នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនស្មាត បានរៀបចំព្រឹត្តិការណ៍ពានរង្វាន់ Pleng សម្រាប់ឆ្នាំ ២០២៣ គឺកម្មវិធីPleng Music Awards 2023 នៅបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) PH Grand Hall ដោយ មាន ការ ប្រគល់ពានរង្វាន់សរុបចំនួន ១៤ ពាន រួម ជាមួយ ការ សម្ដែង ពិសេសៗជា ច្រើន ពី សិល្បករ សិល្បការីគ្រប់ជំនាន់។
គេសង្កេតឃើញថា ឈុត ដើរ លើកម្រាលព្រំ ពណ៌ក្រហម របស់អ្នកចូលរួម កម្មវិធី ពានរង្វាន់ តន្រ្តីធំបំផុត ប្រចាំប្រទេសកម្ពុជា PMA 2023 សុទ្ធតែ ស្រស់ស្អាត និង ទាក់ទាញ មើលទៅពិតជាត្រជាក់ភ្នែក ប្លែកអារម្មណ៍ខ្លាំងណាស់។
ក្រៅពីការផ្សាយផ្ទាល់នោះ ទំព័រហ្វេសប៊ុករបស់ស្មាតក៏បានបង្ហោះរូបថតជាច្រើនសន្លឹករបស់អ្នកចូលរួម មើលទៅពិតជាស្រស់ស្អាត ប្លែកភ្នែក ទាក់ចិត្តមហាជនខ្លាំងណាស់។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើននោះ ទំព័រហ្វេសប៊ុកស្មាត បានដាក់Captionថា «វ៉ោវ! ស្រស់ស្អាតខ្លាំងណាស់ តោះមកមើល Fashion ឡូយៗ ញាក់ៗពីសិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសដែលបានកំពុងចូលរួមកម្មវិធីដ៏ធំ PMA 2023 ឥឡូវនេះទាំងអស់គ្នាណា៎»។ ទោះយ៉ាងណា ក្នុងចំណោមរូបថត ដែលបង្ហោះខាងលើនេះ ពុំមានរូបថតរបស់Peypey Dy ដែលបានអញ្ជើញចូលរួម ដែរនោះទេ។ លើសពីនេះ ការផ្សាយផ្ទាល់ក៏មិនបានចាប់រូបលោកនោះដែរ។
នៅយប់ថ្ងៃទី១៨ ខែមីនា Peypey Dy បានបង្ហោះសារបង្ហាញការអន់ចិត្ត ជាមួយនឹងការលើកជាសំណួរថា «ពេលខ្ញុំដើរ cameraចាប់ទៅណា? ខ្ញុំនៅតែមិនយល់ ហើយខ្ញុំជឿថា អ្នកមើលក៏ចង់មើលការរៀបចំខ្លួនរបស់អ្នក ដែលចូលរួម ចង់មើលការដើរ ជាជាងការនិយាយហូរហែរ ចាប់ប្លង់មិនបានគ្រប់តួរបែបហ្នឹងទេ មួម៉ៅ ការចំណាយពេលវេលា និងការរៀបចំឈុត បែរជាទទួលបានមកវិញនៅការមិនអោយតម្លៃបែបនេះ?»។
បន្ថែមលើនេះ នៅយប់ថ្ងៃដដែល Peypey Dy បានបង្ហោះរូបថតរបស់ខ្លួន ដែលបានអញ្ជើញចូលរួម ហើយពោលពាក្យថា «ឈុតដែលcameraប្រឹងចាប់គ្រប់ជ្រុង តែគ្មានក្នុងការLive អរគុណ»។ តាមរយៈនេះ អ្នកគាំទ្រលោកជាច្រើន បានលាន់មាត់សរសើរថា សង្ហា ខណៈមួយចំនួនទៀត បានត្រឹមបង្ហាញការសោកស្ដាយជំនួសប៉ុណ្ណោះ៕