រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានស្ងប់ស្ងាត់ បាត់មុខបាត់មាត់មួយរយៈពេលធំ អតីតម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ត្រូវបានគេទម្លាយឱ្យដឹងថា កំពុងតែសម្ងំសាងសុភមង្គលជាមួយនឹងគូស្នេហ៍ថ្មី ព្រមទាំងត្រៀមសម្រាលកូនដំបូងជាមួយគ្នាថែមទៀតផង។
យោងតាមសំណេរប៉ុន្មានបន្ទាត់បង្ហោះដោយគណនីហ្វេសប៊ុកមួយ ដែលគេដឹងថា ជាគូសេ្នហ៍ថ្មីលោក ប៊ុត សីហា កាលពីថ្មីៗកន្លងទៅនេះ បានឱ្យដឹងយ៉ាងដូច្នេះថា «See you soon baby តែចាញ់ដល់ហើយកូន ចឹងបានគេថា ចាញ់កូនពិបាកណាស់ ឥឡូវស្គាល់ហើយ»។
គួររំលឹកថា ប៊ុត សីហា គឺជាតារាចម្រៀងមួយរូប ដែលធ្លាប់មានប្រជាប្រិយភាពខ្លាំងបំផុត បន្ទាប់ពីបានសាងកេរ្តិ៍មួយប្រាវជាមួយរស្មីហង្សមាស ក្រោយជាប់ជាម្ចាស់ពានរង្វាន់កម្មពិធីចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១» ។
ប៉ុន្តែកេរ្ដិ៍ឈ្មោះល្បីល្បាញមិនបានប៉ុន្មាន ប៊ុត សីហា ក៏បានរងអាស្រូវថា បានប្រើប្រាស់គ្រឿ,ងញៀ,ន និងជាមនុស្សមិនគោរពពេលវេលា ហើយអ្វីៗគ្រប់យ៉ាងដែល ប៊ុត សីហា បានខំប្រឹងប្រែងទាំងអំបាលម៉ាន ក៏ត្រូវបានរលាយដូចអំពិលត្រូវថ្ងៃ។
បើទោះជាយ៉ាងណា តារាចម្រៀងនិយមលេងស្តាយ៍ទម្លាក់សក់គ្របចិញ្ចឹមលោក ប៊ុត សីហា ក៏ត្រូវបានផលិតកម្មជាច្រើនទាក់ទងឱ្យមករួមរស់ជាមួយ និងមានបទច្រៀងចេញជាហូរហែ តែមួយរយៈចុងក្រោយនេះ ប៊ុត សីហា ហាក់ស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែបែរជាធ្លាយដំណឹងដ៏រីករាយថា បច្ចុប្បន្នរូបគេជាមួយនឹងគូស្នេហ៍ថ្មី កំពុងតែត្រៀមខ្លួនទទួលសមាជិកដំបូង ដែលអាចនឹងសម្រាលនៅចន្លោះ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ៕ ប្រភព ៖ តារាញូស៍