លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានប្រតិកម្មទៅនឹងអ្នកយកបទចម្រៀង «ជំនោរដើមខែ» មកច្រៀងឡើងវិញ ដោយមិនដាក់ប្រភពម្ចាស់ដើម ដោយគ្រាន់តែដាក់ បទ មរតកដើមប៉ុណ្ណោះ។
ក្រោយពីអ្នកនាងម៉េង កែវពេជ្ជតា ប្រតិកម្មនោះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ «Ban Mony Leak Fan» បានឆ្លើយតបទៅអ្នកនាងម៉េង កែវជ្ជតាវិញយ៉ាងចាស់ដៃ ធ្វើឲ្យតារាចម្រៀងសំឡេងរៃកណ្ដឹងរូបនេះ ទ្រាំពុំបានក៏ធ្វើការឆ្លើយតបទៅវិញ សំដៅទៅលើតារាចម្រៀង បាន មុន្នីល័ក្ខ តែម្ដង។
ភ្លាមៗនោះ គេមិនឃើញ តារាចម្រៀង បាន មុន្នីល័ក្ខ ឆ្លើយតបនោះទេ តែនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នាងបានបកស្រាយដូច្នេះថា «នាងខ្ញុំសូមគោរពជូនអ្នកបង ម៉េង កែវពេជ្ជតាដោយសារមួយរយៈនេះ បញ្ហាកូវិដប្អូនមកលេងស្រុកកំណើត មិនបានដឹងពីព័ត៌មានថ្មីៗ ប្អូនទើបតែឃើញព័ត៌មានពាក់ព័ន្ធនឹងបទជំនោរដើមខែម្សិលមិញនេះ!
ប្អូនក៏ទាក់ទងតាមឆាតទៅអ្នកបងភ្លាមៗ សុំការអនុគ្រោះពីអ្នកបង ប្អូនយកបទនេះមកច្រៀងឡើងវិញ ដោយសារប្អូនស្រលាញ់បទនេះ គាំទ្រអ្នកបង និងដោយសារជិតដល់រដូវបុណ្យភ្ជុំផង ទើបប្អូនលើកយកបទនេះមកច្រៀងសាឡើងវិញ! ប្អូនសូមអភ័យទោសអ្នកបងពីចម្ងាយ ដែលប្អូនមិនបានត្រួតពិនិត្យខាងបច្ចេកទេស អោយបានត្រឹមត្រូវ ប្អូនសង្ឃឹមថាអ្នកបងអនុគ្រោះ និង យោគយល់ដល់ប្អូន ហើយប្អូននឹងមិនអោយមានបញ្ហានេះកើតឡើងទៀតទេ»។
ដោយមិនអស់ចិត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បាន មុន្នីល័ក្ខ បានបង្ហោះសារបញ្ជាក់ទៀតថា «នាងខ្ញុំសូមគោរពជម្រាបសួរ ពុកម៉ែបងប្អូន និង អ្នកបង ម៉េង កែវពេជ្ជតា ចាសដោយសារ បញ្ហាពាក់ព័ន្ធ នឹងបទចម្រៀង “ជំនោរដើមខែ” ប៉ុន្មានថ្ងៃនេះ!
ឥឡូវនេះ នាងខ្ញុំ បាន មុនីលក្ខ័ បានធ្វើការលុបបទចម្រៀង មួយបទនេះ ចេញពី ឆានែលយូធូប របស់នាងខ្ញុំរួចរាល់ហើយ ដើម្បីកុំអោយមានបញ្ហាមិនសប្បាយចិត្តទាំងអស់គ្នានាងខ្ញុំ សូមសុំទោសម្តងទៀត ដែលមិនបានត្រួតពិនិត្យខាងបច្ចេកទេសអោយបានត្រឹមត្រូវ នាងខ្ញុំសូមសន្យាថា នឹងមិនអោយមានបញ្ហាបែបនេះ កើតឡើយទៀតទេនាងខ្ញុំសង្ឃឹមថា អ្នកបង ម៉េង កែវពេជ្ជតា និងពុកម៉ែបងប្អូនទាំងអស់គ្នា យោគយល់ និង អធ្យាស្រ័យដល់នាងខ្ញុំ»។
ទោះយ៉ាងណា អ្នកនាង ម៉េង កែវពេជ្ជតា មិនសុខចិត្តនោះទេ បានបង្ហោះសារនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយបកស្រាយ និងដៀល បាន មុន្នីល័ក្ខដូច្នេះថា «ជម្រាបសួរបងប្អូនទស្សនិកជន និងហ្វ៊ែនរបស់ពេជ្ជតាជាទីស្រលាញ់ សាមគ្គីគឺឈ្នះ ថ្ងៃនេះខ្ញុំសុំនិយាយពីកិច្ចការតស៊ូមតិដើម្បី ” អភិរក្ស រក្សាគុណតម្លៃម្ចាស់ស្នាដៃដើម ” ជាវគ្គបញ្ចប់
ពីរថ្ងៃហើយ ដែលខ្ញុំបានធ្វើការបង្ហោះអំពីការយកបទចម្រៀងរបស់គេទៅច្រៀងធ្វើអាជីវកម្មដោយមិនសុំអនុញ្ញាតពីម្ចាស់ និងមិនដាក់ឈ្មោះម្ចាស់ដើម។ ក្នុងការបង្ហោះរបស់ខ្ញុំ គោលបំណងធំគឺចង់បញ្ឈប់សកម្មភាពខុសឆ្គងនេះមិនអោយមានតទៅទៀតក្នុងគោលដៅអភិរក្ស រក្សាគុណតម្លៃអោយម្ចាស់ស្នាដៃដើម មានជាអាថ៌អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកច្រៀង។
មានមតិល្អៗច្រើនណាស់ពីបងប្អូនទស្សនិកជនដែលគាំទ្រនូវចំណាត់ការនេះ។ ដំបូង ខ្ញុំស្មានថាកំហុសឆ្គងខាងលើមានតែពួកយើងជាអ្នកសិល្បៈ និងហ្វ៊ែនៗខ្ញុំទេដែលដឹង ប៉ុន្តែឆ្លងតាមការមើលឃើញខមិនដ៏ច្រើនសន្ធឹកសន្ធាប់ពីអ្នកចូលរួមឃើញថាសូម្បីតែបងប្អូនមហាជនក៏មិនពេញចិត្តនូវទង្វើខុសឆ្គងទាំងនេះដែរ។
ពួកគាត់សុទ្ធតែបញ្ចេញយោបល់ក្នុងន័យរួមតែមួយគឺ ” ផឹកទឹកត្រូវនឹកប្រភព បានជ្រកម្លប់ត្រូវនឹកអ្នកដាំ ” បងប្អូនមហាជនបានបង្ហាញចំណាប់អារម្មណ៍ស្ទើរតែដូចគ្នាទាំងអស់ទៀតថា ការយកបទគេទៅច្រៀងថតបង្ហោះធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយមិនដាក់ឈ្មោះជូនម្ចាស់ដើម គឺជាទង្វើខ្វះសីលធម៌បំផុត។
វាគឺជាការបន្លំបំបាត់គុណតម្លៃម្ចាស់ស្នាដៃ ពិសេសម្ចាស់សំនៀងដើម ដែលទង្វើនេះធ្វើអោយបទចម្រៀងត្រូវវង្វេងម្ចាស់ ធ្វើអោយមានការភាន់ច្រឡំមិនដឹងអ្នកណាជាម្ចាស់សំនៀងដើមពិតប្រាកដ។
ថ្វីត្បិតតែកន្លងមកមានអ្នកច្រៀង ខូវើ បទខ្ញុំជាច្រើននាក់ ប៉ុន្តែក្នុងការតស៊ូមតិនេះ ខ្ញុំលើកយកតែករណី បានមន្នល័ក្ខមួយមកទេ មូលហេតុ ៖ ទី១. នាងបានយកបទចម្រៀងខ្ញុំទៅច្រៀងថតបង្ហោះធ្វើអាជីវកម្មតាមប្រព័ន្ធយូធូបច្រើនជាងគេ
ទី២. នាងមិនបានដាក់ឈ្មោះខ្ញុំជាម្ចាស់សំនៀងដើមនៅគ្រប់Video ចម្រៀងដែលនាងបង្ហោះមុនៗនោះទេ ទី៣.នាងមិនបានយកVideo ដែលគ្មានឈ្មោះខ្ញុំនោះមកកែឡើងវិញតាមការសន្យាលើកទី១របស់នាងទេ
ទី៤. បន្ទាប់ពីសុំទោសខ្ញុំលើកទី១ និងសន្យាថា ឈប់ធ្វើខុសទៀតហើយ មិនបានប៉ុន្មាននាងផុសបទចម្រៀងក្នុងឆានែលយូធូបនាងមិនដាក់ឈ្មោះខ្ញុំដដែល ទី៥. ចុងក្រោយថ្មីៗនេះ នាងបានយកបទល្បីរបស់ខ្ញុំ ជំនោរដើមខែ មកច្រៀងផុសក្នុងយូធូបមិនដាក់ឈ្មោះខ្ញុំទៀត ដែលការបង្ហោះលើកនេះនាងជាអ្នករៀបចំខ្លួនឯង
ឃើញថានាងសាងកំហុសឆ្គងច្រើនលើកច្រើនគ្រាបើទោះជាមានការណែនាំអំពីមហាជនទស្សនិកជនអោយនាងដាក់ឈ្មោះម្ចាស់សំនៀងដើមផងក៏នាងមិនធ្វើ។ នាងមានចេតនាមិនស្តាប់តាមសំណូមពរអំពីខ្ញុំ ដែលជាម្ចាស់សំនៀងនៃបទចម្រៀងដែលនាងយកទៅច្រៀងតាមទេ។
ខុសលើកទី១នាងសុំទោសមែន ប៉ុន្តែនាងនៅតែធ្វើខុសដដែលៗជាច្រើនដងទៀត។ ចំណែកសន្យាទាំងប៉ុន្មានរបស់នាង នាងនៅមិនទាន់ធ្វើទាំងអស់។ បន្ទាប់ពីសុំទោសខ្ញុំជាលើកទី២ប៉ុន្មានថ្ងៃនេះ និងបានសន្យាថាឈប់ធ្វើខុស រួចហើយ ពេលខ្ញុំឆាតទៅវិញ នាងមិនមើល មិនតប។
សរុបមកវិញតាមរយៈកាយវិការជាក់ស្តែងនេះ យើងពិចារណាបានថា មុន្នល័ក្ខមិនស្គាល់ចាស់ទុំរៀមច្បង ឬអ្នកដែលនាងធ្លាប់អាស្រ័យប្រយោជន៍ទេ ដូចជាទង្វើរបស់នាងកន្លងមកដែលយកបទចម្រៀងខ្ញុំទៅច្រៀងមិនសុំ និងមិនដាក់ឈ្មោះដូច្នោះដែរ។
នាងជាមនុស្សខ្វះមាយាទ ខ្វះទឹកចិត្ត រមិលគុណ អាត្មានិយម ហ៊ានស៊ីមិនហ៊ានសង គ្មានភាពទទួលខុសត្រូវ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ។ នេះមិនមែនជាគំរូល្អឡេីយ ។ ទោះជាយ៉ាងណា ខ្ញុំមិនបានរង់ចាំការតបឆ្លើយពីនាងទៀតទេ ក៏មិនចង់បានការសុំទោសគ្មានតម្លៃរបស់នាងដែរ។
ទោះនាងតបឬមិនតបក៏មិនមែនមានន័យថាអ្វីៗត្រូវគាំងដែរទេ ព្រោះប្រធានបទ ” អភិរក្ស រក្សាគុណតម្លៃម្ចាស់ស្នាដៃដើម “របស់ខ្ញុំត្រូវបានមហាជនទទួលស្គាល់រួចទៅហើយ ចាប់ដំណើរការពីពេលនេះទៅហើយ! នេះទើបជាអ្វីដែលខ្ញុំចង់បាន!
ចំណែកកិច្ចការសេសសល់ពាក់ព័ន្ធនាង ខ្ញុំប្រគល់ជូនអ្នកចាត់ការ។ ខ្ញុំអស់ភារៈហើយ។ មេរៀនថ្ងៃនេះក៏ចាត់ទុកថាជាគំរូមួយសម្រាប់អ្នកផ្សេងៗទៀតស្វែងយល់ដើម្បីយកអនុវត្ត ជៀសវាងកំហុស ជៀសវាងការខាតបង់។
សូមអរគុណបងប្អូនហ្វ៊ែនទាំងជិតទាំងឆ្ងាយដែលចូលរួមជាមួយអាយដូលយ៉ាងក្លៀវក្លាបងប្អូនហត់នឿយហើយ ប៉ុន្តែយ៉ាងហោចណាស់ក៏យើងបានជួយអភិរក្សស្នាដៃរបស់រៀមច្បង ក៏ដូចជារបស់អ្នកគ្រប់គ្នារួមទាំងរបស់ខ្ញុំដែរដោយរក្សាបាននូវឈ្មោះម្ចាស់ដើមពិតប្រាកដ ហើយទាំងអស់នេះគឺជាផលប្រយោជន៍រួមរបស់មនុស្សជាតិ និងក៏ជាជោគជ័យធំដែលមានចំណែកអ្នកទាំងអស់គ្នាចូលរួមដែរ សាមគ្គីគឺឈ្នះ»៕