ក្រោយពីស្រឡាញ់គ្នាអស់រយៈពេល៦ឆ្នាំនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងឯករាជ្យ ងួន ចាន់ដេវីត ហៅG-DevithឬDITWAY និង តារាចម្រៀង ទេព បូព្រឹក្ស បានមានដំណក់ឈាមរួមគ្នា បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ទេព បូព្រឹក្យ និង ងួន ចាន់ដេវីត បានរៀបចំពិធីជប់លៀង១ ដោយអញ្ជើញអ្នកសិល្បៈមួយចំនួនចូលរួម ហើយក៏បើកបង្ហាញពីភេទ កូនរបស់ខ្លួនឲ្យអ្នកចូលរួមបានដឹងរួចហើយ។
ក្រោយពីប្រកាសឲ្យដឹងពីភេទកូនរបស់ខ្លួន និងរង់ចាំអស់រយៈពេលជាយូរនោះ, ថ្មីៗនេះ តារាចម្រៀង ទេព បូព្រឹក្ស បានសម្រាលកូនប្រុស ប្រកបដោយជោគជ័យ និងសុវត្ថិភាពហើយ ព្រមទាំងដាក់ឈ្មោះឲ្យកូនរបស់ខ្លួនយ៉ាងពីរោះថែមទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកចេញពីបន្ទប់សម្រាល កាលពីព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ, លោក ងួន ចាន់ដេវីត បានរៀបរាប់ថា «ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជម្រាបសួរអ៊ំពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផងអូនឈ្មោះ : ទេព បញ្ចវរាប ហៅក្រៅ ( Albert ) អូនសុខភាពល្អនិងសង្ហាដូចប៉ាៗអូន ហើយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ»។
ងាកមក ទេព បូព្រឹក្ស បានស៊ែរផុសខាងលើចូលទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃដដែលនោះ ហើយពោលពាក្យស្វាគមន៍កូនដំបូងរបស់ខ្លួនថា «ស្វាគមន៍កូន ទេព បញ្ចវរាប របស់ម៉ាក់ៗ »។ តាមរយៈនេះ អ្នកគាំទ្រ និង អ្នកសិល្បៈ បានចូលរួមអបអរសាទរជាច្រើន។ ក្នុងនោះ តារាចម្រៀង នី រតនា បានឆ្លៀតទៅមើលអូន បញ្ចវរាប ដល់ផ្ទះតែម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នី រតនា បានប្រាប់ថា «នាំបេប៊ីធំមែល មកលេងបេប៊ីតូច វរាប ហៅ Albert »។
ដោយឡែក តារាចម្រៀង ងួន ចាន់ដេវីត នៅថ្ងៃដដែលនោះ បានបង្ហោះរូបថត តារាមួយចំនួនមកមើលកូនខ្លួន អមដោយសារ បញ្ជាក់ថា «Today អូនមកផ្ទះហើយ អរគុណអ៊ុំពូមីងមកលេងអូនដល់ពេទ្យ និង ដល់ផ្ទះ ក៏ដូចជាអរគុណដល់អ៊ំៗ ផុសជូនពរអូន រាប និង ម៉ាក់អ៊ុំ ម៉ាក់មីងផ្ញើកាដូរអោយអូន និង អ៊ំៗច្រើនទៀតប៉ាអូនអត់បានរាប់អស់»។
ដោយឃើញបែបនេះ ភរិយាតារាចម្រៀង នី រតនា បានចូលខំមិនភ្លែតថា «អូនមែលទន្ទេញពីផ្ទះទៅថាចង់ជួប baby Albert រហូត»។ ជាការឆ្លើយតប ស្រាប់តែ តារាចម្រៀង ងួន ចាន់ដេវីត ប្រាប់ទាំងអស់សំណើចថា «មកដល់សុំត្រី»៕