ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ត្រូវបានមហាជនស្គាល់ថា ជាស្ដេចកសិកម្មដ៏លេចធ្លោមួយរូបរបស់ប្រទេសកម្ពុជា ដែលកំពុងតែគ្រប់គ្រងអាណាចក្រអាជីវកម្មចម្រុះវិស័យតម្លៃរាប់លានដុល្លារ ហើយជីវិតគ្រួសារ ក៏កំពុងរស់នៅយ៉ាងមានសុភមង្គលផងដែរ។
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះវីដេអូមួយរយៈពេលជិត៦នាទី បង្ហាញពីការងារសាងសង់ទំនប់ទឹក និងអាងចម្រោះទឹកបរិសុទ្ធ សម្រាប់ឲ្យជ្រូកផឹក ដែលមានតម្លៃរាប់លានដុល្លារឯណោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូនេះ ស្ដេចកសិកម្មដ៏លេចធ្លោរូបនេះ បានដាក់Captionថា «នេះជាវីដេអូខ្លីមួយស្តីអំពី ការងារសាងសង់ទំនប់ទឹក និងអាងចម្រោះទឹកបរិសុទ្ធ សម្រាប់អោយជ្រូកផឹក ដែលត្រូវចំណាយថវិកាអស់ប្រមាណជាជាងUSD2,000,000,00 (ពីរលានដុល្លារ)
ប្រហែលជាប្រីយមិត្តយើង មានចម្ងល់ហើយថាតើមានមូលហេតុអ្វី ចាំបាច់ចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ យកទៅសាងសង់ទំនប់ទឹកនិងអាងចម្រោះទឹកបរិសុទ្ធ យកទៅអោយជ្រូកផឹកទៅវិញអីចឹង ? ដើម្បីសុវត្ថិភាពម្ហូបអាហារ យើងត្រូវគិតចាប់តាំងពីបន្តពូជ រហូតដល់លើចានម្ហូបតែម្តង បើយើងមិនហ៊ានចំណាយថវិកា ទៅលើការងារបន្សុទ្ធពូជ ទឹក ចំណី និងថែទាំទេនៅពេលដែលជ្រូកឆ្លងរោគនោះ យើងនឹងត្រូវទទួលការខាតបង់រឹតតែ ធ្ងន់ធ្ងរជាងនេះទៅទៀត»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្កមហ្វេសប៊ុក មានការលើកសរសើរជាច្រើន ក្នុងនោះ ពួកគេ បានលើកឡើងថា «ខ្ញុំបាទ មានមោទនភាពឃើញស្នាដៃនិងសកម្មភាពក្រុមហ៊ុនរបស់លោកឧកញ៉ា ពិតជាបានជួយរាស្ត្រខ្មែរច្រើនរាប់មិនអស់។ ការងារច្រើនណាស់ ដែលលោកអ៊ំបានបង្កើត សម្រាប់ប្រជាជនបានធ្វើដើម្បីមានចំណូល។, ពិតជាល្អខ្លាំងណាស់លោកអ៊ំ»។
ជុំវិញរឿងនេះ ក៏មានមតិខ្លះលើកជាសំណួរថា «ទឹកបរិសុទ្ធសម្រាប់ជ្រូក មនុស្សផឹកបានអត់លោកពូ»។ ជាការឆ្លើយតប ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា «មិនមានអីខុសគ្នាទេក្មួយ អាចផឹកបានដូចតែគ្នាហ្នឹង»។
ជាមួយគ្នានេះ ក៏មានអ្នកជួយឆ្លើយបន្ថែមថា «មែនហើយលោកតាដាក់ជ្រូកផឹកនិងទឹកមនុស្សផឹកមិនខុសពីគ្នាទេ។ ពេលនេះខ្ញុំកំពុងតែនៅកសិដ្ឋានចិញ្ចឹមជ្រូកលេខ 2 នៅក្នុងប្រទេសថៃដែរ»៕ ដើម្បីកាន់តែជ្រាបច្បាស់នោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖