កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ Lisa សមាជិករបស់ក្រុម BLACKPINK បានចេញវីដេអូចម្រៀង MV ជាផ្លូវការបទ «LALISA» ហើយក្នុងឈុតមួយនៃMVនេះ Lisa បានដាក់បញ្ចូល រូបប្រាសាទភ្នំរុង ដែល ជាបុរាណស្ថានដ៏សំខាន់ប្រចាំ ខេត្តបុរីរម្យ ប្រទេសថៃ ជាទឹកដីកំណើតរបស់នាងនោះ។
ជុំវិញការបញ្ចូលរូបប្រាសាទនេះ មានទាំងមតិវិជ្ជមាន និងអវិជ្ជមានពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ទើបទំព័រហ្វេសប៊ុក «Amazing Cambodia» បានធ្វើការវែកញែក ដោយពន្យល់ ភ្ជាប់ជាមួយភស្ដុតាងដូច្នេះថា «តើការប្រើរូបប្រាសាទដែលជាអរិយធម៌ខ្មែរសម័យអង្គរតុបតែងឆាកក្នុងចម្រៀងបរទេសជារឿងគួរឲ្យក្តៅក្រហាយដែរឬ?
មានប្រតិកម្មជាច្រើនទាំងវិជ្ជមាន និង អវិជ្ជមានចំពោះការយករូបប្រាសាទដើមរបស់ខ្មែរទៅប្រើប្រាស់ជាឆាកក្នុង MV របស់អ្នកចម្រៀងជនជាតិថៃឈ្មោះ Lisa (Lalisa Manoban) នៃក្រុម Blackpink របស់ប្រទេសកូរ៉េ។ ខ្ញុំសូមលើកចំណុចសំខាន់ៗមួយចំនួនមកចែករំលែក តែខ្ញុំមិនមែនជា fan គាំទ្រចម្រៀងរបស់នាង ឬ ជា fan ឧស្សាហកម្មចម្រៀងរបស់ប្រទេសកូរ៉េឡើយ (ដូចនេះ ខ្ញុំមិនទទួលឥទ្ធិពលពីប្រជាប្រិយភាពរបស់នាង ឬ ក្រុមរបស់នាងឡើយ):
១. ប្ញសគល់នៃបញ្ហា គឺ ត្រង់ថាអ្នកប្រើបណ្តាញហ្វេសប៊ុកក្នុងស្រុកជាច្រើនគិតថា អ្នកចម្រៀងរូបនេះមានចេតនាចង់ចម្លងប្រាសាទ “ខ្មែរ” ទាំងដែលនាងជាថៃសោះ។ បើតាមជីវប្រវត្តិរបស់នាង នាងមានឈ្មោះដើមថា ប្រាណព្រីយ៉ា មនោបាល (ដូរទៅជា ឡាលីសា មនោបាន) មានកំណើតនៅខេត្តបុរីរម្យ អតីតខេត្តមួយរបស់ខ្មែរពីអតីតកាល។ យើងក៏ដឹងហើយថា ប្រាសាទភ្នំរុង ជាគោលដៅទេសចរណ៍ និង ជាបុរាណស្ថានដ៏សំខាន់ប្រចាំខេត្តនោះ អាចថាជាអត្តសញ្ញាណរបស់ខេត្តក៏បាន។
ហេតុអ្វីបានជា សិល្បការិនីមួយរូបមិនអាចផ្សព្វផ្សាយពីកន្លែងកំណើត ឬ បញ្ចូលអ្វីដែលទាក់ទងនឹងស្រុកកំណើតរបស់នាងទៅក្នុងស្នាដៃសិល្បៈរបស់នាងបាន? ឧទា: ខ្មែរម្នាក់កើតនៅប៉ៃលិន គាត់មិនអាចបង្ហាញពីភ្នំយ៉ាត ឬ វត្តកោងកាង លើឆាកអន្តរជាតិបានទេឬ ដោយសារតែវាជាស្លាកស្នាមវប្បធម៌ជនជាតិកូឡា? អ្នកបាត់ដំបងគ្មានសិទ្ធិផ្សាយពីមីកូឡា មីកន្តាំង ឬ វិហារចិនស្វាយប៉ោបាន ដោយសារវាជារបស់ដើមរបស់សាសន៍គេ? ហ្នឹងមិនរាប់ ករណីដែលនាងអាចមានសែស្រឡាយឈាមជ័រជាខ្មែរសុរិន្ទ (សព្វថ្ងៃ ហៅថា ថៃឦសាន) ផង!
២. អ្នកខ្លះយកប្រាសាទដែលនាងប្រើទៅផ្ទឹមនឹងរូបប្រាសាទបន្ទាយស្រីដែលសព្វថ្ងៃជារបស់ខ្មែរ។ វាគ្រាន់តែមានរចនាបថដូចឬស្រដៀងគ្នា (បើមើលតែនឹងភ្នែក) តែមិនអាចទាញថា Concept ពិតរបស់នាងពិតជាចម្លងចេញពីប្រាសាទបន្ទាយស្រីដូចការចោទប្រកាន់នោះទេ។ រចនាបថបែបនេះមានបង្កប់នៅក្នុងមត៌កស្ថាបត្យកម្មខ្មែរជាច្រើនទាំងនៅក្នុងនិងនៅក្រៅប្រទស (ប្រទេសជិតខាងបច្ចុប្បន្ន)។
តាមពិត រចនាបថនេះយកលំនាំតាមផ្នែកមួយនៃប្រាសាទភ្នំរុងដែលពិតជាមត៌កវប្បធម៌-ប្រវត្តិសាស្ត្ររបស់ខ្មែរពីអតីតកាល ប៉ុន្តែ(សព្វថ្ងៃ)វាកំពុងស្ថិតក្នុងបូរណភាពទឹកដីប្រទេសថៃទៅហើយ។ ហេតុអ្វីបានជាយល់ថា ប្រជាជនជាតិសាសន៍មួយមិនអាចប្រើអ្វីដែលស្ថិតក្រោមការគ្រប់គ្រងក្នុងដែនដីរបស់គេបច្ចុប្បន្នបាន? គេមិនអាចថតកុន ថតចម្រៀង ឬ យកជា concept inspiration ទៅច្នៃជាផលិតផលសិល្បៈថ្មីៗបាន?
៣. ក្តីបារម្ភមួយទៀតរបស់កូនខ្មែរ (មួយចំនួន) គឺចេះតែខ្លាចថាពេលបទគេផ្ទុះល្បីខ្លាំងទៅ ពិភពលោកយល់ច្រឡំថា ប្រាសាទហ្នឹងជារបស់ថៃ គេលែងស្គាល់ថាជាប្រាសាទខ្មែរ។ ត្រង់ចំណុចហ្នឹង ខ្ញុំគិតថា ផលិតករមិនទាន់សរសេរអក្សរលោតថា “ប្រាសាទថៃកសាង” លើនោះឯណា? ហើយទស្សនិកជនទូទាំងពិភពលោក ក្នុងបរិបទសម័យ Internet បើមានរឿងអ្វីមួយដែលគេសង្ស័យ គេអាច search Google រកឃើញការពិតហើយ។ មិនមែនអ្នកស្តាប់សុទ្ធតែមនុស្សល្ងង់ឯណា? ក្មេងវិទ្យាល័យក៏ចេះ search ដែរ! សម្រាប់ករណីប្រាសាទភ្នំរុងមួយនេះ នៅក្នុង wikipedia (ដែលភាគច្រើននិយមចូលមើលព័ត៌មានទូទៅ) មិនថា ជាភាសាខ្មែរ ភាសាថៃ ឬ អង់គ្លេសទេ សុទ្ធតែបានលើកពីប្រវត្តិវាមានភ្ជាប់ព្រះនាមព្រះមហាក្សត្រខ្មែរសម័យអង្គរ មានន័យថាអ្នកណាៗក៏ដឹងថាជាស្លាកស្នាមវប្បធម៌ខ្មែរដែរ (មិនរាប់បញ្ចូល ក្មេងៗក្នុងហ្វេសប៊ុក ឬ Tik Tok ដែលនិយាយមិនផ្លូវការ)។ បើមានឯកសារយោងហើយ ភ័យធ្វើអី?
៤. នៅក្នុងគេហទំព័រផ្លូវការរបស់សារព័ត៌មានអន្តរជាតិធំៗ CNN ក៏គេបញ្ជាក់ប្រើពាក្យថា Buriram: Khmer Ruins, UNESCO ដាក់ថា “built by King Surayavarman II’s relative…” ជាដើម។ យើងទៅខ្វល់អីនឹងថៃឬខ្មែរមួយចំនួនដែលនិយាយមិនសាច់ការ (i.e. online news, fake accounts, individual posts…etc)
សួរថាពិភពលោកគេមើលនិងជឿតាមស្ថាប័ន media ធំៗ ឬ ការបង្ហោះឯកជនរបស់បុគ្គលក្នុងហ្វេសប៊ុក??? (សូមមើលរូបភ្ជាប់ចម្លងចេញពី CNN & UNESCO website ខាងក្រោម)
៥. បើយើងពិតជាខ្វល់រឿង ភាពជាកម្មសិទ្ធិ ឬ ភាពជាម្ចាស់ដើម (ownership/ originality) ចុះម្តេចពេលមុន ពេលដែលតារាបរទេស Taylor Swift យកវីដេអូfootageទាក់ទងពីប្រាសាទខ្មែរជំនាន់មុនបញ្ចូលក្នុងចម្រៀងរបស់គេ យើងមិនប្រតិកម្មឈឺចិត្តដែលគេយកប្រាសាទយើងទៅប្រើមិនឆ្លងកាត់ក្រសួងវប្បធម៌ខាងយើង ឬ ផ្តល់ដំណឹងឲ្យយើងដឹងមុនពេលចេញផ្សាយដែរទៅ? យើងទៅជាគិតថាជាមោទកភាពដែលបរទេសយកវប្បធម៌ខ្មែរទៅជួយផ្សព្វផ្សាយឲ្យពិភពលោកបានដឹងទៅវិញ?
បើធ្លាប់មានផ្នត់គំនិតបែបនេះដែរ យើងគួរគិត on the bright side (វិជ្ជមាន) ថា បើបទនោះល្បី វាអាចជួយទាក់ទាញកូរ៉េ ឬ fan ក្រុមចម្រៀងនោះគ្រប់ទិសទីឲ្យមកទស្សនារចនាបថប្រាសាទដូនតារបស់យើងដែលកំពុងស្ថិតនៅទាំងពីរប្រទេស (ទាំងថៃនិងខ្មែរ ព្រោះប្រាសាទបែបនេះមានរ៉ាយប៉ាយច្រើនទីតាំង) និយាយទៅគឺចូលរួមចំណែកលើកស្ទួយទេសចរណ៍ក្នុងតំបន់ (ឥទ្ធិពលដោយប្រយោល) ។
៦. បើស្រឡាញ់ជាតិ គួរយកពេលរង់ចាំតាមដាន Stalk សាសន៍ដទៃ ទៅច្នៃប្រតិដ្ឋបង្កើតអ្វីដែលថ្មីជាមុខមាត់មោទកភាពជាតិ កុំចាំដល់គេយកទៅបាន… ។ ថ្ងៃណាមួយនៅពេលយើងប្រឹងឲ្យដល់ position របស់គេសព្វថ្ងៃនេះ ឬ ចំណុចខ្ពស់វ៉ាដាច់គេ យើងនឹងលែងសូវមានអាការៈដូចសព្វថ្ងៃនេះដោយស្វ័យប្រវត្តិ។
ផ្ទុយទៅវិញ បើយើងនៅតែដូចបច្ចុប្បន្ន យើងនឹងនៅតែមានសម្ពាធ ភ័យខ្លាចបាត់បង់ ខឹងសម្បារ កើតទុក្ខទោម្នេញ បែបនេះរហូត។ សង្ខេប: “ប្តូរទម្លាប់ពីការចេញប្រតិកម្មខួបប្រាំងខួបវស្សា មកជាការប្រកួតប្រជែងបញ្ចេញថ្វីដៃក្នុងក្របខណ្ឌតំបន់ឲ្យឈានមុខគេ”»៕ ប្រភព ៖ Amazing Cambodia»