ជាការកត់សម្គាល់ តាំងពីមានរឿងរ៉ាវជាមួយអ្នកស្រី ទ្រីដាណា រហូតសំណុំរឿងលែងលះកំពុងដំណើរការនៅតុលាការរួចមក ពូម៉ៅ ចង់ឲ្យពេលវេលាត្រឡប់ក្រោយខ្លាំងណាស់ ដោយមិនចង់បែកភរិយានោះឡើយ។
ចំណែក អ្នកស្រី ទ្រី ដាណា វិញ ហាក់មិនទាន់បង្ហាញភ្លើងខៀវណាមួយ ទុកឱកាសឲ្យពូម៉ៅនោះឡើយ បើទោះមានសំណូមពរជាច្រើន ពីអ្នកគាំទ្រ ពិសេសលោកជំទាវ ហ៊ុន ស៊ីណាត ចេញមុខសម្របសម្រួល តាមរយៈការបង្ហោះសារ ក៏ដោយនោះ។
ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពូម៉ៅ បានបង្ហោះរូបថត និងក៏ដូចវីដេអូ ចាស់ៗ ធ្លាប់សាងអនុស្សាវរីយ៍ជាបន្តបន្ទាប់ជាមួយនឹងអ្នកស្រី ទ្រី ដាណា និងកូនរបស់ខ្លួន ជាមួយនឹងការបង្ហាញក្ដីនឹករំលឹកចំពោះពួកគេជាពន់ពេក។
លើសពីលើនេះ បើតាមរយៈការឆ្លើយតបខំមិន ពូម៉ៅ ថែមទាំងបានប្រាប់អ្នកគាំទ្រថា លោកបានសុំទោសអ្នកស្រី ទ្រី ដាណា រួចហើយ តែអ្នកស្រី ទ្រី ដាណា មិនអនុគ្រោះ ហើយផ្ទះក៏ភរិយារបស់លោក មិនទាន់អនុញ្ញាតឲ្យចូលផងដែរ។
ដោយក្ដីអាណិតចំពោះពូម៉ៅ អ្នកគាំទ្រ បាន បន្តផុសរូបថត និងវីដេអូ របស់ពូម៉ៅ និងអ្នកស្រី ទ្រី ដាណា ជាបន្តបន្ទាប់ទៀត ដើម្បីឲ្យអ្នកស្រីទ្រី ដាណា ទន់ចិត្ត ទុកឱកាសឲ្យពូម៉ៅនោះ។ ក្នុងចំណោមនោះ មានគណនីហ្វេសប៊ុកមួយ បានយកកម្រងរូបថតរបស់ពួកគេទាំង២ មកធ្វើជាវីដេអូ អមដោយការដាក់បទចម្រៀង «ចង់ត្រូវគ្នាវិញទេ» ផងដែរ។
ពូម៉ៅ បានចែករំលែកវីដេអូនេះ ចូលគណនីហ្វេសប៊ុករបស់ខ្លួន អមដោយCaptionយ៉ាងកម្សត់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា «មិនអាចខ្វះថ្លៃ»។ តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «ត្រូវគ្នាវិញទៅពូ, ត្រឹមត្រូវណាស់បងប្រុស, តាមអង្វរទៅពូម៉ៅ អង្វរទាល់តែ ប្រពន្ធទន់ចិត្ត, ទៅអង្វរគាត់ទៅហ៊ា កុំលែងគ្នាអី ចង់អោយបងទាំងពីរធ្វើជាគំរូ ល្អ,
សុំឲ្យផ្សះផ្សាត្រូវគ្នាវិញ និងតាំងចិត្តរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងរួមគ្នាមើលថែក្សាកូនកុំឲ្យគេមើលងាយកូន សុំទោស និងចេះកែកំហុសវិញ ម្តាយឪពុក ក៏ត្រូវគោរពស្រឡាញ់មុននឹងធ្វើអ្វីត្រូវចេះពិភាក្សាជាមួយភរិយា និងចេះយល់ចិត្តសន្ដោសគ្នាទៅវិញទៅមក ទើបមានក្តីសុខ ការបែកបាក់គ្នាគឺអ្នកលំបាកគឺកូន នេះហើយទុកជាមេរៀនជីវិតទៅ ជូនពរឲ្យបានរួមរស់ជាមួយគ្នាលុះអវសាន»៕