ប្រិយមិត្ត ច្បាស់ជា បានស្គាល់រួចមកហើយនូវ តារាសម្តែងជើងចាស់ កែវ កល្យាណ ដែលមានរូបសម្រស់ស្រស់ស្អាត គួរជាទីបេតី កាលពីជំនាន់មុន ដោយនៅពេលនោះ អ្នកណាក៏សរសើរ ពីសម្ផស្សរបស់លោកស្រីដែរ ជាសម្រស់ធម្មជាតិ គ្មានកែខៃបន្តិចនោះទេ។
កាលពីពេលថ្មីៗកន្លងទៅនេះ អតីតតារាសម្តែងជើងចាស់រូបនេះ បានស្នើដល់ទស្សនិកជនជួយកែតម្រូវនូវរាល់កំហុសឆ្គងទាំងឡាយនៃការសម្តែងរបស់កូនស្រីរបស់ខ្លួន ត្បិតកូនរបស់អ្នកនាង ទើបតែបង្ហាញខ្លួនការសម្តែងក្នុងខ្សែភាពយន្តជាលើកដំបូងក្នុងរឿង «រសជាតិអ្នកមាន»ប៉ុណ្ណោះ។
ជាការកត់សម្គាល់អតីតតារាសម្តែងនាទសវត្សរ៍ឆ្នាំ៩០អ្នកនាង កែវ កល្យាណ បានបោះបង់ការសម្តែងរបស់ខ្លួនទាំងស្រុង បន្ទាប់ពីនាង បានកសាងគ្រួសារ និងមានកូន បើទោះបីជាអ្នកនាងកំពុងមានវត្តមានរស់នៅក្នុងស្រុកក៏ដោយ។
កែវ ឡាវិញ គឺជាតំណក់ឈាមតែមួយគត់របស់អ្នកនាង ដែលបានស្នងតំណែងអ្នកនាងនៅក្នុងអាជីពសិល្បៈសម្តែង បើទោះបីជារហូតមកទល់ពេលនេះ កេរ្តិ៍ឈ្មោះកូនរបស់នាងនៅមិនទាន់លោតខ្លាំងនៅក្នុងវិស័យសិល្បៈក៏ដោយ។
យ៉ាងណាក្ដី បើទោះបីជាទើបប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែកញ្ញា កែវ ឡាវីញ ត្រូវបានគេសន្និដ្ឋានថា នាងអាច នឹងមានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារមិនចាញ់ម្ដាយ គឺអ្នកនាង កែវ កល្យាណ នោះឡើយ ខណៈកម្រិតវប្បធម៌វិញក៏ខ្ពស់ផងដែរ ដោយនាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក Design នាសកលវិទ្យាល័យស៊ីតិច។
ការអះអាងបែបនេះ ដោយសារតែកែវ ឡាវិញ មានរូបសម្រស់ស្អាតទាក់ទាញ ចំណេះដឹងខ្ពស់អាចនិយាយភាសាចិន, អង់គ្លេស និងថៃ បានផងដែរ ជាពិសេសសមត្ថភាពសិល្បៈក៏មានពេញខ្លួន គួបផ្សំជាមួយការជំរុញ និងលើកទឹកចិត្តពេញទំហឹងពីអ្នកម្ដាយទៀតនោះ។
ដោយឡែកនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃខួបកំណើត កូនស្រីរបស់ខ្លួន កញ្ញា កែវ ឡាវិញ នោះ តារាសម្តែងជើងចាស់ កែវ កល្យាណ បានបង្ហោះសារជូនពរដ៏មានន័យថា «ថ្ងៃ 14/09/1999 នេះជាថ្ងៃកូនស្រីសម្លាញ់ចាប់កំណើត ម៉ាក់ជូនពរសូមទេវតាទាំង 8 ទិសជួយតាមថែរក្សាកូន ឲ្យមានសុខភាពល្អជៀសផុតនូវជំងឺរោគាទាំងអស់ បំពេញការងារជោគជយ័ក្នុងឆាកជីវិត ពិសេសឈ្នះអស់ មាសត្រូវ ពីមុខនិងពីក្រោយ»៕