ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ៦និង១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីដំណឹងពីមរណភាពរបស់ក្រុមគ្រួសារសព។
យោងតាមសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមរយៈរូបថតប៉ុន្មានសន្លឹករបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហូរទឹកភ្នែកនៅចំពោះមុខសពប្អូនស្រី បានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង។ ក្នុងនោះ អ្នកស្រី ទ្រី ដាណា បានបង្ហាញអារម្មណ៍ដូច្នេះថា «នាងខ្ញុំ ពិតជាមានក្ដីសង្វេគយ៉ាងខ្លាំង ចំពោះជំទាវម៉ែជាទីគោរព ដែលមានទុក្ខយ៉ាងក្រៀមក្រំបំផុត
នាងខ្ញុំ និងក្រុមគ្រួសារ សូមគោរពចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះនេះ! សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ជាប្អូនស្រីបង្កើតរបស់ជំទាវម៉ែ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ដោយឡែក អ្នកនាង សុគន្ធ និសា បានលើកឡើងថា «រូបភាពដ៏គួរអោយស្រណោះ មហាទុក្ខដ៏ក្រៀមក្រំរបស់លោកម៉ែជាទីគោរពកូនៗ និង ក្រុមគ្រួសារ សូមមេត្តា គោរពអនុញ្ញាត្តិ ចូលរួមរំលែកទុក្ខ ដ៏មហាក្រៀមក្រំនេះផង ហើយកូនៗសូមលើកដៃបួងសួងទេវតា សូមបាននាំដួងវិញ្ញាណក្ខន្ធ័ប្អូនស្រីជាទីស្រលាញ់ របស់អ្នកម៉ែបានទៅកាន់ទីបារមសុខ ទីដែលសែនស្ងប់ជារៀងរហូត»។
ងាកមក អ្នកនាង ដេត ម៉ាលីណា នៅយប់ថ្ងៃទី៦ ខែកុម្ភៈ បានបង្ហោះរូបថតចូលរួមបុណ្យសពលោកជំទាវ ប៊ុន សុថា ហើយរៀបរាប់ថា «នាងខ្ញុំ សូមគោរពចូលរួមរំលែកទុក្ខ លោកអ៊ំជំទាវមហាសទ្ធាភិរក្ខ័ធម្មសិរីរតន៍ អគ្គមហាឧបាសិការពុទ្ធសាសននូបត្ថម្តក៏ ប៊ុន សុថា»៕