ស្របពេលមួយរយៈមុននោះ រឿងរ៉ាវបែកបាក់គ្រួសាររបស់បុគ្គលល្បីៗមួយចំនួន កាន់តែរីកដុះដាលពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ, លោកជំទាវ ហ៊ុន ស៊ីណាត បានចែករំលែកបទពិសោធន៍ថា តើត្រូវធ្វើដូចម្ដេច ដើម្បីមានក្ដីសុខក្នុងគ្រួសារនោះ។
លោកជំទាវ បានបង្ហោះរូបថតរបស់ខ្លួនស្ថិតក្នុងស្នាមញញឹម កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អមដោយសារ ចែករំលែកបទពិសោធន៍ដូច្នេះថា «មានបងប្អូនខ្លះសួរខ្ញុំថាត្រូវធ្វើម៉េច ទើបបានសុខក្នុងក្រុមគ្រួសារប្ដី និងប្រពន្ធនោះ ខ្ញុំថា មានពាក្យមួយឃ្លាត្រូវប្រើរួមគ្នា
គឺពាក្យអភ័យទោស និងបដិបត្តិនូវគុណធម៌ បើកចិត្តឱ្យទូលាយបំផុត បើប្ដីប្រពន្ធមិនប្រើក្នុងពាក្យអភ័យទោស និងគុណធម៌ទេ គឺមិនបានសុខដល់ចាស់ព្រឹទ្ធចាស់ព្រេងនោះឡើយ ហើយយាយចាស់ខ្ញុំនេះ គឺប្រើពាក្យទាំងនេះឯង ទើបបានសល់ពីគ្រាប់ផ្លោងមកដល់ថ្ងៃនេះហោង ចុងសប្ដាហ៍នេះសូមឲ្យហេង ហេងគ្រប់ក្រុមគ្រួសារ»។
ក្រោយចែករំលែកបទពិសោធន៍ហើយនោះ មានគេហទំព័រមួយចំនួន បានយកខ្លឹមសារលោកជំទាវ ទៅចុះផ្សាយភ្ជាប់ជាមួយរឿងអ្នកស្រី ទ្រី ដាណា និងស្វាមី ទើបលោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញយោបល់បន្ថែមលើរឿងនេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកជំទាវ បានចែករំលែកព័ត៌មាន ដែលគេចុះផ្សាយនេះ អមដោយការ បញ្ចេញយោបល់ដូច្នេះថា «ខ្ញុំស្រលាញ់ក្មួយៗទាំងពីរសូមឲ្យក្មួយទាំងពីរ ត្រូវចេះអភ័យទោសឲ្យគ្នាផងទៅគ្រួសារណា ក៏មានឈ្លោះគ្នាដែរ ប្រៀបធៀបដូចចានក្នុងវាវវាតែងតែប៉ះគ្នាអញ្ចឹងក្មួយគិតឡើងវិញ៕
ម្យ៉ាងទៀតកំហុសខុសឆ្គងរបស់ក្មួយរិទ្ធកន្លង មីងមិនដឹងថាក្មួយប្រុសខុសស្អីទេ ដូចនេះក្នុងនាមមីងជាអ្នកក្រៅផ្ទះក្មួយសូមឲ្យក្មួយស្រីទ្រីដាណា ទុកឱកាសឲ្យក្មួយរិទ្ធ ចុងក្រោយមួយដងទៀតទៅ អាណិតក្មេងៗវាឃើញឪពុកម្ដាយបែកបាក់គ្នានោះ មីងសង្ឃឹមថាក្មួយស្រីទ្រីដាណាយល់សម្ដីមីងក្នុងពេលនេះ សូមជូនពរដល់ក្មួយទាំងពីរឲ្យជួបតែសេចក្ដីសុខចម្រើនជៀសផុតពីគ្រោះចង្រៃទាំងពួង»៕