អ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបរួចមកហើយថា មុននឹងលែងលះគ្នាជាផ្លូវការកាលពីចុងឆ្នាំ២០២០នោះ លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា មានកូន៣នាក់ជាដំណក់ឈាមរួមគ្នា ក្នុងនោះប្រុស២នាក់ និងកូនស្រីពៅម្នាក់។
កូនទាំង៣នាក់របស់ពួកគេ រួមមាន កូនប្រុសបងឈ្មោះ ឌួង គីមវិសាល មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ។ កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅឈ្មោះ ឌួង រាជនីគុជ។ បច្ចុប្បន្ន ពួកគេ ទាំង៣នាក់ កំពុងរស់នៅជាមួយនឹងអ្នកនាង ដេត ម៉ាលីណា ដែលទទួលបានអំណាចមេបា ក្នុងការមើលថែគ្រប់គ្រងកូននោះ។
ជារឿយៗលោក ឌួង ឆាយ តែងតែបង្ហាញពីអារម្មណ៍នឹករលឹកកូន តាំងពីពេលលែងលះគ្នាជាមួយភរិយា រហូតមកដល់ពេលនេះ ហើយការនឹករំលឹកនោះទៀតសោត លោកក៏តែងតែបង្ហាញអារម្មណ៍អាណិតចំពោះកូនប្រុសច្បងរបស់ខ្លួនផងដែរ។
ជាក់ស្ដែង នៅក្នុងការឡាយ វីដេអូ បកស្រាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ លោក ក៏បានលើកឡើងពីព្យុះភ្លៀងធំៗកើតឡើងក្នុងគ្រួសាររបស់លោក ក្នុងនោះលោក បានបញ្ជាក់ថា រឿង ដែលធំបំផុតក្នុងឆាកជីវិតរបស់លោក នៅពេលដែលកូនប្រុសច្បងរបស់លោកឈឺ លោកបានលះបង់សព្វគ្រប់បែបយ៉ាង សូម្បីតែជីវិតរបស់ខ្លួនឯង ដើម្បីជួយស្រោចស្រង់ជីវិតកូនប្រុស។
ដោយឡែក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ឌួង ឆាយ ក៏បាន បង្ហោះសារបង្ហាញការនឹករំលឹក និងអាណិតចំពោះកូនរបស់ខ្លួនដូច្នេះថា «ពុកនឹកកូនៗណាស់ ពុកពិតជាអាណិតកូនៗណាស់ដែលត្រូវមកជួបរឿងបែបនេះ ជាពិសេសកូនប្រុសច្បងនៅឈឺ និងកូនស្រីពៅទើប 1 ខួបជាងមិនទាន់ដឹងអីទាំងអស់គ្រួសារត្រូវមកជួបរឿងបែបនេះ។
ពុកនឹងតស៊ូរឹងមាំឆ្លងកាត់ឧបសគ្គទាំងអស់នេះដើម្បីអនាគតកូនៗ កូនៗត្រូវការពុកនៅពេលធំឡើង។ បើពុកមិនខ្វាយខ្វល់ពីកូនៗ ពុកគិតតែខ្លួនឯងដូចគេមកដល់ថ្ងៃនេះពុករស់នៅស្រួលសោយសុខសប្បាយណាស់ ប៉ុន្តែមួយជីវិតពុកគឺជាមនុស្សទទួលខុសត្រូវជានិច្ច»។
គួរបញ្ជាក់ថា កាលពីមិនទាន់បែបបាក់គ្រួសារនោះ មានវីដេអូមួយ ដែលធ្វើឲ្យអ្នកគាំទ្រខ្លោចចិត្តអាណិតចំពោះកូនប្រុសច្បងរបស់លោក ដោយសារតែរូបគេ និយាយមួយៗធ្វើការបួងសួង ឲ្យភ្នែករបស់គេឆាប់ ជាអាចមើលឃើញពេញពិភពលោក។ ម្យ៉ាងទៀត ពេលនេះ ក្មេងប្រុសម្នាក់នេះ ត្រូវមកជួបបញ្ហាមួយទៀត ដោយរស់នៅបែកបាក់គ្រួសារ ខ្វះភាពកក់ក្ដៅដូចពីមុនទៀត៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖