មរណភាពរបស់ ស្ត្រីឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ កាលពីទៀបភ្លឺថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានក្លាយជារឿងដ៏រំជួលចិត្តសម្រាប់មហាជនទូទាំងប្រទេស ពិសេស ពេលបានឃើញ វីដេអូពេលនាងនៅមានជីវិតជួបជុំគ្រួសារយ៉ាងមានក្ដីសុខ និងពាក្យបណ្ដាំចុងក្រោយមុនពេលផុតរលត់នោះ។
កាលនៅមានជីវិតនោះ, ស្រីអូន បានចូលសម្រាក នៅគ្លីនិកដើមអង្គ្រង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លា–ប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិក បានធ្វើការព្យាបាលដោយ រំលូ–តយកកូនដែលស្លា–ប់ក្នុងផ្ទៃចេញ ដោយទាំងពោះវៀន ធ្វើឲ្យនាងធ្លាក់ខ្លួនឈឺតាំងពីពេលនោះមក។
តាំងពីពេលនោះ ករណីរបស់ស្រីអូន បានក្លាយជារឿងដ៏រំជើបរំជួលទូទាំងប្រទេស ហើយថ្នាក់ដឹកនាំក៏បានយកចិត្តទុកដាក់ផ្ដល់ថវិកាជាបន្តបន្ទាប់ រហូតដល់ក្រោយនាងបាត់បង់ជីវិតទៅហើយនោះ ក៏នៅតែយកចិត្តទុកដាក់ដដែល។
ជាក់ស្ដែង ក្រៅពីការឧបត្ថម្ភថវិកាជាបន្តបន្ទាប់ពេលស្ត្រីដ៏កម្សត់ខាងលើនៅមានជីវិតហើយនោះ , ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថែមទាំងចំណាយពេលដ៏មមាញឹកអញ្ជើញចូលរួមជូនដំណើរស្រីអូន លើកចុងក្រោយ ដោយផ្ទាល់ថែមទៀតផង។
ឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះ, ប្ដីរបស់ស្រីអូន នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹក ហើយធ្វើការថ្លែងអំណរគុណថា «ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនឯកឧត្តមអ៊ំ ហោ ណាំហុង ដែលបានអញ្ជើញមកដោយផ្ទាល់ ដើម្បីជូនដំណើរភរិយាខ្ញុំបាទជាលើកចុងក្រោយ
ក៏ដូចជាមានប្រសាសន៍ ណែនាំលើកទឹកចិត្តដល់រូបខ្ញុំបាទ។
សូមជម្រាបផងដែរថា ថវិកា ដែលឯកឧត្តមអ៊ំបានជួយនាពេលកន្លងមកមានចំនួន(៤០លានរៀល)និង(15000$)
ខ្ញុំបាទដំណាងឱ្យក្រុមគ្រួសារ សាច់ញាតិ សូមគោរពជូនពរឯកឧត្ដមអ៊ំ ជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាំយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ !»។
គួរបញ្ជាក់ថា ពិធីបុណ្យសពរបស់ស្រីអូន ធ្វើឡើងនៅផ្ទះម្ដាយក្មេករបស់នាង ស្ថិតក្នុង នៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ក្រោមទិដ្ឋភាពស្រណោះអាឡោះអាល័យជាទីបំផុត ពីមហាជនទូទាំងប្រទេស៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖