ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសម្នាក់ផងដែរ។
បើទោះ មានស្វាមី មានកូន ក៏ដោយ បើក្រឡេកមកមើលរូបសម្រស់របស់អ្នកនាង ឱក សុគន្ធកញ្ញា ឃើញថា ដូចក្រមុំអញ្ចឹង ហើយការស្លៀកពាក់ទៀតសោត រឹតតែក្លាយជាទីចាប់អារម្មណ៍សម្រាប់មហាជន ពីព្រោះឈុតរ៉ូបរបស់អ្នកនាងនីមួយៗសុទ្ធតែថ្លៃៗ និងស្លៀកពាក់ផ្លាស់ប្ដូរសឹងគ្រប់ម៉ូដតែម្ដង។
អ្វីជាការចាប់អារម្មណ៍ទៀតនោះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ កំពូលតារាចម្រៀងរូបនេះ បានក្លាយជាទូតសុឆន្ទៈរបស់ ហាងពេជ្រ ដាណា ទ្រី ជាមួយការគ្រងឈុតរ៉ូបដ៏ចាំងផ្លេក រំលេចដោយគ្រឿងអលង្ការមានតម្លៃរាប់សែនដុល្លារ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក, អ្នកស្រី ទ្រី ដាណា បានប្រកាស និងប្រាប់ពីតម្លៃគ្រឿងពេជ្រ ដែលនៅលើខ្លួន អ្នកនាង ឱក សុគន្ធកញ្ញា ថា «ស្វាគមន៍ បង ឱក សុគន្ធកញ្ញា ជាទូតសុឆន្ទៈ ហាងពេជ្រ ដាណា ទ្រី ចាប់ពីថ្ងៃនេះទៅ ឈុតពេជ្រធម្មជាតិ នៅលើខ្លួនគាត់ ច្នៃម៉ូដយ៉ាងពិសេស ពីហាងនាងខ្ញុំ ខ្សែក តម្លៃ 972,966.5$ខ្សែដៃ តម្លៃ 198,155.5$ ក្រវិលតម្លៃ 26,452$ ចិញ្ចៀនតម្លៃ 361,212$»។
ក្រោយពីក្លាយជាBAខាងលើរួចមក នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់ខ្លួនគ្រងឈុតគ្រឿងពេជ្រតម្លៃសរុបជិត៤លានដុល្លារ ហើយបង្ហាញពីអារម្មណ៍ដូច្នេះថា «នាងខ្ញុំ ឱក សុគន្ធកញ្ញា ទូតសុឆន្ទៈថ្មី របស់ហាងពេជ្រ ដាណា ទ្រី អរគុណយ៉ាងជ្រាលជ្រៅដល់ បងស្រី ទ្រី ដាណា ដែលបានផ្តល់កិត្តិយស និងទំនុកចិត្តដល់រូបនាងខ្ញុំផ្ទាល់ ក្នុងតួនាទីជា BA មួយរូប ជាការស្វាគមន៍ និងបើកបង្ហាញ ដ៏កក់ក្តៅបំផុតកាលពីយប់មិញកន្លងមកនេះ រីករាយដែលបានរួមការងារជាមួយក្រុមការងារ ដាណា ទ្រី»៕