រាជធានីភ្នំពេញ ៖ បើនិយាយទៅដល់រឿងរ៉ាវកាលពីជាង២០ឆ្នាំមុន ប្រិយមិត្តអ្នកនិយមគាំទ្រចម្រៀងរបស់ផលិតកម្ម SSB ដែលមានលោក ហ្វៃ សំអាង ជាចាងហ្វាង ប្រាកដជានៅចាំមិនភ្លេចឡើយ នូវតារាប្រុសល្បីៗប៉ុន្មានដួងដូចជាលោក ហេង ប៊ុនលាភ លោក ប៊ុន ស័ក្ដ លោក ម៉េង ប៊ុនឡូ និងលោក និងបងប្រុសបង្កើតរបស់លោក គឺ ម៉េង ប៊ុនលី ។
ដោយកាលនោះតារាប្រុសទាំង៤ដួងខាងលើនេះ បានធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈ ជាពិសេសគឺទឹកដមសំនៀង និងរូបសម្រស់របស់ពួកគេតែម្ដង ។ ប៉ុន្តែបន្ទាប់ពីផលិតកម្ម SSB ត្រូវបានប្រកាសបិទមក ពួកគេក៏បានរសាត់អណ្ដែតឃ្លាតឆ្ងាយពីទស្សនិកជនបន្តិចម្ដងៗ ដោយអ្នកខ្លះបានបោះបង់អាជីពចោល ហើយអ្នកខ្លះក៏បានបន្តអាជីពរហូតមកដល់ពេលបច្ចុប្បន្ន ។ ហើយថ្ងៃនេះ តារាញូស៍ ក៏សូមជម្រាបពីសុខទុក្ខខ្ហះៗរបស់តារាប្រុសទាំង៤ដួងខាងលើនេះ ដើម្បីឱ្យមហាជនបានជ្រាបផងដែរ៖
ទី១. តារាចម្រៀងមនោសញ្ចេតនា និងជាម្ចាស់បទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» លោក ហេង ប៊ុនលាភ ។ លោក ហេង ប៊ុនលាភ បន្ទាប់ពីបានបោះបង់អាជីពរបស់ខ្លួនអស់រយៈពេលជាច្រើនមក បច្ចុប្បន្នតារាប្រុសរូបនេះកំពុងប្រើជីវិតយ៉ាងសាមញ្ញជាមួយក្រុមគ្រួសារ នៅឯជនបទស្រុកស្រែចម្ការយ៉ាងមានសេចក្ដីសុខ ជាមួយនឹងរថយន្ដស៊េរីចាស់មួយគ្រឿងរបស់លោក ។
ទី២. តួឯករឿង «ចៅពស់កេងកង» លោក ម៉េង ប៊ុនឡូ ក្រោយស្ងប់ស្ងាត់ពីការសម្ដែង កាលពីកំឡុងឆ្នាំ ២០១៥-២០១៦ លោកក៏បានបង្កើតផលិតកម្មមួយផ្ទាល់ខ្លួន ដែលឈ្មោះថា BBL Production និង ក្រុមហ៊ុន KS audio Professional Sound ដែលទទួលរៀបចំគ្រប់គ្រងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ។ បច្ចុប្បន្នលោក ម៉េង ប៊ុនឡូ ត្រូវបានគេដឹងថាកំពុងតែរស់នៅក្រៅប្រទេស និងមានកូនប្រុសម្នាក់ជាចំណងដៃស្នេហ៍ជាមួយភរិយាផងដែរ ។
ទី៣. ម្ចាស់បទចម្រៀង «ភ្នំពេញនឹកកំពង់ចាម» លោក ប៊ុន ស័ក្ដ ក្រោយចាកចេញផលិតកម្ម SSB លោកនៅតែបន្តអាជីពរបស់ខ្លួន ហើយបច្ចុប្បន្នក៏កំពុងបន្តអាជីពផងដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះលោក ប៊ុន ស័ក្ដ ក៏បានស្ងប់ស្ងាត់ទៅវិញ ។ លោក ប៊ុន ស័ក្ដ សព្វថ្ងៃមានតួនាទីជាមន្ត្រីរាជការ បូករួមទាំងមុខជំនួញមួយចំនួន ។
ដោយឡែកលោក ម៉េង ប៊ុនលី បងប្រុសបង្កើតរបស់លោក ម៉េង ប៊ុនឡូ វិញ ក្រោយអស់ឱកាសបញ្ចេញស្នាដៃនៅផលិតកម្ម SSB លោកក៏បានស្ងាត់ដំណឹង ហើយក៏មិនសូវឃើញលោកបង្ហាញមុខលើបណ្ដាញសង្គមឡើយ ប៉ុន្តែបច្ចុប្បន្នមហាជនបានសន្និដ្ឋានថា តារាប្រុសដែលនិយមស្តាយប្លែកៗរូបនេះកំពុងរស់នៅក្រៅប្រទេស ៕ ប្រភពពីតារាញូស៍