ក្រោយ​ទទួល​ដំណឹង ​ព្រំ សំណាង​ ឈ្នះ​គូ​ប្រកួត​លើ​សង្វៀន​Thai Fight​ភ្លាម, អ្នកស្រី ទ្រី ដាណា ប្រកាស​ឧបត្ថម្ភ​ថវិកា​បន្ថែម​រហូត​ដល់…(មានវីដេអូ)

នៅមុនទៅប្រកួតលើសង្វៀន Thai Fight នោះ, កីឡាករ ព្រំ សំណាង បានបង្ហាញភាពជឿជាក់​ និងប្តេជ្ញាថា នឹងធ្វើឱ្យបានល្អសម្រាប់ការប្រកួតដំបូងរបស់ខ្លួន​ ពេលត្រូវជួបកីឡាករជនជាតិអង់គ្លេស Thomas Capenter នោះ។

ក្រោយមក គេ​សង្កេត​ឃើញ​ថា មាន​ស្នេហា​វិស័យ​កីឡា​ បាន​ឧបត្ថម្ភ​ដល់​កីឡាករគុនខ្មែរជម្រើសជាតិកម្ពុជារូបនេះ ជា​បន្តបន្ទាប់ សម្រាប់​សោហ៊ុយ​ធ្វើដំណើរ​ទៅ​ប្រកួត​។ ក្នុង​នោះ អ្នកស្រី ទ្រី ដាណា បានប្រកាសថា «នាងខ្ញុំជួយលើកទឹកចិត្ត កីឡាករ ព្រំ សំណាង 1000$ ដើម្បីជាមធ្យោបាយទៅប្រកួតនៅ Thai Fight លើកដំបូង ថ្ងៃទី៥ ខាងមុខនេះ។ លឺថាគាត់ជាជាងកាត់សក់ តែវាយខ្លាំង នាងខ្ញុំលើកទឹកចិត្តតស៊ូបន្តទៀត ដើម្បីគុនខ្មែរ ​ អរគុណសម្រាប់ការខិតខំកន្លងមក»។

បន្ថែមលើនេះ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលទទួលដំណឹងថា ជាងកាត់សក់ដៃឯករូបនេះ បានយកឈ្នះកីឡាករជនជាតិអង់គ្លេស Thomas Capenter ត្រឹមទឹកទី១នោះ អ្នកស្រី ទ្រី ដាណា បានប្រកាសឧបត្ថម្ភបន្ថែមទៀតនូវទឹកប្រាក់រហូតដល់១ពាន់ដុល្លារ។

បង្ហោះភ្ជាប់ជាមួយរូបថត ព្រំ សំណាង ពេលប្រកួត និងទទួលបានជយជម្នះ, ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បានប្រកាសដូច្នេះថា «សូមអបអរសាទរ ព្រំ សំណាង ផ្ដួលកីឡាករអង់គ្លេស ទឹកទី១ នៅ Thai Fight។ នាងខ្ញុំជូន 1000$ បន្ថែមទៀត លើកទឹកចិត្ត សរុប 2000$! ពិតជាអស្ចារ្យមែន ដើម្បីគុនខ្មែរ»៕


Related posts