នេះជារឿងមួយដ៏គួរឲ្យសោកស្ដាយជាទីបំផុត បន្ទាប់ពីទទួលដំណឹងថា គ្រូពេទ្យវ័យក្មេងជួរមុខរបស់យើងម្នាក់ បានបាត់បង់ជីវិត ក្រោយពីចំណាយកម្លាយកាយ កម្លាំងចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ១៩។
អ្នកគ្រូពេទ្យរូបនេះ ត្រូវបានគេស្គាល់ឈ្មោះអ៊ឹម ស្រីនិ ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានទទួលមរណភាព កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានឆ្លងជំ ងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុក្ខខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំ ងឺកូវីដ១៩ ព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។
ដំណឹងមរណភាពរបស់អ្នកគ្រូពេទ្យ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានការសោកស្ដាយជាពន់ពេក និងចូលរួមរំលែកជាច្រើន ក្នុងនោះ ទំព័រហ្វេសប៊ុក ឈ្មោះ«សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC» បានបង្ហោះរូបថតអ្នកគ្រូពេទ្យ អមដោយសារបែបនេះថា
«ក្នុងនាមជាមិត្តរួមអាជីព យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលជាគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលបានពលិកម្មដោយសារការឆ្លងនៃវីរុសអប្រិយមហាប្រល័យកូវីដ១៩ ក្នុងអាយុ២៨ឆ្នាំ ។ យើងខ្ញុំសូមបួងសួងវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។»៕