ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ៦និង១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីដំណឹងពីមរណភាពរបស់ក្រុមគ្រួសារសព។
យោងតាមសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រោយពីទទួលដំណឹងនេះ, នៅព្រលប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់ប្អូនថ្លៃ ដែលទទួលមរណភាព ហើយមានប្រសាសន៍ថា «ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី»។
ងាកមកតារាចម្រៀង សុគន្ធ និសា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ពេលឃើញទិដ្ឋភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បង្ហាញទុក្ខសោក ហូរទឹកភ្នែក នៅចំពោះមុខសពប្អូននោះ, នាង បានបង្ហោះសារអមដោយEmojiទឹកភ្នែកថា «រូបភាពដ៏គួរអោយស្រណោះ មហាទុក្ខដ៏ក្រៀមក្រំរបស់លោកម៉ែជាទីគោរពកូនៗ និង ក្រុមគ្រួសារ សូមមេត្តា គោរពអនុញ្ញាត្តិ ចូលរួមរំលែកទុក្ខ ដ៏មហាក្រៀមក្រំនេះផង ហើយកូនៗសូមលើកដៃបួងសួងទេវតា សូមបាននាំដួងវិញ្ញាណក្ខន្ធ័ប្អូនស្រីជាទីស្រលាញ់ របស់អ្នកម៉ែបានទៅកាន់ទីបារមសុខ ទីដែលសែនស្ងប់ជារៀងរហូត»៕