រាជធានីភ្នំពេញ ៖ ម្ចាស់បទ «DJ ស្រុកស្រែ» លោក ផាន់ រុង ត្រូវបានមហាជនចាស់ក្មេងជាច្រើនបានស្គាល់ បន្ទាប់ពីយុវជនវ័យ២៣ឆ្នាំរូបនេះចាប់ផ្ដើមមានភាពល្បីល្បាញក្នុងវិស័យចម្រៀង ជាពិសេសការផលិតវីដេអូបែបកំប្លែងៗ និងវីដេអូអប់រំបង្ហោះនៅលើបណ្ដាញសង្គម ។
ប៉ុន្តែបើទោះជាមានប្រជាប្រិយភាពខ្លាំង និងជោគជ័យទាំងវ័យក្មេង មានទាំងមុខជំនួញក្នុងដៃថែមទៀតផងនោះ ផាន់ រុង ក៏កំពុងតែទទួលរងសម្ពាធពីមជ្ឈដ្ឋានជុំវិញខ្លួន ពោលគឺមួយរយៈចុងក្រោយនេះរូបគេមានការរិះគន់ពីសំណាក់មនុស្សមួយចំនួនដែលមិនពេញចិត្តនឹងរូបគេ ក៏ដូចជាការសម្ដែងរបស់គេក្ដី ។ ហើយមានពេលខ្លះការិះគន់ទាំងនោះ បានធ្វើឱ្យយុវជនដែលមានប្រវត្តិតស៊ូស្វិតស្វាញ លោក ផាន់ រុង ពិបាកក្នុងការទទួលយករហូតបង្ហោះសារនៅលើបណ្ដាញសង្គមថែមទៀតផង ។
ជាក់ស្ដែងថ្មីៗនេះ ផាន់ រុង បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនធ្វើឱ្យមហាជនជ្រាបកាន់តែច្បាស់ និងសន្និដ្ឋានថារូបគេកំពុងតែទទួលរងសម្ពាធយ៉ាងពិតប្រាកដមែន ។ ដោយពេលនោះ ផាន់ រុង បានរៀបរាប់ជាសំណេរយ៉ាងដូច្នេះថា «សាងល្អបានល្អ សាងអាក្រក់បានអាក្រក់ គេជួយខ្ញុំ ខ្ញុំក៏បានជួយគេ ។ ទង្វើ និងកាតព្វកិច្ចជាមនុស្សដែរមានគុណធម៌ សច្ចៈធម៌ សម្រាប់ធ្វើការងារ ខ្ញុំបានធ្វើរួចអស់ហើយ ។ បើគ្មាននរណាមើលឃើញក៏អត់ចុះ ។ សង្ឃឹមថាព្រះនឹងមើលឃើញ ហើយតាមថែរក្សារក្មេងដ៏អត់ដឹងអីម្នាក់នេះ» ។
តែបើទោះជាយ៉ាងណា ផាន់ រុង ក៏មិនដែលចង់បោះបង់អាជីពរបស់ខ្លួនឡើយ ពោលគឺមានប្រកាន់គោលជំហរ ខណៈដែលអ្នកស្រលាញ់ចូលចិត្ត និងនិយមអ្នកគាំទ្ររូបគេជាច្រើន បាននឹងកំពុងលើកទឹកចិត្ត និងជម្រុញឱ្យនិពន្ធវ័យក្មេងមកពីខេត្តបន្ទាយមានជ័យរូបនេះខិតខំប្រែងប្រែងបន្តទៅមុខទៀត ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖