ក្រោយពីមានការវែកញែកជាច្រើន នៅពេលផេកមួយ បានបង្ហោះរូបថត១សន្លឹក របស់អ្នកស្រី ទ្រី ដាណា និងBA ដោយដាក់Captionថា «Idols BA រាប់ម៉ឺន$ ផឹកតែជ្រក់ 2500៛ ឯងវិញប្រាក់ខែ150$ ផឹកសុទ្ធតែកាហ្វេប្រេន»នោះ ពេលនេះ អ្នកស្រី បានចេញមុខឆ្លើយតបហើយ។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹកនោះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា បានលើកឡើងថា «បុគ្គលមួយចំនួន បានសើចចំអក ក៏ដូចជានិយាយលេងបន្លំមែនមកកាន់រូបភាពមួយនេះ តាមរយៈតែជ្រក់តម្លៃ 2,500 រៀល ក្នុងមួយកែវមិនមែនជាប្រភេទតែជ្រក់ប្រេនមែន តែខ្ញុំសូមជម្រាបប្រាប់ថា ប្រេនមិនប្រេនមិនសំខាន់ទេ
នេះគឺជាចរិតពិតរបស់នាងខ្ញុំ ខ្ញុំរស់នៅលើការពិតខ្ញុំមិនមែនរស់នៅលើការសម្ដែង អ្វីដែលជាការពិតរបស់នាងខ្ញុំ គឺការរស់នៅបែបសន្សំសំចៃរកស៊ីបែបច្បាស់លាស់ ធ្វើអ្វី ដែលត្រូវ មិនបានប៉ះពាល់ទៅលើអ្នកណា គឺជាក្តីសុខរបស់នាងខ្ញុំទៅហើយសម្រាប់តែជ្រក់តម្លៃ 2,500រៀល ដែល មិនមែនប្រភេទតែប្រេនដូចគេនេះ មិនមែននាងខ្ញុំមិនមានលុយទិញ ឬមួយក៏មិនមានសមត្ថភាពទិញនោះទេ? ប៉ុន្តែនេះគឺជាការចូលចិត្តរស់និយមញ៉ាំរបស់នាងខ្ញុំ។
នាងខ្ញុំកើតចេញពីត្រកូលអ្នកក្រ នាងខ្ញុំមិនដែលភ្លេចកំណើតឬមួយក៏នាងខ្ញុំមិនដែលភ្លេចតែជ្រក់តម្លៃ 2,500 រៀលក្នុងមួយកែវឡើយ។ ដូច្នេះមិនថា នៅក្នុងកម្មវិធីតូចធំ ឬមួយក៏បង្ហាញពេជ្ររាប់លានដុល្លារ ឬមួយក៏ខ្ញុំឈរនៅលើចំណុចណាក៏ដោយ ខ្ញុំតែងតែរំលឹកអនុស្សាវរីយ៍របស់ខ្ញុំជានិច្ច ហើយក៏ចង់ប្រាប់ថា អ្នកញ៉ាំតែជ្រក់ 2500រៀល ក៏មិនប្រាកដថា អត់លុយដែរ។ ហើយអ្នកដែលញ៉ាំរបស់ប្រេនៗក៏មិនប្រាកដថា មានលុយដែរ? សារនេះខ្ញុំគិតថា វាគ្រប់គ្រាន់សម្រាប់ការឆ្លើយតបទៅកាន់អ្នកប្រេនៗហើយ ពីនាងខ្ញុំ ទ្រី ដាណា ចង់មានត្រូវសន្សំសំចៃ»៕