គេនៅចាំបានថា កាលពីអំឡុងខែសីហា ឆ្នាំ២០២០ តារាចម្រៀងស្រីពហុជំនាញទាំងប្រពៃណី និងសម័យ អ្នកនាង ខាត់ សុឃីម បានបង្ហើបរឿងខ្លួនចាញ់បោកលុយគេអស់រហូតដល់៧៩ម៉ឺនដុល្លារឯណោះ ធ្វើឲ្យអ្នកនាងមានការសោកស្ដាយជាខ្លាំង រហូតសឹងតែលែងចង់រស់ទៅហើយ។
នៅពេលនោះ តារាពហុជំនាញរូបនេះ បានបង្ហោះសារយ៉ាងខ្លីតាមហ្វេសប៊ុករបស់ខ្លួនថា ៖ «១ ឆ្នាំ $៧៩ ម៉ឺន ស៊ីផុយ»។ ក្រោយមក ក៏បានបង្ហោះសារមួយទៀតថា៖ «យើងល្ងង់ បានគេបោកយើងបាន សុទ្ធតែជាមេរៀននៅក្នុងសង្គមនេះ ពេលដឹងខ្លួន គឺសឹងតែជីវិតក៏លែងចង់រស់»។
ជុំវិញដំណឹងនេះ អ្នកនាង ខាត់ សុឃីម មិនបាននិយាយថា ចាញ់បោកអ្នកណា ដោយសាររឿងអ្វីនោះឡើយ ហើយក្នុងជំនួបជាមួយសារព័ត៌មានក្នុងស្រុកតាមទូរសព្ទទៀតសោត អ្នកនាងក៏មិនបាននិយាយឲ្យចំ ចំណុចនោះដែរ គ្រាន់តែបញ្ជាក់ថា នេះចាត់ទុកបទពិសោធន៍នេះ ជាមេរៀនជីវិត ១ សម្រាប់រូបអ្នកនាង និងចង់ចែករំលែកដល់បងប្អូនខ្មែរយើង មិនថាស្ថិតនៅក្នុងកម្រិតរកស៊ីបែបណាទេ ប្រសិនបើមានការចូលរួមគ្នានោះ គឺមិនត្រូវទុកចិត្តគេខ្លាំងពេកនោះឡើយ។
ដោយឡែក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ អ្នកនាង ខាត់ សុឃីម បានចែករំលែកបទពិសោធន៍របស់ខ្លួនថែមទៀត ដោយរៀបរាប់ដូច្នេះថា «គ្មានអ្វីល្អជាង ខំរកស៊ីដោយខ្លួនឯងទេ បទពិសោធន៍មួយនេះ ខ្ញុំបានជួប ហើយ ក៏បានចែករំលែកនៅ បណ្តាញ Facebook នេះដែរ ប៉ុន្តែ បានតែការមើលងាយ សើចចំអកតែប៉ុណ្ណោះ សួរថា មានមនុស្សប៉ុន្មាននាក់ ហ៊ាននិយាយបើកចំហថា ខ្លួនត្រូវចាញ់បោកគេ
ខ្ញុំកាត់កេរ្តិ៍ខ្មាស និយាយ សរសេរ ប្រាប់ពីភាពឆោតល្ងង់របស់ខ្លួន ដើម្បីទុកជា បទពិសោធន៍ អោយអ្នកដទៃ បានដឹង បានយល់ និង កុំអោយ មានភាពឆោតល្ងង់ រងគ្រោះដូចខ្ញុំ តែ គ្រប់យ៉ាងផ្ទុយពីការគិត បានត្រឹម គេមើលងាយ សើចចំអក ដៀល ប៉ុណ្ណោះ
អញ្ចឹង សូមបន្ត លេខរៀងទៀតចុះ ខ្ញុំមិនហ៊ានប្រាប់ និង និយាយអ្វី ទៀតទេ ( ពេលនេះ អ្នកសើចចំអកគេ ពេលក្រោយ អ្នកនឹងជួបរឿងនេះមិនខាន ) គេចមិនផុតទេ រឿងដាក់លុយ បានលុយ ជារឿង បោកប្រាស់ គ្រាន់តែ គេប្តូរ ពី លឿន មកយូរ តិចប៉ុណ្ណោះ
១, ពីមុន គេអោយការប្រាក់អ្នកច្រើន ដូច្នេះ គេឆាប់បិទហើយ Style មួយនេះ គេឈប់ប្រើហើយ ព្រោះ គេដឹងច្រើន ២, ឥលូវគេអោយ ការប្រាក់អ្នកតិច តែ គេទុកបានយូរឆ្នាំ ព្រោះ ការរង់ចាំមើលរបស់មនុស្សម្នាក់ៗ យ៉ាងយូរ 2ឆ្នាំ ទៅ 3 ឆ្នាំ គឺ ទុកចិត្តហើយ
រយៈពេលប៉ុណ្ណេះ គេសុខចិត្តចំណាយការប្រាក់ ចំពោះអ្នក តែ ១ ឆ្នាំក្រោយ គេយកពីអ្នកវិញ គុណ នឹង 10។ មនុស្សយើង គ្មានអ្នកណាម្នាក់ អាចហាមឃាត់ ភាពលោភលន់ របស់ខ្លួនឯងបានឡើយ ដូច្នេះ គេស្គាល់ពី ចរិត សន្តាន យើងច្បាស់ណាស់ ខ្ជិលរកស៊ី លោភលន់។អរគុណដែល អានសំណេររបស់ខ្ញុំដល់ចប់ !! Panha Phano»។
បន្ថែមលើនេះ នៅក្នុងជំនួបជាមួយលោកអ៊ឹម ជីវ៉ា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកនាង ខាត់ សុឃីម បាននិយាយបន្ថែមទៀតជុំវិញរឿងនេះ ដោយអ្នកនាង អះអាងថា លុយដែលអ្នកនាងចាញ់បោកគេសរុបចំនួន៧៩ម៉ឺនដុល្លារក្នុងនោះ លុយអ្នកនាងផ្ទាល់ប្រហែល៥០ម៉ឺនដុល្លារ និងលុយធានាគេប្រហែល ៣០ ៤០ម៉ឺនដុល្លារ។
ឆ្លើយទៅនឹងសំណួរថាតើមូលហេតុអ្វី បានអ្នកនាងខាត លុយអស់ជាច្រើននោះ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា ទី១. ដោយសារទំនុកចិត្ត ទុកចិត្តគេពេក ហើយគិតថា គេស្មោះដូចយើងដែរ។
ទី២. ស្ដាយលុយ ដែលខិតខំរកមកដោយលំបាក ក៏ប្រឹងប្រែងដើម្បីបានលុយមកវិញ។ បើអ្នកនាងបានលុយនោះ ប្រជាពលរដ្ឋ ដែលជួបបញ្ហាដូចអ្នកនាង ក៏បានមកវិញដែរ តែទីបំផុតអត់បានការអីទេ ទី១រំខានដល់រាជរដ្ឋាភិបាល ទី២.បុគ្គលនោះអត់ដំណោះស្រាយ៕ ដើម្បីជ្រាបកាន់តែច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖