លោក ឆាយ វីរៈយុទ្ធ ជា កូនទី៦ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានស្រី២នាក់ និងប្រុស៥នាក់។ បងប្អូនទាំង៧នាក់ របស់លោក មានឈ្មោះដូចជា ទី១ ឆាយ ស្រីពេជ្រ ទី២ ឆាយ សំណាង ទី៣ ឆាយ ពៅ ទី៤ ឆាយ ចាន់ម៉ៅ ទី៥ ឆាយ ចាន់ឆាន ទី៦ រូបលោកផ្ទាល់ ឆាយ វីរៈយុទ្ធ និងទី៧ ឆាយ សុវណ្ណារី។
តារាចម្រៀងល្បីឈ្មោះរូបនេះ បានរៀបអាពាហ៍ពិពាហ៍បញ្ចប់ភាពនៅលីវ ជាមួយកូនថៅកែរោងម៉ាស៊ីនកិនស្រូវដ៏ធំនៅទឹកដីខេត្តកំពង់ចាម អ្នកស្រី សែ ចាន់ឌី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។ បច្ចុប្បន្ន ពួកគេ មានកូនស្រីម្នាក់ជាចំណងដៃនៃសេចក្ដីស្នេហា។
ឆាយ វីរៈយុទ្ធ ត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងប្រុស ដែលមានតុងសំឡេងស្រែកខ្ពស់ ហើយបទចម្រៀងរបស់តារាប្រុសរូបនេះ ភាគច្រើន សុទ្ធសឹងតែជាប្រភេទបទមនោសញ្ចេតនាស្នេហាឈឺចាប់ច្រើនជាងបទបែបសើចសប្បាយរីករាយ។
ទោះយ៉ាងណា ថ្មីៗនេះ ស្រាប់តែកំពូលតារាចម្រៀងមនោសញ្ចេតនារូបនេះ បានបង្វែរអារម្មណ៍អ្នកគាំទ្រ ដោយចេញMVបទចម្រៀងបែបរ៉េបវិញម្ដង ឃើញថា ពីរោះប្លែក មិនធម្មតា សមជាតារាចម្រៀងល្បីឈ្មោះពិតមែន។
MVបទចម្រៀងដ៏ប្លែកអារម្មណ៍ និងមិនធ្លាប់មានពីមុនមក សម្រាប់លោក ឆាយ វីរៈយុទ្ធ នោះ មានចំណងជើងថា «WAVY» ដឹកនាំសម្តែងដោយ: Thean, និពន្ឋទំនុកច្រៀងដោយ : LENG CHENGHUO, និពន្ឋបទភ្លេង ដោយ: KYLE, ថតដោយ: Chai Vizion, កាត់តរូបភាពដោយ: Chai Vizion។
ក្រោយពីបានស្ដាប់បទនេះភ្លាម អ្នកគាំទ្រនាំគ្នាសរសើរព្រាតថា «Wow rap ពីរោះខ្លាំងណាស់ idol បទលើកក្រោយ ចេញរេបទៀតមក, Wow រសជាតិថ្មីប្លែកមែនបងយុទ្ធ, សំឡេងបង Rap ឡូយម៉េះ , មួយបទនេះអែមណាស់បង, My idol ចេញមកម្ដងនេះប្លែកអារម្មណ៍ខ្លាំង, ធ្លាប់តែស្ដាប់បទសេដឥលូវរេបម្ដង»៕