រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងខ្លះហើយពីខ្សែជីវិតរបស់ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTNអ្នកនាង សេន ចិន្តា ហៅ ស្រីអ៊ីត ដែលក្រោយពីនាងបានសម្រេចលែងលះដាច់ស្រេចជាមួយអតីតស្វាមីជាគ្រូបង្រៀន នឹងអោបក្រសោបយកកូនស្រីបណ្ដូលចិត្តមកចិញ្ចឹមបីបាច់ថែទាំយ៉ាងយកចិត្តដាក់តែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំ នោះ បច្ចុប្បន្ននាងហាក់មិនទាន់បើកទម្លាយចំណងស្នេហ៍ជាមួយបុរសណាម្នាក់ឡើយ។
ក៏ប៉ុន្តែ តារាកំប្លែងមានដើមកំណើតមកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺរូបនេះ ក៏ត្រូវបានអ្នកគាំទ្រដាក់ការសង្ស័យថាមានកំពុងទំនាក់ទំនងស្នេហាស្អិតរមួតជាមួយតារាសម្ដែងប្រុសរាងសង្ហាម្នាក់ ក្រោយឃើញបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមជាញឹកញយនៅទីសាធារណៈ ជាពិសេសការងារសិល្បៈ និងកម្មវិធីនានា ប៉ុន្តែជុំវិញការសង្ស័យនេះ នាងអ៊ីត ក៏បានចិត្តមុខឆ្លើយបញ្ជាក់តាមរយៈការសម្ភាសជាមួយសារព័ត៌មាន តារាញូស៍ កាលពីពេលកន្លងទៅថា គ្រាន់តែជាប្អូនធម៌តែប៉ុណ្ណោះ ដែលចម្លើយហាក់បង្កប់ភាពលាក់បាំងនេះ បានធ្វើឱ្យមហាជននៅតែបន្តសង្ស័យមិនឈប់នោះឡើយ។
យ៉ាងណា បើងាកទៅមើលពីជីវិតកូនស្រីបណ្ដូលចិត្តរបស់ ស្រីអ៊ីត ដែលមានឈ្មោះថា ង៉ា ស្រីណាន ដែលកំពុងទទួលការទំនុកបម្រុងនឹងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្ដាយជាទីស្រឡាញ់នោះ ត្រូវគេមើលឃើញថានាងក៏បេះដូងស្រឡាញ់ខាងវិស័យសិល្បៈដូចម្ដាយផងដែរ ដោយសារតែកាលនាងនៅតូចនាងបានចូលសម្ដែងកំប្លែងជាញឹកញយនៅតាមស្ថានីយទូរទស្សន៍ លុះធំបានបន្តិចពោលគឺអាយុប្រមាណ១៥ឆ្នាំ នាងក៏បានចូលប្រឡងចម្រៀងបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធី Xfactor Cambodia កាលពីកំឡុងឆ្នាំ២០១៩ថែមទៀតផង ដែលកាលនោះនាងតូចរូបនេះ ក៏ទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ ដោយសារតែនាងមានទឹកដមសម្លេងពិរោះក្រអួនក្រអៅបំពេរអារម្មណ៍អ្នកស្ដាប់ផងដែរ។
ដោយឡែក បើគិតមកទល់បច្ចុប្បន្ន ង៉ា ស្រីណាន ដែលជាកូនស្រីបណ្ដូលចិត្តរបស់ នាងអ៊ីត កំពុងពេញវ័យលូតលាស់ពេញរូបពេញរាងស្រស់ស្អាតមិនចាញ់អ្នកម្ដាយឡើយ ពោលគឺរូបសម្រស់ស្អាតប្លែកជាងពីក្មេងសឹងតែ ៣៦០ដឺក្រេ មានសម្បុរសថ្លា ទម្រង់មុខគួរឱ្យស្រឡាញ់ ជាពិសេសមានរូបរាងស្រឡូនស្អាតដូចទាក់ទាញដូចតារាម៉ូដែល តុបតែងខ្លួនស៊ីវិល័យស្រស់ស្អាតខ្លាំង អន្ទងចិត្តកម្លោះៗឱ្យលង់ស្នេហ៍មិនតិចនោះឡើយ។ ហើយបើនិយាយពីការងារសិល្បៈវិញ មិនថាសម្ដែង ឬច្រៀងឡើយ ស្រីស្អាតមានរូបឆោមស្រស់បែបធម្មជាតិ ង៉ា ស្រីណាន តែងតែធ្វើបានយ៉ាងល្អ ហើយរមែងទទួលបានការគាំទ្រ និងកោតសរសើរមិនដាច់ពីមហាជន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងល្បីសុំសាយមិនចាញ់ម្ដាយនោះឡើយ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖