កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ និយ័តករអាជីវកម្មចលនវត្ថុ និងបញ្ចាំ បាន ចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ឈប់សកម្មភាព អាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ធ្វើឲ្យម្ចាស់គម្រោង២នាក់ប្ដីប្រពន្ធឡាយវីដេអូរៀបរាប់ទាំងទឹកភ្នែក។
យោងតាមសេចក្ដីជូនដំណឹងខាងលើ មានខ្លឹមសារដូច្នេះថា «និយ័តករអាជីវកម្មចលនវត្ថុ និងបញ្ចាំ (ន.អ.ប) សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា ៖ គម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាន្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប. ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ជី និងជាមួយអតិថិជន ដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។
ហេតុនេះដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគឺពាក់ព័ន្ធ កន្លងមក ន.អ.ប. បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្នេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងដូចខាងលើជាបន្ទាន់ ដូចជា ៖ ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្នរហូតដល់ ន.អ.ប. សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិ វា ទជាមួយម្ចាស់ដីរួចរាល់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងអតិថិជនរបស់គម្រោងទី២៩ខាងលើចូលរួមសហការប្រកបដោយប្រសិទ្ធភាពខ្ពស់»។
ក្រោយពីសេចក្ដីជូនដំណឹងនេះ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ម៉ន ដានី និងស្វាយមី បានចេញវីដេអូរៀបរាប់ទាំងទឹកភ្នែកបញ្ជាក់ពីការចាយលុយ១២លាន និង៧សែនដុល្លារ ដើម្បីទិញដី។ ប៉ុន្តែអត់បានប្លង់ ថែមទាំងត្រូវម្ចាស់ដី ដែលព្រមព្រៀងលក់ឲ្យ ប្ដឹងថែមទៀត។
ជុំវិញរឿងនេះ លោកស្រី ម៉ន ដានី បានបញ្ជាក់ថា ខាងមេធាវី បានផ្ដល់យោបល់ឲ្យដាក់ពាក្យបណ្ដឹងដែរ តែប្ដីរបស់អ្នកស្រី គិតគូរដល់ផលប្រយោជន៍អតិថិជន សុខចិត្តអត់ដាក់ពាក្យបណ្ដឹង៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖