ប្រិយមិត្ត មួយចំនួន បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ចៅម៉ែ ដែលជាគ្រូហុងស៊ុយ បានធ្វើការឡាយវីដេអូ យំយែក ដោយសារក្ដីរំភើប ដែល ព្រះតេជព្រះគុណ សេង ប៊ុនធឿន មើលឃើញតម្លៃរបស់ខ្លួន ខណៈបុគ្គលមួយចំនួនមើលរំលងនោះ។
ព្រះតេជព្រះគុណ សេង ប៊ុនធឿន បានបង្ហោះរូបថតចៅម៉ែជាច្រើនសន្លឹក ហើយមានសង្ឃដីកា សរសើរថា «ចៅម៉ែមកវិញហើយចៅម៉ែសុំក្រាបសំពះលោកបង សេង ប៊ុនធឿន ពីចម្ងាយ ដោយបេះដូងក្នុងនាមជាកូនខ្មែរ ដែលរស់ក្រោមម្លប់ព្រះធម៌ជាទីពឹង សាធុសាធុសាធុចៅម៉ែម្ចាស់វិមានរចនា»។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ព្រះតេជព្រះគុណ សេង ប៊ុនធឿន បានបង្ហោះរូបថតចៅម៉ែ ជាច្រើនសន្លឹក អមដោយសារលើកសរសើរថា «មិនដែលមើល Live គ្រូហុងស៊ុយទេពីមុនមក ប៉ុន្តែអូសកាត់ដោយចៃដន្យក្រោយឆាន់ចង្ហាន់ត្រង់រួចគេហៅគាត់ថា « ចៅម៉ែ»។
ក្រោយពីព្រះតេជព្រះគុណ សេង ប៊ុនធឿន មានសង្ឃដីកា បែបនេះ មានពុទ្ធបរិស័ទមួយចំនួនមិនយល់ស្របនោះឡើយ ហើយបានលើកឡើងពន្យល់បែបនេះថា «នៅក្នុងតម្រាពុទ្ធឱវាទ ព្រះអង្គមិនបានបង្រៀនពីក្បួនហុង ស៊ុយទេ។
ក្បួនហុង ស៊ុយ នេះជាក្បួនតម្រារបស់ជនជាតិចិន ” ហុង មកពីភាសាចិនហ្វុងប្រែថាខ្យល់ ស៊ុយ ជាសូរសព្ទភាសាចិនកាតាំង ប្រែថាទឹក ការពិតគេសរសេរជាភាសាចិនកុកងឺ មានសូរសព្ទជា ” ហ្វុង ស៊ួយ ” ប្រែជារួមថាក្បួនតម្រាមើលទិស “ខ្យល់និងទឹក” ដែលធាតុទាំងពីរនេះមានសារសំខាន់បំផុតក្នុងការទ្រទ្រង់ជីវិតរស់នៅមានសុខភាពល្អ និងមានសុភមង្គល “។
នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធបរមគ្រូនៃយើងព្រះអង្គបានទូន្មានឲ្យមនុស្សជឿលើខ្លួនឯងជឿលើអំពើរបស់ខ្លួនឯង។ ក្នុងពិចារណាអំពីជីវិតរបស់មនុស្ស សត្វព្រះពុទ្ធបានឈ្វេងយល់ថា មានធាតុបួនដែលជាធាតុសំខាន់បង្កើតជីវិត គឺទឹក ភ្លើង ខ្យល់ និងដី ហើយបើគ្មានធាតុណាមួយក្នុងចំណោមធាតុទាំងបួននេះក៏មិនអាចបង្កើតជីវិតបានដែរ
ព្រះមិនបានបង្រៀនពីក្បួនហុងស៊ុយទេ ឬក្បួនទស្សន៍ទាយទេ បើព្រះសង្ឃ ដែលគ្រងស្បង់ជីវរ ប្រើប្រាស់មធ្យោបាយ ដើម្បីឱ្យគេជឿ ដោយការ ទស្សន៍ទាយ ឬក៏ ចេះមើលហុងស៊ុយ នោះគឺជាអ្នកបួស ដែលមិនមានភាពបរិសុទ្ធនៅក្នុងពុទ្ធសាសនាទេ ហើយក៏ធ្វើឲ្យ ព្រះពុទ្ធសាសនាអាប់ឱនដែរ បុគ្គល បែបនេះ ព្រះអង្គថា គឺជាមារបំផ្លាញ សាសនារបស់ព្រះអង្គ»៕