គេនៅចាំបានថា លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានសម្រាលកូនប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យសម្ភព អឃីដ (Orchid) ហើយក្មេងស្រីដ៏គួរឲ្យស្រឡាញ់នោះ មានឈ្មោះថា ស៊ូអឺ (Eam Sueir)។
មុនពេលសម្រាលកូននោះ លោកជំទាវឧកញ៉ាវ័យក្មេងរូបនេះ ក៏បានថតរូបអនុស្សាវរីយ៍ជាច្រើនសន្លឹកជាមួយគ្រួសារខ្លួន ហើយប្រាប់ថា «បែបប្រពៃណីខ្មែរយើង»។ ក្រោយសម្រាលរួច លោកជំទាវ ក៏បានបង្ហោះរូបថតកូនស្រីទើបនឹងកើត ជាមួយនឹងកម្រងរូបចាស់ៗ ដែលថតមុនពេលសម្រាលនោះ ជាបន្តបន្ទាប់ ផងដែរ។
ទោះយ៉ាងណា ក្នុងការបង្ហោះរូបថតជាច្រើនជាមួយគ្នាកន្លងមក អ្នកនាង មិនបាននិយាយអ្វី ពាក់ព័ន្ធនឹងបុរសម្នាក់ ដែលថតកៀកកើយគ្នានោះឡើយ។ ប៉ុន្តែថ្មីៗនេះ លោកជំទាវ បាននិយាយថ្លែងអរគុណដ៏ផ្អែមល្ហែមទៅកាន់បុរសម្នាក់នោះហើយ។
បង្ហោះភ្ជាប់ជាមួយរូបថតកូនៗខ្លួន ជាមួយបុរសរូបសង្ហាជាច្រើនសន្លឹកនោះ លោកជំទាវ ឧកញ៉ា វ័យក្មេង ដែលមានដើមកំណើតពីខេត្តព្រៃវែងរូបនេះ បានពោលពាក្យអរគុណដូច្នេះថា «អរគុណបុរសម្នាក់នេះណាស់ ដែលមើលថែខ្ញុំរហូតមក គាត់មិនមែនអ្នកមានលុយដូចគេ តែគាត់ជាអ្នកផ្តល់ក្តីសុខនិងភាពញញឹមដល់ពួកយើង»។
តាមរយៈនេះ ឃើញថា អ្នកគាំទ្រពិតជារំភើបជំនួសពួកគេ ខ្លាំងណាស់ ក៏ពោលពាក្យថា «គ្រួសាររីករាយស្រស់ស្រាយ, ក្ដីសុខ, Baby ញញឹមគួរអោយក្នាញ់ណាស់, ក្ដីសុខពេញៗតែម្ដង, ឃើញហើយពិតជាមានក្តីសុខខ្លាំងណាស់បង!, កូន3ហើយជែៗកុំស្វីតពេកអូនចាណែនណាស់ ហិហិ, ចែសំណាងណាស់ដែលមានស្វាមីល្អដូចហ៊ា»៕