គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០២០ រូបថត អតីតសង្ឃព្រះនាម ថៃ ចាន់ឡី និមន្តកម្សាន្តតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ធ្វើការចែករំលែកជាបន្តបន្ទាប់រហូតមានការចាប់អារម្មណ៍ទៅលើរូបរាងកាយ សាច់ដុំធំៗរបស់ព្រះអង្គ ហើយក៏មានការរិះគន់មួយចំនួនផងដែរ។
ក្នុងអំឡុងពេលនោះ លោកគ្រូ ដែលធ្លាប់បង្រៀនអតីតសង្ឃរូបនោះ បានសម្ដែងការហួសចិត្ត ចំពោះរឿងកូនសិស្សខ្លួន ជាមនុស្សចិត្តបុណ្យ មានចំណេះដឹងខ្ពង់ខ្ពស់ មិននាំគ្នាជួយចែករំលែកឲ្យល្បីទេ បែរជាមកធ្វើឲ្យល្បីរឿងរូបរាងកាយទៅវិញ។
លោកគ្រូម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Peng Xiaoping» បានបង្ហោះសារ នៅពេលនោះដូច្នេះថា «កាលឆ្នាំ ២០១៣ ខ្ញុំធ្លាប់បង្រៀន ប្រវត្តិសាស្ត្រ និងអង់គ្លេសតេជគុណថៃ។ លោកខិតខំ រៀនសូត្រណាស់។ តេជគុណ ក៏ជាអ្នកចិត្តបុណ្យណាស់ដែរ តែងតែ បរិចាគឈាម នៅពេលមានកម្មវិធី សុំអោយមានការបរិចាគឈាម។
រហូតដល់ ពេលដែល តេជគុណរៀននៅថ្នាក់ អនុបណ្ឌិត តេជគុណ ក៏តែងតែចូលរួមជាមួយក្រុម យុវជនក្នុងការជួយបង្ហាត់បង្រៀនច្បាប់ ដល់សិស្សតាមវិទ្យាល័យ និងតាមក្រុមផ្សេងៗ ចែករំលែកចំណេះដឹងពីច្បាប់ ដោយត្រូវចំណាយពេល និងកម្លាំងមួយថ្ងៃៗ និមន្តរាប់គីឡូដីដោយថ្មើជើង ជួនកាលក៏ជិះម៉ូតូឌុប»។
លោកគ្រូរូបនេះ បន្តថា «លោកប្អូនថៃ ក៏ជាព្រះសង្ឃចូលចិត្តរៀនអភិធម្មណាស់ដែរ។ រឿងទាំងនេះ មិនបានធ្វើអោយលោកប្អូនល្បីទេ តែលោកប្អូនល្បីព្រោះតែរូបរាងកាយសម្បត្តិទៅវិញ។ ជាធម្មតាទេ មនុស្សបានរូបសង្ហារស្អាត តើនរណាមិនពេញចិត្តចំពោះខ្លួនឯង? ពេលខ្លះ យើងមិនសូវស្អាតផង ក៏ចង់បង្អួតគេខ្លះដែរ»។
លោកគ្រូ បានបញ្ចេញទស្សនៈទៀតថា «លោកប្អូនផុស អញ្ចឹង វាគ្រាន់តែជា ការមិនសមរម្យនោះទេ ព្រោះលោកប្អូនជាងសង្ឃ មិនសមភ្នែកបរិស័ទ ប៉ុន្តែមិនមែនជាកំហុសធំនោះទេ។ លោកប្អូនចាំថា “អំពើល្អរបស់យើងធ្វើដំណើរយឺតណាស់ ឬរហូតគ្មានអ្នកដឹង ឬបើដឹងហើយក៏មិនសូវមានអ្នកជួយផ្សាយដែរ។
ប៉ុន្តែចំណុចមិនសមវិញ បើទោះបីជាមិនធំដុំ ក៏ហាក់ដូចជាធ្ងន់ធ្ងរណាស់ និងត្រូវបានគេនាំគ្នាធ្វើអោយគគ្រឹកគគ្រេង អឹងកងរំពង ធំជាងរឿងទឹកដីទៅទៀត”។ កូណា ចាំពាក្យលោកគ្រូ ធ្លាប់មានសង្ឃដិការថា “លោកសង្ឃ ងាយគេរិះគន់ណាស់ ព្រោះយើងគ្មានឥទ្ធិពល ធ្វើហានិភ័យដល់អ្នករិះគន់ទេ»។
លោកគ្រូបន្ថែមថា «យើងមិនមែនជាអ្នកធំមានអំណាច បើទោះជាខុសក៏គេខ្លាចមិនហ៊ានរិះគន់នោះទេ”។ហេតុនេះ លោកប្អូន គួរប្រុងប្រយ័ត្ន និងម្យ៉ាងទៀតមនុស្សភាគច្រើនណាស់ដែលចូលចិត្តកាត់ក្តី វិន័យសង្ឃតាមការយល់ឃើញរបស់ខ្លួន ជាងកាត់ក្តីតាមវិន័យរបស់ព្រះ។ រឿងនិមន្តដើរលេង ច្បាស់ណាស់ថា មនុស្សចូលចិត្តផុសរូបខ្លួនឯង និងកន្លែងស្អាត។ យូរៗបានចេញក្រៅម្តងតំបន់ស្អាតហើយ ប្រាកដជាថតច្រើនហើយ កម្រមានអ្នកថតក្នុងបង្គន់អាចម៍ណាស់»។
កាលពីថ្ងៃទី១៤ ខែមិថុនា កន្លងទៅ ព្រះសង្ឃល្បីព្រះនាម ឡាយ ថៃចន្ទ បានប្រកាសលាចាកសិក្ខាបទពី ព្រះពុទ្ធសាសនា។ ការលាចាកសិក្ខាបទមិនប៉ុន្មានផង ស្រាប់តែទទួលដំណឹងថា អតីតព្រះសង្ឃរូបនេះ ក្លាយជាអ្នកគ្រប់គ្រង Film។ អតីតសង្ឃរូបនេះ ក៏បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានផងដែរ។
អន្ទិត ឡាយ ថៃច័ន្ទ បានបញ្ជាក់ថា ខ្លួនសឹករយៈពេល២ខែហើយ ហើយខ្លួនធ្លាប់បានបញ្ជាក់ប្រាប់ក្រុមគ្រួសារហើយ នៅពេលខ្លួនរៀបចប់អនុបណ្ឌិត នឹងសឹកហើយ ខ្លួនរៀបចប់ ជាពេលវេលាដ៏សមគួរសម្រាប់ខ្លួនលាចាកសិក្ខារបទ។
អន្ទិត បានបន្តថា ខ្លួនបួសរយៈពេល១៥ឆ្នាំ ដោយបួសក្នុងអាយុ១៥ឆ្នាំ និងសឹកវិញនៅអាយុ ៣០ឆ្នាំ។ ក្នុងនោះ អតីតសង្ឃរូបនេះ ក៏បានបញ្ជាក់ពីមុខរបរ តួនាទីរបស់ខ្លួននាពេលបច្ចុប្បន្ន ផងដែរ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖