ចាក់ដោត! ​ព្រំ សំណាង ផ្ដួល​បរទេស​,ឧកញ៉ា​ស្រី ចាន់ថន ​ឧបត្ថម្ភ​១០​លាន​រៀល​ ខណៈ​ពូចក់​ ទទូច​​​ថា លោក​ឧកញ៉ា អ្នក​ឧកញ៉ា…

ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ កីឡាករ ប៊ូខាវ បានចូលរួមនៅក្នុងពិធីសម្ពោធរឿងMarvel Studios’ Ant-Man and The Wasp: Quantumania ហើយបានផ្ដល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត ដោយបង្ហាញអារម្មណ៍របស់ខ្លួន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងដាក់​វិញ្ញាសារ គុនខ្មែរ ក្នុងការប្រកួតនោះ។

នៅពេលនោះ អ្នកកាសែតថៃ បានសួរថា តើប៊ូខាវ មានការយល់ឃើញដូចម្ដេច ក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយប្ដូរឈ្មោះ​វិញ្ញាសា​ប្រកួត Moay Thai​ទៅជាគុនខ្មែរ? ភ្លាមនោះ ប៊ូខាវ ឆ្លើយថា ​«រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។

ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ កាលពីថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ​ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​
ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡារមួយឡានមួយ និងថវិកា​បន្ថែមប្រចាំរយៈពេល១០ឆ្នាំ​ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង​ I love Cambodia»។

ដោយឡែក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលកីឡាករ ព្រំ សំណាង ទៅប្រកួតនៅសង្វៀនThai Fight ឈ្នះកីឡាករ បរទេសនោះ, លោកជឿន ប៊ុនចក់ ហៅអេដមីន ជីងចក់ បានបង្ហោះសារយ៉ាង​ចាក់​ដោត​ទទូច​ឧកញ៉ា​ៗ​មួយ​ចំនួន​ថា «ព្រំ សំណាង ពិតជា​ធ្វើ​អោយ​គុនខ្មែរ​កាន់តែ​ល្បី និង​គេ​ស្គាល់​រឹតតែ​ខ្លាំង​ឡើង បន្ទាប់​ពី​ផ្ដួល​ដៃគូ​អោយ​សន្លប់​ក្នុង​ទឹក​ទី១​ ឧបត្ថម្ភ​មក លោក​ឧកញ៉ា អ្នក​ឧកញ៉ា កុំ​ចាំ​ទាល់តែ​ឈ្នះ ប៊ួខាវ​បាន​អោយ​គ្នា ដូច​វា​មិន​សម!»។

បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «ចាំឈ្នះ បានអោយគ្នា! អាណាក៏ចេះនិយាយដែរ! កីឡាករណាក៏ដោយអោយតែគុនខ្មែរ ឈ្នះឧបត្ថម្ភគ្រប់គ្នា។ មិនបាច់តាឈ្នះ ប៊ួខាវទេ មិនចឹងកនយើង គុនខ្មែរយើង»។

ទោះយ៉ាងណា ឧកញ៉ាស្រី ចាន់ថន បាន​ប្រកាស​ឧបត្ថម្ភ​១០​លាន​រៀល​ដល់​ព្រំ សំណាង ​រួច​ហើយ ក្រោយ​ឈ្នះ​បរទេស​នោះ ពោល​គឺ​មុន ពូចក់ បង្ហោះសារទៅទៀត។ បង្ហោះភ្ជាប់ជាមួយវីដេអូ ព្រំ សំណាង វាយជាមួយបរទេស ឧកញ៉ាស្រី ចាន់ថន បានប្រកាសដូច្នេះថា «#ឧបត្ថម្ភថវិការសរុប( 10លានរៀល) សំរាប់​លើកទឹកចិត្តដល់ព្រំ សំណាង ដែលបានយកជ័យជម្នះជូនជាតិមាតុភូមិ​ #អបអរសាទរ​កីឡាករគុនខ្មែរ ព្រំ​ សំណាង​ ដែលបានផ្ដួលដៃគូរឲសន្លប់ទឹកទី១​ នៅថៃហ្វៃ។ សាងកេរ្តិ៍ឈ្មោះ​ និងលើកស្ទួយកិត្តិយសខ្មែរ។ ​
អ្វីដែលសម្រេចបាន​ ត្រូវតែ​​​លើកតម្កើង​ ហើយអ្វីដែលមិនទាន់សម្រេចយើងនឹងបន្តប្រឹងប្រែង​ និងគាំទ្រ #សូមទំនាក់ទំនងលេខក្រុមការងារបង 081 43 43 55/ 077 779 799»៕​



Related posts