គេនៅចាំបានថា តារាចម្រៀងល្បីឈ្មោះឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍បង្កើតជីវិតគ្រួសារ ជាមួយនឹងកូនថៅកែរោងម៉ាស៊ីនកិនស្រូវដ៏ធំនៅទឹកដីខេត្តកំពង់ចាម អ្នកស្រី សែ ចាន់ឌី ដោយពិធីនោះធ្វើឡើងយ៉ាងឱឡារិក នៅតាមបណ្តាយផ្លូវជាតិលេខ ៦A ស្ថិតនៅក្នុង ភូមិតាសែន ឃុំសុទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពោលគឺនៅទីលានដីដ៏ធំរបស់ថៅកែស្រូវ លោក ហាក់ សែ ដែលជាឪពុកក្មេករបស់លោក ឆាយ វីរៈយុទ្ធ។
នៅចំពោះមុខភ្ញៀវដែលអញ្ជើញចូលរួមចំនួន ២០០ តុ ដែលភាគច្រើនជាភ្ញៀវខាងស្រី និងសុទ្ធសឹងជាអ្នកជំនួញ ខណៈភ្ញៀវជាអ្នកសិល្បៈរួមអាជីព ដូចជា លោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញាសុខ ស្រីនាង លោកមាស សាលី លោក ហេង ឡុង លោកប៉ែន ចំរ៉ុង លោក ដួង វីរៈសិដ្ឋ លោក អ៊ី ណូ នាយ កុយ នាយ ចាប ចៀន និង អ្នកនាង ខាត់ សុឃីមជាដើម។ ក្នុងនោះក៏ឃើញវត្តមានចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផងដែរ។
ក្រោយរៀបការ នៅចុងឆ្នាំ២០១៩ លោកឆាយ វីរៈយុទ្ធ ក៏ទទួលបានកាដូកូនស្រីម្នាក់ និងបានបង្ហោះសាររៀបរាប់ថា «វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម ខណៈកូនប្រុស នាយ ចយ កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សម្រាលនៅវេលាម៉ោង ៩៖៣២ នាទីយប់ មានទម្ងន់ ៣គីឡូ ៣ខាំ»។
ដោយឡែក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ជាថ្ងៃខួបកំណើតភរិយារបស់ខ្លួននោះ តារាចម្រៀងជួរមុខនៅផលិតកម្មសាន់ដេ រូបនេះ បានរៀបចំយ៉ាងសាមញ្ញ តែការតុបតែងតាមបែបធម្មជាតិមើលទៅពិតជាទាក់ទាញខ្លាំងណាស់។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនោះ លោក ឆាយ វីរៈយុទ្ធ បានប្រាប់យ៉ាងខ្លីថា «រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ 09.09.2021 ឆ្នាំនេះមានតែនៅចំការជាមួយធម្មជាតិទេ »។
តាមរយៈនេះ មានការផ្ញើសារជូនពរភរិយាលោក ឆាយ វីរៈយុទ្ធ ព្រោងព្រាត ហើយជាការឆ្លើយតប អ្នកនាង បានបង្ហោះសារថា «ខ្ញុំសូមអរគុណចំពោះបងប្អូន និងមិត្តភក្តិជាទីស្រលាញ់រាប់អានទាំងអស់ ដែលបានផ្ញើសារជូនពរថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំសូមជូនពរអោយបងប្អូន និងមិត្តភក្តិទាំងអស់គ្នា ជួបប្រទះតែសេចក្តីសុខ សំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច»៕