គេសង្កេតឃើញថា ក្រោយពីទទួលបានចំណងដៃកូនប្រុសគួរឲ្យក្នាញ់ម្នាក់ ចំណងស្នេហ៍ របស់ តារាសម្ដែង អ្នកនាង សូដា នីតា និងតារាប្រុសវ័យក្មេង លោក យុទ្ធ ឋានះ កាន់តែស្អិតល្មួត រស់នៅមានសុភមង្គល ថែមមួយកម្រិតទៀត។
ទន្ទឹមនឹងសុភមង្គលក្នុងគ្រួសារនេះដែរ មួយរយៈចុងក្រោយនេះ តារាសម្ដែង សូដា នីតា ក៏កំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនចាប់អារម្មណ៍ចំពោះជីវភាពរស់នៅ ការប្រើប្រាស់សម្ភារៈ គ្រឿងអលង្ការរបស់នាងផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សូដា នីតា បានបង្ហោះរូបថត បង្ហាញចិញ្ចៀនពេជ្រមួយវង់ ទើបទិញក្ដៅៗ ជាមួយនឹងការបង្ហោះសារដូច្នេះថា «អតគុណហាងពេជ្រ ព្រីនស៍ ដាយមិន Prince Diamond ដែលបញ្ចុះតម្លៃពិសេស មិនថាគ្រាប់តូចគ្រាប់ធំ . Seng Sokuntheaពេជ្រល្អ នឹង តម្លៃសមរម្យ»។
តាមរយៈរូបថតនោះ ឃើញថា ចិញ្ចៀនពេជ្រ១វង់ មានតម្លៃរហូតដល់ទៅជាង២០ម៉ឺនដុល្លារ ហើយបញ្ចុះតម្លៃនៅសល់ជិត២០ម៉ឺនដុល្លារ។ គ្រាន់តែឃើញភ្លាម អ្នកគាំទ្រមួយចំនួន ចាប់អារម្មណ៍ ក៏លាន់មាត់ថា «ញាក់សាច់ចែអើយ, ស្អាតណាស់បងស្រី, គ្រាប់ធំណាស់បង 10លី, លេងធ្ងន់ដៃម្ល៉េះ, កប់,
ជះលុយម្តងជិត៣០ម៉ឺនដុល្លារ!, គ្មានវាសនាទេចែអើយ, ព្រះអើយ២០ម៉ឺន$, ស្អាតខ្លាំងណាស់បងអើយ, កប់»។ ឆ្លើយទៅនឹងការលើកឡើងថា «ជះលុយម្តងជិត៣០ម៉ឺនដុល្លារ!»នោះ អ្នកនាង សូដា នីតា បញ្ជាក់ថា «មានណា លុយប្តីលក់ដីទិញអោយ លុយបងទុក១ដុំសិន»។
ក្រោយពីបង្ហាញគ្រឿងពេជ្រខាងលើនោះរួចមក នៅថ្ងៃដដែល សូដា នីតា ក៏បានបង្ហោះសារថា «យើងប្រឹងយើងបាន យើងខំយើងមាន យើងរកយើងសល់ តែបើអ្នកប្រឹងដែរ តែប្រឹងច្រណែន គឺអ្នកនឹងសល់ការក្តៅក្រហាយតែខ្លួនឯង»៕