ប្រពៃណាស់! ធឿន ធារ៉ា ដឹង​គុណ​គ្រូ ​អេភូ​ថង, ឧកញ៉ា ព្រាប សុវត្ថិ ឧបត្ថម្ភ​ថវិកា​២​ពាន់​ដុល្លារ ហើយ​ពោល​ពាក្យ​ថា ការព្យាយាម…(មាន​វីដេអូ)

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនោះ​ កីឡាករ ធឿន ធារ៉ា កូនសិស្ស ស្តេចប្រដាល់ អេ ភូថង បានផ្ដួលកីឡាករ សៃយុគ​ ត្រឹមទឹកទី១ ឈានទៅយកខ្សែក្រវាត់ ​Thai Fightនិងពានរបស់ព្រះមហាក្សត្រថៃ ឆ្នាំ២០២២។

ក្រោយផ្តួលជើងខ្លាំង សៃយុគ ល្បីរន្ទឺរួចមក កាលពីទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ ធឿន ធារ៉ា ប៉ះជើងខ្លាំងម្នាក់ទៀត គឺកីឡាករ ធីអាហ្គោ (Thiago) មកពី Brazil (ប្រេស៊ីល)។ នៅក្នុងការប្រកួតនោះ ​ធឿន ធារ៉ា ប្រើ​ពេល​​​៤​ទឹក ​​​ផ្តួល​កីឡាករ​ប្រេស៊ីល​ ធីអាហ្គោ (Thiago) ​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​​ IPCC Kun Khmer។

ក្រោយមកទៀត នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​​២០២៣ ធឿន ធារ៉ា បាន​ផ្តួល​មិត្ត​រួម​ជាតិ ឈឿន ល្វៃ ត្រឹមទឹកទី១ប៉ុណ្ណោះ ដើម្បីគ្រង​ខ្សែ​ក្រវាត់​គ្រុឌ។ ត្រឹម​តែរយៈពេលខ្លីប៉ុណ្ណោះ ធឿន ធារ៉ា បានសាងកេរ្ដិ៍ឈ្មោះយ៉ាងល្បីល្បាញ ដោយទទួលបានខ្សែក្រវាត់រហូតដល់ទៅ៣ឯណោះ ហើយឱកាសការងាររបស់គេក៏មានជាបន្តបន្ទាប់។

អ្វីដែលគួរឲ្យសរសើរនោះ ធឿន ធារ៉ា មិនភ្លេចគុណគ្រូឡើយ រហូតលោកគ្រូអេភូថង ពោលពាក្យថា «អរគុណណាស់ ធារ៉ា ការដឹងគុណ ការតបស្នង គ្រូមិនចង់បានអ្វី ពីកូនសិស្សច្រើនទេ គ្រាន់តែឃើញកូនសិស្ស ខំប្រឹង នឹងជោគជ័យ គ្រូសប្បាយចិត្តខ្លាំងណាស់ទៅហើយ»។

ងាកមក ឧកញ៉ា ព្រាប សុវត្ថិ ពេលកំពុងតែមើលឡាយ ឃើញ ធារ៉ា ឈ្នះ ធីអាហ្គោ កាលពីពេលថ្មីៗកន្លងទៅនេះ លោក បានប្រកាស​ឧបត្ថម្ភ ដល់ ធារ៉ា នូវទឹកប្រាក់រហូតដល់ទៅ២ពាន់ដុល្លារ ហើយនៅថ្ងៃទី២២ ខែកុម្ភៈ តាមការសន្យា លោក​បានជួប ធារ៉ា ​ រួមជាមួយ លោកគ្រូ អេ ភូថង ដោយ​បានជូនថវិកាដល់ ធារ៉ា ចំនួន ២ពាន់ដុល្លារ និង អតីតស្តេចប្រដាល់ អេ ភូថង ចំនួន១ពាន់ដុល្លារ ផងដែរ។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានពោលពាក្យថា «ការព្យាយាមអំណត់តស៊ូ ស្មោះត្រង់ ត្រូវតែទទួលបានជោគជ័យ ពោរពេញដោយស្នាមញញឹម»៕


Related posts