ប្រិយមិត្ត ប្រហែលជាជ្រាបរួចមកហើយថា កាលពីចុងឆ្នាំ២០២០ ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានចុះស្វែងយល់ពីជីវភាពកុមារីភូមិភាគឦសាន យ៉ង់ ស្រីនីត ដោយផ្ទាល់ ហើយនាង បានបង្ហោះបំណងប្រាថ្នាំចំនួន ២ ទី១-ចង់ឲ្យគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគត ចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចម្រៀង។
ពេលឮដូច្នេះ ឧកញ៉ាចិត្តធម៌រូបនេះ ក៏សម្រេច ផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសារ ដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត ផងដែរ។
ដោយឡែកនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបថត យ៉ុង ស្រីនីត ជាច្រើនសន្លឹក និងបានបញ្ជាក់ថា សព្វថ្ងៃ ស្រីនីត រស់នៅជាមួយបងស្រីនៅឃុំវិហាសួគ៍ ខេត្តកណ្ដាលក្នុងតំបន់អភិវឌ្ឍន៍ស្កាយ លែន ដែលស្ថិតក្នុងការបីបាច់ថែរក្សារបស់លោកផ្ទាល់។
នៅពេលនោះ ឧកញ៉ា ស្រី ចាន់ថន ក៏បានបញ្ជាក់ដែរថា ឥឡូវនេះ ស្រីនីត បាននិងកំពុងរៀនឆុងកាហ្វេនៅឯសួនកម្សាន្ត Jet’s Garden Park ក៏ដូចខិតខំប្រឹងប្រែងសិក្សាសិល្បៈ និងបន្តរៀនមុខជំនាញខ្លះបន្ថែមទៀត ដើម្បីជាស្ពានទៅ ថ្ងៃអនាគត និងអាចជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតខេត្តមណ្ឌលគិរី។
ដោយឡែកនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ គេឃើញ កញ្ញា ណូម័រ បានជួបសម្ភាសន៍ជាមួយនឹង ស្រីនីត ហើយឃើញថា រូបនាងពេញក្រមុំបាត់ទៅហើយ ជាមួយរូបសម្រស់ មានភាពខុសប្លែកពីពេលមុនខ្លាំងណាស់ ពិសេសសម្បុរតែម្ដង។
ជាមួយគ្នានេះ គេក៏ឃើញថា ការច្រៀងរបស់នាងក៏មានការវិវឌ្ឍផងដែរ ដោយនាងច្រៀងបទ «នឹកផ្ទះ» បានយ៉ាងពីរោះ ហើយអ្នកបានស្ដាប់នាងច្រៀង ក៏បានចូលទៅបញ្ចេញយោបល់សរសើរផងដែរ។
នៅក្នុងវីដេអូ គេឃើញថា កញ្ញាណូម័រ ក៏បានសាកសួរពីកម្ពស់របស់នាងផងដែរ ដោយឃើញថា ជិតខ្ពស់ប្រហែលនាងទៅហើយនោះ តែស្រីនីត មិនបានវាស់ទេ ពេលថ្មីៗនេះ ដោយនាងគ្រាន់តែដឹងថា ពីមុន នាងមានកម្ពស់១, ៥៨៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖