គេនៅចាំបានថា អតីតតារាចម្រៀងផលិតកម្មRock អ្នកកនាង ម៉ូនីកា បានរៀបការជាមួយតារាសម្ដែងហុង មានុណ ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈ ព្រោះតែរៀបចំពិធីមង្គលយ៉ាងប្រណិតចំណាយលុយអស់ជាង១០ម៉ឺនដុល្លារ ខណៈអ្នកទាំងពីរធ្លាប់មានប្រវត្តិស្នេហ៍កម្សត់កម្រជាមួយគ្នាជាង៣ឆ្នាំ។
គេកត់សម្គាល់ឃើញថា គូស្នេហ៍តារា១គូនេះ ចាប់តាំងពីចាប់ដៃគ្នាមកពួកគេមានជីវភាពធូរធារខ្លាំងណាស់ ដូចជាការទិញបានផ្ទះទ្រនំស្នេហ៍ និងរថយន្ដទំនើបៗជិះតាមក្ដីប្រាថ្នារបស់ពួកគេ។ ការប្រែក្លាយជីវភាពយ៉ាងឆាប់រហ័សនេះ ដោយសារតែម៉ូលីកា ជោគជ័យអាជីពOnline។
ទោះយ៉ាងណាកន្លងមក ក៏តែងតែមានរឿងមួយចំនួនរកាំរកូសជាមួយគ្នាផងដែរ ពាក់ព័ន្ធនឹងការមានស្រីក្រៅពីសំណាក់ លោកឆានុន រហូតមានការប្រកាសលែងលះគ្នាកក្រើកបណ្ដាញសង្គមហ្វេសប៊ុកទៀតផង។ តែក្រោយមក ក៏សម្របសម្រួលត្រូវរ៉ូវគ្នារស់នៅយ៉ាងមានសុភមង្គល។
ស្របពេលកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារដ៏តូចមួយនេះនោះ ស្រាប់តែម៉ូលីកា បានបង្ហោះសារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បង្ហាញពីប្ដីរបស់ខ្លួន សុំដាច់យប់ ភ្ជាប់ជាមួយសារព្រមាន ថា «ចាំមើលតែមិនចូលផ្ទះដឹងតែរឿងហើយ»។
ក្រោយមក ស្រាប់តែម៉ូនីកា បានបង្ហោះសារទៀតថា «មនុស្សស្រីដែលរឹងមាំពេក ច្រើនតែគ្មានសំណាង មិនសូវទទួលបានការស្រឡាញ់ ថ្នាក់ថ្នម និងការមើលថែ យកចិត្តទុកដាក់ពីអ្នកណាឡើយ ព្រោះគ្រប់គ្នាគិតថា នាងរឹងមាំហើយ នាងក៏មិនត្រូវការការបារម្ភពីអ្នកណាដែរ ទាំងដែលការពិតទៅ នាងក៏ចង់បានការបារម្ភ សួរនាំពីមនុស្សជុំវិញខ្លួន ជាពិសេស គឺមនុស្សដែលនាងស្រឡាញ់ …!!!»។
ក្រោយមកទៀត នៅថ្ងៃដដែលនេះ ម៉ូនីកា បានឡាយវីដេអូ និយាយប្ដីដាច់យប់ ភ្ជាប់ជាមួយសារប្រកាសថា «កុំសើច ចែកាណា បើចែកាលែងប្ដី រឿងដដែលៗពេកហើយ ខ្មាសបងប្អូនណាស់»។ ដោយឡែកនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកនាងក៏បានឡាយវីដេអូ បង្ហូរទឹកភ្នែកទៀតហើយពាក់ព័ន្ធរឿងដដែលនេះ។
នៅក្នុងការឡាយនោះ ម៉ូនីកា បានចាត់ទុកការមិនចូលផ្ទះពីសំណាក់ស្វាមីថា ជាការមានស្រីក្រៅ ដូចទៅនឹងលើកមុនៗនោះដែរ ហើយនាងថែមទាំងអស់អាងទៀតថា បើទោះឃើញនាងយំបែបនេះហើយក៏ដោយ ក៏ស្វាមីរបស់អ្នកនាង មិនអើពើសួរនាំ អ្នកនាងនោះដែរ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖