងក៏បានចែករំលែកជួននូវគន្លឹះសំខាន់ៗ ដើម្បីធ្វើឲ្យចិត្តរបស់យើងបានល្អប្រសើរឡើងវិញ ដោយដំបូងឡើយត្រូវថែរក្សាសុខភាព ព្រោះជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា។
អ្នកនាងថា ៖ “ទោះជាសប្បាយចិត្ត ក៏ត្រួវតែដេក ទោះកើតទុកក៏ដេក។ ព្រោះបើជីវិតយើងនៅរស់យើងអាចរកលុយបានតាមក្រោយទៀត ហើយអ្វី ដែលបានធ្លាប់បានជួបកន្លងមកគឺជារៀនជីវិតរបស់ខ្ញុំផ្ទាល់តែម្តង”។
តាមរយៈបទពិសោធន៍ហែលឆ្លងកន្លងមក អ្នកនាង ខាត់ សុឃីម ក៏មានជាសារទៅកាន់បងប្អូនមួយចំនួនផងដែរ ដោយកុំចង់បានអ្វីដោយស្រួលៗដោយគ្មានការខំប្រឹង ព្រោះមិនមានអ្វី ដែលបានមកស្រួលៗនោះទេ ត្រូវខំប្រឹងធ្វើទើបទទួលបានលទ្ធផល៕ ប្រភព ៖ តារាញូស៍