គេនៅចាំបានថា ក្រោយពីរួមរស់ជាមួយគ្នាជាង១០ឆ្នាំ រហូតមានកូន៤នាក់ ប្រកបដោយសុខសុភមង្គលនោះ, អ្នកឧកញ៉ាគិតម៉េង បានសម្រេចចូលរោងការជាមួយ អ្នកនាង ស្រីតូច ចំណាន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ដោយគិតមកដល់ពេលនេះ មានរយៈពេលជិត៨ឆ្នាំហើយ។
ជារឿយៗគេសង្កេតឃើញថា អ្នកឧកញ៉ា គិត ម៉េង តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះប្រពន្ធ កូន ខ្លាំងណាស់ ដោយរាល់ថ្ងៃពិសេសម្ដងៗអ្នកឧកញ៉ា មិនភ្លេចឡើយ នូវការបង្ហោះរូបថត អមសារបង្ហាញពីទឹកចិត្តរបស់ខ្លួនចំពោះគ្រួសារ បន្ថែមលើថ្ងៃធម្មតានោះ។
ជាក់ស្ដែង នៅថ្ងៃខួបកំណើតរបស់ភរិយានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នោះ, អ្នកឧកញ៉ា បានបង្ហោះរូបថត អមដោយសាររៀបរាប់យ៉ាងមានន័យថា «មនុស្សខ្លះអានសៀវភៅ និងរឿងដើម្បីស្វែងរកអត្ថន័យនៃពាក្យ “សេចក្ដីស្រឡាញ់”។ សម្រាប់បង អត្ថន័យនៃស្នេហា គឺការសម្លឹងមើលកែវភ្នែកដ៏ស្រទន់របស់អូន។ រីករាយថ្ងៃខួបកំណើតអូន ចំណាន ភរិយាសម្លាញ់របស់បង!
បងពុំចាំបាច់ឱ្យហ្វេសប៊ុក ឬកម្មវិធី Google ប្រតិទិន រំឭកបងពីថ្ងៃកំណើតរបស់អូនទេ។ ថ្ងៃដ៏ពិសេសនេះ ត្រូវបានសរសេរ និងស្ថិតក្នុងក្រអៅបេះដូងបង ដូចជាក្តីស្នេហ៍ដែលបងមានចំពោះអូននោះដែរ។ បងពិតជាមិនគួរឱ្យជឿជាមួយនឹងថ្ងៃខួបកំណើតកន្លងមក អូននៅតែឆោមយុង រក្សាបានភាពក្មេង ដូចថ្ងៃដែលយើងប្រតិព័ទ្ធគ្នាគ្រាដំបូង។ ស្របពេលដែលអូនធ្វើពិធីខួបកំណើតនេះ បងចង់ឱ្យអូនចងចាំជានិច្ចថាបងពិតជាទទួលបានពរជ័យដ៏ប្រពៃដែលមានអូនជាភរិយា។
អូនគឺជាភរិយា ជាម្តាយដ៏អស្ចារ្យរបស់កូនៗយើង ជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ជាស្ត្រីដែលមានសប្បុរសធម៌ថ្លៃថ្លា និងជាម្ចាស់បេះដូងរបស់បង។ បងស្រទ្បាញ់អូនដូចថ្ងៃនៃការចាប់ផ្តើមក្តីស្នេហ៍ដំបូងរបស់យើង។ អូនមិនដែលបោះបង់ទាល់តែសោះនូវការខិតខំរបស់អូន ដើម្បីកូនៗយើង និងរូបបង។
ក្នុងឱកាសខួបកំណើតរបស់អូន យើងទាំងអស់គ្នាសូមប្រសិទ្ធពរជ័យ មហាប្រសើរជូនចំពោះអូន។ រីករាយថ្ងៃខួបកំណើតដល់នារីពិសេសដែលតែងតែស្នេហ៍បងជាស្វាមី និងស្រទ្បាញ់គ្រួសារយើងដោយគ្មានលក្ខខណ្ឌ។ ប្រយោគជូនពរតែប៉ុន្មានឃ្លារបស់បងចំពោះអូន គឺមិនអស់ពីទំហំចិត្តរបស់បងទេ។
ដូចឆ្នាំមុនដែរ បងសូមបួងសួងឱ្យអូនមានភាពសប្បាយរីករាយ និងគ្មានកង្វល់។ សូមឱ្យថ្ងៃខួបកំណើតរបស់អូន ពោរពេញទៅដោយភាពរីករាយដ៏ភ្ញាក់ផ្អើល។ សូមឱ្យអ្វីៗដែលអូនពេញចិត្តធ្វើ ផ្តល់កម្លាំងចិត្តឱ្យអូនជារៀងរាល់ថ្ងៃ។ ជាមួយនឹងក្តីស្រទ្បាញ់ដ៏លើសលប់របស់បងចំពោះអូន បងសូមជូនពរឲ្យអូនប្រារព្ធពិធីខួបកំណើតរបស់អូន ពោរពេញដោយសោមនស្ស។ រីករាយថ្ងៃខួបកំណើត អូន ចំណាន!
***»៕