នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារ ប្រតិកម្មទៅនឹងអ្នកយកបទ បទ ជំនោរដើមខែ មកច្រៀងឡើងវិញ ប៉ុន្តែមិនរក្សាប្រភពម្ចាស់ដើមឡើយ ដោយគ្រាន់តែដាក់ថា បទ មរតកដើមប៉ុណ្ណោះ។
អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារដូច្នេះថា «បទ: ជំនោរដើមខែ ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រើនរយពាន់បទរបស់នាងខ្ញុំ ម៉េង កែវពេជ្ជតា។ ថ្វីត្បិតតែបទនេះ មានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩-៨៩ ) គឺលោកស្រី ម៉ម សុខា ប្រគំភ្លេងដោយក្រុមតន្ត្រី វិទ្យុជាតិកម្ពុជា
ប៉ុន្តែចំពោះទំនុកច្រៀងចាស់នោះ ពេជ្ជតា បានកែសម្រួលជាថ្មីខ្លះដើម្បីតម្រូវតាមតថភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា គឺប្តូរពីបទចម្រៀងបែបនយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ ដោយកាលណោះ ពេជ្ជតា បានប្រើពេលប្រើគំនិត និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទម្រាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប និងកាន់តែពេញនិយមសម្រាប់អ្នកស្តាប់គ្រប់ស្រទាប់។
មិនតែប៉ុណ្ណោះនៅលើប្រព័ន្ធ យូធូប ឃើញមានបងប្អូនយើងជាច្រើនមិនថាជាតារា ឬអ្នកធម្មតា រហូតដល់ខ្សែរាជវង្សក៏ចាប់អារម្មណ៍ថតបទចម្រៀងនេះឡើងវិញដែរ ក្នុងម្នាក់យ៉ាងហោចណាស់ក៏ពីរដង អ្នកខ្លះយកទាំងភ្លេងដើមរបស់ពេជ្ជតាទៅច្រៀងទៀតផង។
អ្នកដែលយកច្រៀងតាម ( Cover ) ទាំងនោះក៏ទទួលបានការសរសើរពីហ្វ៊ែនៗរបស់ពួកគេច្រើនគួរសម។ មិនចម្លែកទេព្រោះបទនេះជាបទល្បីស្រាប់ហើយ។ ប៉ុន្តែដែលចម្លែកនៅត្រង់ថា លើ Subtitle ពេលបង្ហោះរបស់ពួកគេ ក៏ដូចជានៅលើខមិនតបទៅអ្នកគាំទ្រ មិនដែលឃើញអ្នកច្រៀង Cover ឬម្ចាស់ឆានែលយូធូបខ្លះនោះហ៊ានប្រាប់គេថាបទនេះយកតាមលំនាំពេជ្ជតា ឬដាក់ Credit អោយម្ចាស់សំនៀងដើមទេ
ក្រៅពីប្រើពាក្យដដែលៗថា មរតកដើម។ (បើមិនស្គាល់លោកស្រី ម៉ម សុខា ព្រោះគ្មានសំឡេងគាត់នៅ ក៏គួរតែស្គាល់សំឡេង និងស្គាល់មុខរបស់ពេជ្ជតា ស្គាល់អាខោនពេជ្ជតា ដែរ ម្តេចមិនឆាតសួរ ព្រោះថាពួកគេច្រៀងតាមនាងពេជ្ជតា ក្នុងផលិតកម្មឆ្លងដែនទេតើ) ? ? ?
តើមូលហេតុអ្វីទៅហ្ន៎ ដែលពួកគេចូលចិត្តធ្វើរំលងដដែលៗបែបនេះ ? ខ្លាចម្ចាស់ដើមល្បីជាង? ខ្លាចគេថាខ្លួនអន់? ចង់បំបាត់ឈ្មោះម្ចាស់ដើម? ឬចង់អោយជំនាន់ក្រោយច្រឡំ? តើវាពិបាកជាងម្ចាស់ស្នាដៃខ្លាំងណាស់មែនទេ ដែលគ្រាន់តែដាក់ឈ្មោះអោយគេដោយមិនចំណាយលុយមួយជ្រុងសេនផង?
ហ៊ឺ..បើមិនគិតដល់ផ្លូវច្បាប់ ក៏គួរតែគិតពីផ្លូវចិត្តម្ចាស់បទដែរ។ ស្នាដៃនីមួយៗឆ្លងកាត់ការលំបាកច្រើនណាស់ទម្រាំចេញជាផ្លែផ្កាមក ម្តេចក៏អ្នកយកស្រាប់ៗសោះអត់ចិត្តថ្លើមអ្វីយ៉ាងនេះលោក? បើមិនដឹងថាយកបទគេមកច្រៀងគួរធ្វើអ្វីខ្លះជាការអរគុណដល់ម្ចាស់ដើម អ្នកគួរមើលរូបថតគំរូរបស់ខ្ញុំមួយផ្ទាំងនេះទៅ។
បើមានខ្វះចន្លោះខ្លះក៏ព្រោះខ្វះឯកសារ តែក៏មិនអត់សោះដែរ មិនមែនស្អីក៏មរតកដើមនោះទេ ព្រោះអ្នកច្រៀងអ្នកភ្លេងនៅរស់នៅឡើយ! ខ្ញុំជឿថាអត្ថបទនេះនឹងមានអ្នកខឹងខ្ញុំ តែខ្ញុំមិនខ្វល់ ព្រោះខ្ញុំធ្វើនេះក៏ដើម្បីការពារតម្លៃអោយម្ចាស់បទដើមគ្រប់បទមិនចំពោះតែបទរបស់ខ្ញុំទេ។
តែខ្ញុំសូមអរគុណបងប្អូនទស្សនិកជន ហ្វ៊ែនៗដែលយល់ចិត្តខ្ញុំ ដឹងថា ខ្ញុំត្រូវគេយកបទទៅច្រៀងកើបលុយ ហើយមិនអរគុណតែខ្លះបែរជាមកតាមខាំញាំញីកិត្តិយសខ្ញុំវិញទៀត ដូច្នេះខមិនរបស់អ្នកទាំងអស់គ្នាគឺជាថ្នាំដាស់សតិដ៏សក្ដិសិទ្ធិដល់អ្នកខ្លះដែលមិនអោយតម្លៃម្ចាស់ដើម។ បទនេះខ្ញុំនឹងបង្ហោះលើឆានែលយូធូបរបស់ខ្ញុំនាថ្ងៃនេះ សូមអញ្ជើញចូលទស្សនាដោយមេត្រី»។
ក្រោយពី អ្នកនាង បានបង្ហោះសារដូចខាងលើនេះ រួចមក ស្រាប់តែគណនីហ្វេសប៊ុកមួយឈ្មោះ «Ban Monyleak Fan» បានឆ្លើយតបបែបឌឺដង ផ្លែផ្កា ហើយអ្នកនាង ម៉េង កែវពេជ្ជតា ហាក់គិតថា ជា តារាចម្រៀង បាន មុន្នីល័ក្ខ នោះ ទើបប្រតិកម្មវិញឥតសំចៃ និងទាមទារឲ្យធ្វើការបកស្រាយផងដែរ។
អ្នកនាងម៉េង កែវពេជ្ជតា បានស្ក្រីនសតសាររបស់គណនីហ្វេសប៊ុកខាងលើ យកមកបង្ហោះ ដោយធ្វើការប្រតិកម្មធ្ងន់ៗដូច្នេះថា «ចរិតនាងមិនកែប្រែទេបងប្អូន មិនសុំទោសក៏ហីចុះ តែមើលសម្តីនាង ខាំញេញយ៉ាងគឃ្លើនគួរអោយក្នាញ់ តើនាងសមជាតារាគំរូអោយគេគោរពទេបងប្អូន ?
តើនាងសមជាមនុស្សគំរូដល់មហាជនទេបងប្អូន ? ចូលមកខមិនតែពាក្យដដែលៗគ្រប់កន្លែងតែម្តងដូចគ្មានមេបាប្រដៅខ្ញុំដឹងថា អ្នកទាំងអស់គ្នានឹងនិយាយប្រាប់ខ្ញុំថា ខមិននេះជារបស់ Fan ប៉ុន្តែ បើជា Fan ក៏នាងដឹង ហេតុអីនាងបណ្ដោយ? បើនាងល្អនាងគួរតែហាម មែនទេ? ចុះបើនាងមិនហាម បានន័យថាម៉េចខ្ញុំក៏មាន Fans មិនតិចដែរ ប៉ុន្តែខ្ញុំមិនដែលអោយ Fan ធ្វើបែបនេះទេ សូមបងប្អូនជួយពិចារណាតាមការគួរអំពីចរិតស្រីម្នាក់នេះផង»។
ជុំវិញរឿងរ៉ាវខាងលើនេះ រហូតមកដល់ម៉ោង១០យប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ មិនទាន់ឃើញ តារាចម្រៀង បាន មុន្នីល័ក្ខ ធ្វើការឆ្លើយតប ឬបកស្រាយ ដើម្បីជម្រះមន្ទិលនៅឡើយទេ។ បើមានការឆ្លើយតបណាមួយនោះ យើងនឹងផ្សាយជូនបន្តទៀត៕