ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ជាថ្ងៃខួបកំណើតរបស់ខ្លួននោះ តារាសម្ដែងវ៉ាង ស្រីណូ បានយកលុយដុល្លារទាំងបាច់ៗ ទៅជូនឪពុកម្ដាយ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងធ្វើការកោតសរសើរចំពោះទឹកចិត្តកតញ្ញុតាធម៌ចំពោះអ្នកមានគុណផងដែរ។
ដោយឡែក កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាង ស្រីណូ បានលើកយកពាក្យ ដែលគេនិយាយថា «បើសិនជាមានលុយមួយលានដុល្លារមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ ហើយជីវិតប្រហែលជាមានតែក្តីសុខ…» មកធ្វើការបកស្រាយ និងពន្យល់ ថាតើវានឹងមានក្ដីសុខ ដូចគេ និយាយឬយ៉ាងណានោះ។
ឈរក្បែររថយន្តស៊េរីទំនើបជាច្រើនគ្រឿង តារាស្រីរត់ចោលវិថីសិល្បៈស្រវាចាប់មុខជំនួញធំៗ វ៉ាង ស្រីណូ បានរៀបរាប់ថា «ខ្ញុំធ្លាប់ឮមនុស្សខ្លះនិយាយថា: បើសិនជាមានលុយមួយលានដុល្លារមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ ហើយជីវិតប្រហែលជាមានតែក្តីសុខ…
មិនចាំបាច់ពិបាកចិត្តគិតរឿងរកលុយ… ប៉ុន្តែតាមពិតដល់ពេលនោះមិនដូចគាត់គិតនោះទេ! ព្រោះខ្ញុំឃើញអ្នកដែលមានលុយវាល់លានហើយគ្មានក្តីសុខច្រើនណាស់! មនុស្សលោករមែងតែមាននូវភាពលោភ មានហើយចង់មានទៀត មានមួយលានហើយចង់បានពីលាន បើថ្ងៃណាអ្នកនៅតែមានភាពលោភ នោះអ្នកនឹងនៅតែខំប្រឹងស្រវ៉េស្រវ៉ារកបន្តទៀតគ្មានថ្ងៃឈប់ឈរ!
ចឹងការ ដែលមានលុយមិនរមែងតែមានក្តីសុខគ្មានការពិបាកចិត្តនោះទេ! មានតែការដែលយើងចេះរីករាយនូវអ្វីដែលយើងមាន ហើយប្រើជីវិតអោយវាមានក្តីសុខល្មមទៅនឹងលុយដែលមាន ឬ សមត្ថភាពរបស់ខ្លួនក្នុងសភាពរបស់ខ្លួនកំពុងមាននាពេលនោះទេ ទើបវាធ្វើអោយអ្នកមានក្តីសុខពិត!»។
តាមរយៈនេះ មានការលើកឡើងថា «លុយរកបានមកមិនសម្រាប់ទុក មិនសម្រាប់អួតគេទេតែសម្រាប់ជាទីពឹងដល់អ្នក ដែលមានតម្លៃនឹងគួរជួយ ដើមឈើកាន់តែធំបានម្លប់កាន់តែច្រើនសម្រាប់មនុស្សសត្វជ្រកការពារកម្ដៅថ្ងៃ។, ត្រូវហើយមីងសេចក្តីសុខមិនមែនបានមកពីលុយឡានវីឡានោះទេសេចក្តីសុខកើតឡើងពីសេចក្តីស្ងប់ និងការចែករំលែកនោះហើយគឺជាសេចក្តីសុខ»៕