គេនៅចាំបានថា គូស្នេហ៍មួយគូនេះ បានរៀបការជាមួយគ្នាអស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ ហើយពេលរៀបការដំបូងនោះ ដោយសារខាងស្រីមានវ័យក្មេងហើយស្អាត ឯខាងប្រុសមានវ័យចំណាស់នោះ មានមតិមួយចំនួនលើកឡើងថា រូបនាងយកបុរសចំណាស់រូបនេះព្រោះតែលុយ។
ទំនងឆ្លើយតបនឹងការលើកឡើងនេះ នារីជាសាមីខ្លួន ជារឿយៗតែងតែបង្ហោះរូបភាព បង្ហាញភាពផ្អែមល្ហែមជាមួយប្ដីវ័យចំណាស់ អមដោយសារបញ្ជាក់ថា ស្នេហាមួយនេះជាស្នេហាពិត មិនមែនកើតឡើងដោយសារតែលុយ ឡាន ឬទ្រព្យសម្បត្តិអ្វីនោះទេ ស្នេហាមួយនេះកើតឡើងដោយសារតែបុរសជាប្ដីនោះ មានគុណតម្លៃគ្រប់គ្រាន់សម្រាប់នាង។
ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ជាថ្ងៃខួបកំណើតស្វាមីរបស់ខ្លួននោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«Neng Chanthy Chamming» បានបង្ហោះរូបថតថ្ងៃមង្គលការ អមដោយសារជូនពរថាថា «05-05 រីករាយ ថ្ងៃកំណើតប្ដីសម្លាញ់ចិត្តអូន, ក្នុងថ្ងៃនេះអូនគ្មានអ្វីអបអរបងក្រៅពីពាក្យជូនពរ សុំអោយប្ដីសម្លាញ់មានសុខភាពល្អ, មានសេចក្ដីសុខ,
យើងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា, អូនទទួលថាវាមានរឿងពិបាកៗជាច្រើន តែបងនៅតែរក្សាស្នាមញញឹម, និងលើកទឹកចិត្តប្រពន្ធជានិច្ច,សុំអោយយើងអាចឆ្លងផុតជាមួយគ្នាគ្រប់រឿងនៅខាងមុខបន្តទៀត តែមិនមែនតែយើងពីរនាក់ទៀតទេ ហើយក៏សូមអរគុណដល់បងប្អូនក្រុមស្បៀងដែលបានចែករំលែកដល់ប្អូននិងស្វាមីកំឡុងពេល Lock down នេះ»។
ដោយឡែកនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុកដដែល បានបង្ហាញក្ដីអាណិត, បារម្ភ និងស្រឡាញ់ចំពោះស្វាមីថា «ប្ដីសម្លាញ់រាល់ថ្ងៃនេះបងហត់ពេកហើយ, ដើម្បីអូននឹង មិនយូរទេយើងនឹងមានសមាជិកម្នាក់ទៀត តែអូនសែនបារម្ភពីសុខភាពបងណាស់
ពីមួយថ្ងៃទៅមួយថ្ងៃអូនដឹងថា សុខភាពបងមិនដូចមុនឡើយ, អូនមិនដែលប៉ងប្រាថ្នាចង់បានទ្រព្យសម្បត្តិ, លុយឡាន, អ្វីដែលអូនចង់បានគឺសុខភាពល្អរបស់ប្ដី, ទោះបីពេលនេះយើងពិបាកខ្លាំង តែអូនចង់រស់នៅជាមួយបងរហូតទៅ បងខ្វះទ្រព្យធន,
ផ្ទះសម្បែងសម្រាប់អូន,យើងពិតគ្មានជម្រកកាយតែយើងមានជម្រកចិត្ត, ហើយបងមានដួងចិត្តដ៏ល្អបរិសុទ្ធសម្រាប់អូន យើងនឹងឆ្លងកាត់រឿងពិបាកទាំងនេះជាមួយគ្នា, ថែរក្សាសុខភាពរបស់បងណាប្ដីសម្លាញ់»។
ដូចការរំពឹងទុក ទីបំផុត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ ពួកគេ ក៏ទទួលបានសមាជិកថ្មី ហើយឃើញអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ចូលរួមអបអរសាទរចំពោះពួកគេ ផងដែរ។
គួរបញ្ជាក់ថា គូស្នេហ៍ខាងលើនេះ ខាងប្រុសឈ្មោះសួស សុខៈ ឯខាងស្រីឈ្មោះណេង ចន្ធី បានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ហើយគិតមកដល់ពេលនេះ មានរយៈពេលលើស៣ហើយ។
ពេលរៀបការដំបូង ហើយរូបភាពត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដោយហេតុថា បុរសនោះមើលទៅ មានវ័យចំណាស់ ឯនារីនោះវ័យក្មេងហើយស្អាតទៀតផង រហូតកើតជាការជជែកវែកញែកគ្នាតែម្ដង។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ ពួកគេ នៅតែរក្សាចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយគ្នាដដែល ជាមួយនឹងការទទួលបានសមាជិកថ្មីជាបន្តបន្ទាប់ផងដែរ៕ សូមទស្សនារូបភាពជាច្រើន ដែលពួកគេ សាងភាពផ្អែមល្ហែមជាមួយគ្នាខាងក្រោមនេះ ៖