រាជធានីភ្នំពេញ ៖ បើទោះជាបានលាចាកលោក និងត្រូវឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់ ប៉ុន្តែកេរ្ដិ៍ឈ្មោះដ៏ក្រអូបសាយ និងស្នាមញញឹមតារាកំប្លែងជើងចាស់ប្រុសស្រីចំនួន៥ដួងនេះ នៅតែធ្វើឱ្យទស្សនិកជនមិនអាចបំភ្លេចបាន ។ ដោយក្នុងនោះរួមមាន៖
១. តារាកំប្លែងទស្សវត្តឆ្នាំ៩០ លោក វ៉ាងដឺ៖ លោក វ៉ាងដឺ គឺជាតារាកំប្លែងមួយរូបដែលបានបង្ករសំណើចដល់អ្នកទស្សនាគ្រប់ស្រប់វ័យ មិនថាចាស់ឬក្មេង នៅពេលបានទស្សនាការសម្ដែងរបស់លោកច្បាស់ជាភ្លេចនូវទុក្ខកង្វល់ជាខានឡើយ ។ ប៉ុន្តែគ្រប់យ៉ាងសល់តែការចងចាំ ព្រោះលោកបានលាចាកលោកអស់រយៈពេលជាង២០ឆ្នាំមកហើយ ។
២. តារាកំប្លែងលោក ធូ ចំរុង ហៅនាយ សានម៉ៅ៖ លោក ធូ ចំរុង ហៅនាយ សានម៉ៅ គឺជាសិល្បករជើងចាស់មួយរូបដែលបានឈរជើងក្នុងវិស័យសិល្បៈបុរាណខ្មែរអស់រយៈពេលជាង៤០ឆ្នាំ ជាមួយនឹងផ្នែកកំប្លែង និងល្ខោនបាសាក់ ។ នាយ សានម៉ៅ បានទទួលមរណភាពកាលពីកំឡុងឆ្នាំ២០១៩ ក្នុងជន្មាយុ៦០ឆ្នាំ ដោយសាររោគគាពាធ ។
៣. តារាកំប្លែងនាយ វីតាមីនសេ៖ តារាកំប្លែងជើងចាស់នាយ វីតាមីនសេ ក៏មិនខុសពីតារាកំប្លែងនាយ សានម៉ៅ ប៉ុន្មានឡើយ លោកបានសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់រយៈពេលមិនតិចជាង ៤០ឆ្នាំនោះឡើយ ។ តែនាយ វីតាមីនសេ បានលាចាកលោកក្នុងវ័យ ៦៩ឆ្នាំដោយជំងឺរាំរ៉ៃ និងជំងឺប្រចាំកាយផ្សេងៗទៀត ។
៤. តារាកំប្លែង យាយខ្លី៖ អតីតម្ចាស់ជ័យលាភីលេខ១ ផ្នែកចម្រៀងអាយ៉ៃ ក្រោយទសវត្សរ៍ឆ្នាំ៩០ លោកយាយខ្លី គឺជាសិល្បការិនីជើងចាស់មួយរូបដែលបានសាងកេរ្ដិ៍ឈ្មោះជាច្រើននៅលើវិស័យសិល្បៈខ្មែរ ជាពិសេសគឺស្នាដៃផ្នែកកំប្លែង ។ ប៉ុន្តែជាអកុសល តារាកំប្លែងមានកំណើតមកពីខេត្តព្រៃវែងរូបនេះ បានទទួលមរណភាពកាលពីកំឡុងឆ្នាំ២០១៤ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយសារជំងឺប្រចាំកាយជាច្រើនមុខ ។
៥. តារាកំប្លែងជើងចាស់នាយ ស្មាញ ៖ តារាកំប្លែងនាយ ស្មាញ ក៏ជាតារាកំប្លែងមួយរូបស្ថិតក្នុងអារ្មណ៍ទស្សនិកជនដែលមិនអាចនឹងបំភ្លេចបាន ជាពិសេសគឺហេតុការដ៏រន្ធត់មួយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ហើយវេលានោះ ក៏ជាវេលាមួយដែលសោកសៅបំផុតសម្រាប់ក្រុមគ្រួសាររបស់លោកផងដែរ ។ ពោលគឺនាយ ស្មាញ ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍កណ្ដាលថ្ងៃ ហើយក៏បានទទួលមរណភាពក្នុងពេលកើតហេតុនោះតែម្ដង ៕
ប្រភពពីតារាញូស៍